លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មា ធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា…….
លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មា ធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា…….
ភ្នំពេញៈ ការបញ្ជាក់នេះ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី និងសម្ពោធដាក់ ឱ្យប្រើប្រាស់អគារការិយាល័យ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ (ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មា ធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា ជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិ ទាំងមូល, ការអភិវឌ្ឍធនធានមនុស្ស អាចនាំឱ្យមានការរីកចម្រើនរុងរឿង, ការធានា ភាពប្រកួតប្រជែង, កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ហើយជាពិសេស គឺការធានាបាននូវ ភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យ គឺដូចអ្វីដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចបាន ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកទល់ពេលនេះ ហើយក៏នឹងបន្តទៅមុខ គ្រប់ជំនាន់។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអបអរសាទរ ចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សា ប្រកបដោយភាពជោគជ័យហើយក៏ជាការចាប់ផ្តើម នៃដំណើរឆ្ពោះទៅរកការកសាង អនាគតដ៏ត្រចះត្រចង់សម្រាប់ខ្លួនឯង, ក្រុមគ្រួសារ, សហគមន៍ និងសង្គមជាតិទាំងមូល។ ចំណេះដឹង និងចំណេះធ្វើ ដែលទទួលបាន នេះ នឹងជួយនិស្សិតយើង ប្រែក្លាយទៅជាមូលធនមនុស្ស របស់ប្រទេសជាតិយើង ជាពិសេសនៅក្នុងបរិការណ៍ ដែលប្រទេសជាតិយើង កំពុងត្រូវការធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព គុណធម៌ និងសីលធម៌ខ្ពស់។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបញ្ចប់ការសិក្សា ដោយជោគជ័យ តាមរយៈការទទួលបានសញ្ញាបត្រដូចពេលនេះ អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់បុគ្គលម្នាក់ៗ ជាអាទិ៍៖ (១) ការពង្រឹងអំណាចម្ចាស់ការលើខ្លួនឯង ពីព្រោះចំណេះដឹងជាកម្លាំងចលករ ដែលអាចប្រែក្លាយគំនិតឱ្យទៅជាការពិត ព្រមទាំងផ្តល់លទ្ធភាព ក្នុងការជួយឱ្យសម្រេច នូវសុបិនរបស់ខ្លួន ជាពិសេស ចំណេះដឹងអាចបង្កើតជាមូលដ្ឋាន នៃឯករាជ្យភាព និងសេរីភាព លើការសម្រេចចិត្ត និងជាប្រភពនៃភាពក្លាហាន និងជំនឿទុកចិត្តលើខ្លួនឯង, (២) ជាមូលដ្ឋានសម្រាប់ ឈានទៅការបន្តអភិវឌ្ឍសមត្ថភាព ឱ្យមានកម្រិតកើនឡើងថែមទៀត ដោយហេតុថា ការណ៍ដែលមានចំណេះដឹងកាន់តែច្រើន និងគុណវុឌ្ឍកាន់តែខ្ពស់ អាចជួយបង្កើនឱ្យកាន់តែមានភាពបត់បែន ក្នុងការចាប់យកជំនាញថ្មី (Reskilling) និងធ្វើទំនើបកម្ម លើជំនាញដែលមានស្រាប់ (Upskilling) ដើម្បីឆ្លើយតបទៅនឹងឱកាសថ្មីៗ។
ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បាន អំណរគុណចំពោះការខិតខំ ប្រឹងប្រែងរបស់ គណៈគ្រប់គ្រងសាកលវិទ្យាល័យ, បុគ្គលិក និងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ UME សាខាខេត្តបន្ទាយមានជ័យដែលបានពុះពារច្នៃប្រឌិត ក្នុងការបង្ហាត់បង្រៀននិស្សិត តាមបែបចម្រុះ ទាំងការបង្រៀនដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីធ្វើយ៉ាងណាឱ្យនិស្សិត អាចសិក្សារៀនសូត្រ ដោយគ្មានការអាក់ខាន ក្នុងរយៈកាលរីករាលដាល នៃជំងឺកូវីដ-១៩ រហូតបាន បញ្ចប់ការសិក្សាដោយជោគជ័យ។ ជាមួយគ្នានេះ សូមអរគុណចំពោះថ្នាក់ដឹកនាំ សាកលវិទ្យាល័យ UME សាខាខេត្តបន្ទាយមានជ័យ ដែលកន្លងមក បានផ្ដល់ អាហារូបករណ៍ ជូនដល់សម្ដេចតេជោ នាយរដ្ឋមន្រ្តី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ចាប់តាំងពីឆ្នាំ២០១២ ដល់បច្ចុប្បន្ននេះ សរុបចំនួន ១០០ នាក់ ដែលនេះ គឺជាទឹកចិត្ត និងកាយវិការប្រកបដោយធម៌សប្បុរសថ្លៃថ្លា នៅក្នុងការចូលរួមចំណែក អភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា។
នៅក្នុងឱកាសនោះ លោក ណង ថា សាកលវិទ្យាធិការរង និងជានាយកសាខា សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ ជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេ ក្នុងខេត្ត ឬមាន កំណើតពីឆ្នាំ២០០៤ មក UME មានទីតាំងផ្ទាល់ខ្លួន និងបានបណ្តុះបណ្តាល និស្សិត ៤ កម្រិតពីថ្នាក់ បរិញ្ញាប័ត្ររង ដល់ថ្នាក់បណ្ឌិត មាន ៨ មុខជំនាញ ដូចជា គ្រប់គ្រង គណនេយ្យ ទីផ្សារ ធនាគារ និងហិរញវត្ថុ សេដ្ឋកិច្ច និតិសាស្ត្រ ភាសាសាស្ត្រ ភាសាអង់គ្លេស និងរដ្ឋបាលសាធារណ:។ បច្ចុប្បន្ន គ្រឹះស្ថាន មានហេដ្ឋារចនាសម្ព័ន្ធ សម្ភារ: បច្ចេកទេស គរុកោសល្យ សាស្ត្រាចារ្យ បុគ្គលិក សមស្របតាមការរីកចម្រើន នៃប្រទេស តំបន់និងពិភពលោក។
ចំពោះលទ្ធផលបណ្តុះបណ្តាល ពីនោះដល់ឆ្នាំ ២០២២ ទទួលនិស្សិតចំនួន ១០.៨៦៦ នាក់ និងនិស្សិតកំពុងសិក្សា ចំនួន ២.១៦៣ នាក់ ស្រី ១.១៨៨ នាក់ និងនិស្សិតបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាប័ត្ររង បរិញ្ញាប័ត្រ និងអនុបណ្ឌិត ចំនួន ៨.១៩៣ នាក់ ស្រី ៣.៤៧៦ នាក់ ។ ក្នុងនោះ ជ័យលាភីដែលត្រូវទទួលសញ្ញាប័ត្រ នាឱកាសនេះ មានចំនួន ១.៧០០នាក់ ស្រី ៩២០ នាក់ ។ និស្សិតបានបញ្ជប់ ការសិក្សា ធ្វើការត្រូវជំនាញ មិនត្រូវជំនាញ និងបង្កើតអាជីវកម្មខ្លួនឯង ។លោក ណង ថា បានបន្តថា លើផែនការអភិវឌ្ឍន៍ UME ក៏មានយុទ្ធសាស្ត្រ ដើម្បីធានាការបណ្តុះបណ្តាល មានគុណភាព សមត្ថភាព ក្រមសីលធម៌ មនសិការជាតិ ពោលគឺ ត្រូវអភិវឌ្ឍកម្មវិធីសិក្សា លើកម្ពស់សមត្ថភាពបុគ្គលិកអប់រំ និងបំពាក់សម្ភារៈរូបវ័ន្តគ្រប់គ្រាន់ ស្របតាមបច្ចេកវិទ្យាទាន់សម័យ និងជាពិសេសស្របតាមកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា និងគោលនយោបាយ របស់រាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ។
សូមបញ្ជាក់ថា លោកបណ្ឌិតសភាចារ្យ ហង្ស ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គ្រប់ថ្នាក់ មន្ត្រី អ្នកពាក់ព័ន្ធ ជាច្រើនរយនាក់ ក៏មានវត្តមាន ក្នុងឱកាសនោះដែរ៕