Banner KNP Detail Top

ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញពិនិត្យ សមិទ្ធផលស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ

ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញពិនិត្យ សមិទ្ធផលស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ


នៅព្រឹក ថ្ងៃអាទិត្យ ១១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញពិនិត្យ សមិទ្ធផលស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់កម្រិតស្ដង់ដានៅខេត្ដព្រះសីហនុ គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៧ ខ្សែ ,អគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនទៀតដែលរាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិការដ្ឋ និងធនធានក្នុងប្រទេស ប្រែក្លាយខេត្ដនេះជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដ៏សំខាន់នៅក្នុងប្រទេស។
ស្ថានីយប្រព្រឹត្ដិកម្មទឹកកខ្វក់ចំនួន៣ ត្រូវបានសាងសង់ឡើងនៅក្នុងខេត្ដននេះ។ ស្ថានីយនេះធ្វើឡើងដោយបំពាក់បច្ចេកវិទ្យាចុងក្រោយ MABR ដែលជាបច្ចេកវិទ្យានវានុវត្ដន៍របស់អ៊ីស្រាអែល។ ស្ថានីយនេះគឺជាផ្នែកសំខាន់មួយដើម្បីឱ្យក្រុងព្រះសីហនុក្លាយជាទីក្រុងទំនើប (Smart- City) នៅក្នុងប្រទេសផងដែរ។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥ ២០០ ម៉ែត្រគុបក្នុង ១ ថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី ៣ ដែលមានផ្ទៃដី ៣៦៤ ហិកតាស្ថិតក្នុងសង្កាត់លេខ ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧ ២០០ ម៉ែត្រគុបក្នុង ១ ថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី ៤ ដែលមានផ្ទៃដី ៤៨៦ ហិកតាស្ថិតក្នុងសង្កាត់លេខ ៣។ ចំណែកឯស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០ ០០០ ម៉ែត្រគុបក្នុង ១ ថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី ៥ និងតំបន់ទី ៦ ដែលមានផ្ទៃដី ២ ៦៩០ ហិកតា ស្ថិតក្នុងសង្កាត់លេខ ៤ ដែលសាងសង់ដោយក្រុមហ៊ុន X-WATER TECHNOLOGY CO.,LTD។
គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live) នៅម៉ោង៨ព្រឹក ពីខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង