Banner KNP Detail Top

សម្រេចឃុំខ្លួនមនុស្សចំនួន ១១នាក់ ករណីកាប់បំផ្លាញព្រៃឈើ

សម្រេចឃុំខ្លួនមនុស្សចំនួន ១១នាក់ ករណីកាប់បំផ្លាញព្រៃឈើ

ភ្នំពេញ: សម្រេចឃុំខ្លួនមនុស្សចំនួន ១១នាក់ ដាក់ពន្ធនាគារគារ ពីបទដឹកជញ្ជូនផល ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទដឹកជញ្ជូនផល, ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ប្រព្រឹត្តនៅចំណុចអូរកំភ្លុក ត្រាំអង្ក្រង ត្រពាំងទា អន្ទង់ត្បាល់ បន្ទាយសៀម ត្រពាំងកាត់សក់ សោមដេប៉ូ ភ្នំចម៉ ក្នុងដែនការពារបរិសា្ថនកំពតគយ នៃដែនជម្រកសត្វព្រៃឡង់ ស្ថិតនៅភូមិអាជន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្ត ក្រចេះ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត ៩៦ កថាខណ្ឌ១ ចំណុច២ និង មាត្រា៩៨ កថាខណ្ឌ២ ចំណុច១ នៃច្បាប់ស្តីពីព្រៃឈើ។
ការសម្រេចឃុំខ្លួនមនុស្សទាំង ១១នាក់ បានធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ដោយលោក គុយ ពិទូ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តក្រចេះ។
ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ចាប់ពីថ្ងៃទី២៤-២៨ ខែមេសាដោយឃាត់ខ្លួនជនដែលពាក់ព័ន្ធចំនួន១២នាក់ រឹបអូសឈើប្រភេទលេខ១ សរុបចំនួន ៧៣ម៉ែត្រត្រីគុណ៦៧២, ឈើហ៊ុបមូលចំនួន៤រថយន្ត (មិនទាន់វាស់វែង) និងឃាត់រថយន្តសណ្ដោងរ៉ឺម៉កចំនួន០៧គ្រឿង គោយន្តកន្ត្រៃចំនួន១៣គ្រឿង ម៉ូតូចំនួនមួយគ្រឿង កៅឡាក់១៤គ្រាប់។
យោងតាមរបាយការណ៍បឋមបូកសរុបលទ្ធផលបង្ក្រាបបទល្មើសព្រៃឈើ ពីថ្ងៃទី២៤-២៧ ខែមេសាដែលរស្មីកម្ពុជាទទួលបានឲ្យដឹងថា សមត្ថកិច្ចបានរឹបអូសឈើហ៊ុបមូលចំនួន១៨២កំណាត់ ស្មើនឹង ២២៥ម៉ែត្រត្រីគុណ៩៥៥ កូនឈើចម្រុះ១៣ដើម, ឈើប្រភេទលេខ១សរុបចំនួន ២២៤ដុំ ស្មើនឹង៦៣ម៉ែត្រត្រីគុណ៦៧២ ,ឈើប្រភេទលេខ២ចំនួន៩០៨សន្លឹក ស្មើនឹង ៣៥ម៉ែត្រត្រីគុណ ២៤៣ ,សសរចំនួន០៨ដើមស្មើនឹង ៣ម៉ែត្រត្រីគុណ ២០១ (វត្ថុតាងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ)។
ឃាត់រថយន្តសណ្តោងរ៉ឺម៉កប្រាំពីរគ្រឿង ,គោយន្តកន្ត្រៃ១៣គ្រឿង ,ម៉ូតូមួយគ្រឿង ,ប្រេងសាំង៣០លីត្រ ,រណារយន្តប្រាំគ្រឿង ,កៅឡាក់១៤គ្រាប់ ។
ឃាត់ខ្លួនមនុស្ស១២នាក់ (ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ) ក្នុងនោះមាន ៖
១.ខេត្តក្រចេះ :បានឃាត់គោយន្ដកន្ដ្រៃចំនួន ១៣គ្រឿង មនុស្ស១១នាក់ ដឹកឈើអារលេខ១ (ឈ្លីក សុក្រម ត្រសេក)សរុបចំនួន៨៧ដុំ ស្មើ ២៣ម៉ែត្រត្រីគុណ ៦២៨ រណាយន្តចំនួន ០៤គ្រឿង និងកៅឡាក់ចំនួន១៤គ្រាប់។ បច្ចុប្បន្នមនុស្ស និងវត្ថុតាងប្រគល់ជូនរដ្ឋបាលព្រៃឈើដើម្បីបន្តនីតិវិធី។
ឃាត់រថយន្តវេអងចំនួន០២គ្រឿង ដឹកឈើអារលេខ១ (ឈ្លីក) ចំនួន ១១១ដុំ ស្មើ ៣៦ម៉ែត្រត្រីគុណ ០៤៤ នៅក្នុងក្រុមហ៊ុនស៊ីងបាយអូថេក។


ឃាត់រថយន្តវេអងចំនួន០៤គ្រឿងដឹកឈើហ៊ុបមូល ចំនួន៥២កំណាត់ ស្មើនឹង ១១៧ម៉ែត្រត្រីគុណ៣៧៧ នៅក្នុងក្រុមហ៊ុនស៊ីងបាយអូថេក។
បានរុករកឃើញគំនរឈើមួយកន្លែងរឹបអូសឈើហ៊ុបមូលចំនួន១៣០កំណាត់ ស្មើនឹង ១០៨ម៉ែត្រត្រីគុណ៥៧៨ និងកូនឈើចម្រុះ១៣ដើម។
២.ខេត្តស្ទឹងត្រែង:លទ្ធផលវាស់វែងដឹកឈើ០១គ្រឿង ដកហូតឈើចំនួន៤៦៣សន្លឹកស្មើនឹង ២១ម៉ែត្រត្រីគុណ១៩៩ និងសសរចំនួន៨ដើមស្មើនឹង ៣ម៉ែត្រត្រីគុណ២០១។ រឹបអូសឈើខុសច្បាប់ចំនួន៦ទីតាំង (៥ទីតាំងអញ្ញត្តិជន) សរុបចំនួន៤២៩សន្លឹក ស្មើនឹង ១៣ម៉ែត្រត្រីគុណ១៤៤ ( ឈើកកោះចំនួន១៦១សន្លឹកស្មើនឹង ៥ម៉ែត្រត្រីគុណ៦៤០ ឈើទាលចំនួន១៦៨សន្លឹក ស្មើនឹង ៤ម៉ែត្រត្រីគុណ៧០៤ ឈើដួងចែមចំនួន១០០សន្លឹកស្មើនឹង ២ម៉ែត្រត្រីគុណ៨០០ (វត្ថុតាងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ) និង១ទីតាំងជារបស់ឈ្មោះ សែន ឈឹម មុខរបរ កសិករ (កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង)។ ចំណែកឈើនិងសសរចំនួន៨៥ម៉ែត្រត្រីគុណ នៅក្រោមផ្ទះប្រជាពលរដ្ឋចំនួន១២គ្រួសារ គឺសម្រាប់សាងសង់ផ្ទះ (លោកមេឃុំជាអ្នកធានានិងធ្វើកិច្ចសន្យាជូនប្រជាពលរដ្ឋ)។
៣.ខេត្តកំពង់ធំ:រឹបអូសឈើប្រភេទលេខ១បាន២៦ដុំ ស្មើ៤មែត្រត្រីគុណ ម៉ូតូ ០១គ្រឿង ប្រេងសាំង ៣០លីត្រ រណាយន្ត០១គ្រឿង (វត្ថុតាងប្រគល់ជូនជំនាញបរិស្ថាន)៕

អត្ថបទដែលជាប់ទាក់ទង