បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្ត ក្រោយចាប់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ
បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្ត ក្រោយចាប់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ
(បន្ទាយមានជ័យ)៖ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ករណីលួចម៉ូតូដែលប្រព្រឹត្តកាលពីវេលាម៉ោង០២៖៥០នាទី យប់រំលងអធ្រាត្រ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលអាគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទី១៖ឈ្មោះ រិទ្ធ សីហា (ស្នា) អាយុ២២ឆ្នាំ និងទី២៖ឈ្មោះ យិន ថាណយ (ពៅ) អាយុ១៨ឆ្នាំ។
វត្ថុតាងចាប់បានរួមមាន៖ ម៉ូតូម៉ាក ZOOMER X ពីរគ្រឿង មួយគ្រឿងពណ៌ក្រហម លាយខ្មៅ គ្មានផ្លាកលេខ និងមួយគ្រឿងទៀត ពណ៌ត្រួយចេក ផលិតឆ្នាំ២០១៧ គ្មានស្លាកលេខ ចំនួន១គ្រឿង (ប្រគល់ឱ្យម្ចាស់ដើមវិញ), ម៉ូតូម៉ាក YAMAHA FILANO ពណ៌ទឹកសមុទ្រ ចំនួន១គ្រឿង (រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្វែងរកម្ចាស់) និងកូនសោរម៉ូតូចំនួន២គ្រាប់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា តាមការបញ្ជាក់ពីជនរងគ្រោះ ទី១៖ឈ្មោះ ថន ចាន់ធឿន អាយុ២៧ឆ្នាំ មានទីលំនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានរៀបរាប់ថា នៅវេលាម៉ោងប្រហែល២៣៖០០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ គាត់បានចតម៉ូតូម៉ាក ZOOMER X ពណ៌ត្រួយចេក ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខបាត់ដំបង1X-8805 ទុកនៅមុខបន្ទប់ជួល ហើយបានឡើងទៅដេកនៅជាន់លើ រហូតដល់ម៉ោងប្រហែល១១ថ្ងៃត្រង់ ចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ គាត់បានចុះមករកម៉ូតូស្រាប់តែបាត់។
ចំណែកជនរងគ្រោះទី២៖ឈ្មោះ YALOM PROMOON ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិថៃ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល០៨យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ខ្លួនបានចតម៉ូតូម៉ាក ZOOMER X ពណ៌ក្រហម គ្មានផ្លាកលេខ ទុកនៅមុខបន្ទប់ស្នាក់នៅជាប្រចាំ លុះដល់ព្រឹកឡើង ស្រាប់តែបាត់ម៉ូតូខាងលើពីមុខបន្ទប់តែម្ដង។
ក្រោយពីទទួលបានពាក្យបណ្ដឹងរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១៧៖៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ទេីបកំណត់មុខសញ្ញាបាន ហើយឈានដល់ធ្វេីការឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ខាងលើ ព្រមទាំងដកហូតវត្ថុតាង រួចនាំយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចំណាត់ការតាមនីតិវិធី។
ជនសង្ស័យទាំង២នាក់ បានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូពីជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកតាមចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែក កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានបញ្ជាក់ថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕