ច្រានចោល និងព្រមានចាត់ការតាមផ្លូវច្បាប់ លើម្ចាស់គណនីហ្វេសប៊ុក ម្នាក់ ក្រោយបង្ហោះព័ត៌មានមិនពិត ថាមានករណីដាក់ខ្សែទាក់ ក មុខវត្តព្រែកឬស្សី
ច្រានចោល និងព្រមានចាត់ការតាមផ្លូវច្បាប់ លើម្ចាស់គណនីហ្វេសប៊ុក ម្នាក់ ក្រោយបង្ហោះព័ត៌មានមិនពិត ថាមានករណីដាក់ខ្សែទាក់ ក មុខវត្តព្រែកឬស្សី
(កណ្ដាល)៖ បើតាមលោកឧត្តមសេនីយ៍សុ្នងការ សម្រាប់ករណីនេះមិនមានកើតឡើងនោះឡើយ ពោលបុរសម្នាក់ ដែលគេយកទៅបង្ហោះថា មានករណីដាក់ខ្សែទាក់ក នោះ ក៏បានចូលមកបំភ្លឺនៅចំពោះសមត្ថកិច្ច និងអះអាងថា មិនបានដឹង គេយករូបគាត់ទៅបង្ហោះនោះទេ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានចេញមកច្រានចោលទាំងស្រុង និងព្រមានចាត់ការតាមផ្លូវច្បាប់ចំពោះម្ចាស់អាខោន Facebookម្នាក់ ដែលបានបង្ហោះព័ត៌មានមិនពិតស្ដីពី ការដាក់ខ្សែទាក់កមុខវត្តព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានស្នើឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយផង។
បញ្ជាក់ប្រាប់នៅក្នុងគ្រុប Telegram លោកឧត្តមសេនីយ៍ស្នងការខេត្តកណ្តាល បានថ្លែងថា «ម្នាក់ស្រីម្ចាស់អខោននេះ បានបង្កើតព្រឹត្តិការណ៍បំពុលសង្គម។ បើគាត់មិនចូលខ្លួនមកស្នងការដ្ឋាននគរបាលខេត្តទេ យើងនឹងចាត់វិធានការតាមផ្លូវច្បាប់»។
សូមជម្រាបថា ម្ចាស់អាខោនឈ្មោះ Fa Fa បានបង្ហោះខ្លឹមសារថា «បងប្អូនដែលនៅខាងព្រែកហូរ ពីព្រែកហូរទៅខាងតាខ្មៅ ពីតាខ្មៅទៅខាងព្រែកហូរ សូមប្រុងប្រយ័ត្ននៅមុខវត្តព្រែកឬស្សី មានគេដាក់ខ្សែទាក់ក សូមប្រុងប្រយ័ត្នទាំងអស់គ្នា សូមប្រុងប្រយ័ត្ន»។
ក្រោយមកទៀតម្ចាស់អាខោនរូបនេះ ក៏បានបង្ហោះទៀតថា «សូមបងប្អូនកុំមានការយល់ច្រឡំ ករណីយប់មិនមែនប្លន់ទេ វាគឺជាករណីខ្សែភ្លើងធ្លាក់ទេ ព្រោះកាលពីយប់មានភ្លៀងមានខ្យល់ខ្លាំង បណ្ដាលឱ្យខ្សែភ្លើងធ្លាក់កាត់ផ្លូវ ធ្វើឲ្យទាក់ ក អាស្រ័យហេតុនេះ នាងខ្ញុំសូមទោសជាសាធារណៈ និងបងៗសមត្ថកិច្ចក្រុងតាខ្មៅដែលមានការភាន់ច្រឡំ»។
បន្ទាប់ពីបានបង្ហោះរួចមក បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ហើយនៅថ្ងៃទី៣ ខែឧសភា នគរបាលបានអញ្ជើញជនរងគ្រោះជាបុរសដែលពុំបានស្គាល់ឈ្មោះ មកសាកសួរនៅប៉ុស្តិ៍នគរបាល សង្កាត់ព្រែកឬស្សីជុំវិញករណីនេះ។
លោកឧត្តមសេនីយ៍ទោស្នងការ បានអះអាងថា «សាមីខ្លួនថា មិនមែនករណីដូចការចុះផ្សាយនោះទេ គឺគាត់ជិះម៉ូតូទាក់ខ្សែកាបធ្លាក់លើផ្លូវទេ។ សាមីខ្លួនអត់ដឹងរឿងនេះ សំខាន់ម្ចាស់អាខោនគាត់មិនដឹងបានព័ត៌មានពីណាមកទេ»៕