ព្រះអគ្គិជ័យកីឡា បន្តមកដល់ខេត្តត្បូងឃ្មុំ ទទួលបានការស្វាគមន៍ពីលោក ជាម ច័ន្ទសោភ័ណ
ព្រះអគ្គិជ័យកីឡា បន្តមកដល់ខេត្តត្បូងឃ្មុំ ទទួលបានការស្វាគមន៍ពីលោក ជាម ច័ន្ទសោភ័ណ
(ភ្នំពេញ)៖ ព្រះអគ្គិជ័យកីឡា (ភ្លើងគប់) នៃព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានបន្តដំណើរមកដល់ខេត្តត្បូងឃ្មុំហើយ បន្ទាប់ពីទទួលបានជោគជ័យលើការដង្ហែតាមបណ្តាខេត្ត គិតចាប់តាំងពីព្រះអគ្គិជ័យកីឡាចាកចេញពីខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ខណៈបានបន្តដង្ហែតាមក្បួនដែលអមជាមួយរថយន្ដ និងម៉ូតូធំជាច្រើនគ្រឿងឆ្ពោះមកកាន់រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមេសានេះ។
ពិធីដង្ហែនេះដឹកនាំដោយ ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ទទួលបានការស្វាគមន៍ពីលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ហើយនឹងមានការរៀបចំអាហារសាមគ្គី ទទួលគណៈប្រត្តិភូ ក្រុមការងារ មុនបន្តដំណើរទៅខេត្តកំពង់ចាម ខេត្តកណ្តាល និងរាជធានីភ្នំពេញ។
សូមជម្រាបថា ព្រះអគ្គីជ័យកីឡា ត្រូវបានដង្ហែចូលដល់ប្រទេសកម្ពុជាវិញនាថ្ងៃទី២៧ ខែមេសា ដែលជាទីតាំងប្រកួតកីឡា SEA Games និង ASEAN Para Games ក្រោយពិធីដង្ហែទៅបណ្តាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលជាង ១ខែមកនេះ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា។
យោងតាមតារាងកម្មវិធី ដែលបណ្តាញ ទទួលបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៦៖៤៥នាទីល្ងាចនេះ នឹងមានពិធីទទួលព្រះអគ្គិជ័យកីទ្បា នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដង្ហែទៅវត្តលង្កាព្រះកុសុមារាម។ បន្ថែមលើនេះនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៦៖០០នាទីព្រឹក នឹងមានពិធីរត់ដង្ហែព្រះអគ្គិជ័យកីទ្បា នៅមុខស្ថានទូតសិង្ហបុរី ដង្ហែទៅមុខអង្គភាពប្រឆាំងអំពើពុករលួយ។
សូមរំលឹកផងថា ព្រះអគ្គិជ័យកីឡា បានចាប់ផ្ដើមធ្វើពិធីដង្ហែទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងទីម័រខាងកើត មានរយៈពេលជាង ១ខែ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ សហការជាមួយស្ថានទូត និងស្ថានតំណាងនៃកម្ពុជា ប្រចាំប្រទេសនានា។
ក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជាបានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយជោគជ័យ និងទទួលបានការគាំទ្រ យ៉ាងផុសផុលជាបន្ដបន្ទាប់ក្នុងការដង្ហែទៅកាន់ប្រទេសវៀតណាម, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ទីម័រខាងកើត, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា និងឡាវ ជាប្រទេសចុងក្រោយ៕