Banner KNP Detail Top

ព្រឹកនេះ! ព្រះអគ្គិជ័យកីឡា បានចេញដំណើរពីខេត្តកំពង់ធំហើយ ឆ្ពោះទៅពហុកីឡដ្ឋាន មរតកតេជោ

ព្រឹកនេះ! ព្រះអគ្គិជ័យកីឡា បានចេញដំណើរពីខេត្តកំពង់ធំហើយ ឆ្ពោះទៅពហុកីឡដ្ឋាន មរតកតេជោ

កំពង់ធំ: នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ ការដង្ហែ ព្រះអគ្គិជ័យកីឡា បានចេញដំណើរ ពីខេត្តកំពង់ធំហើយ ឆ្ពោះទៅពហុកីឡដ្ឋាន មរតកតេជោ ដើម្បីរៀបចំក្រុងពលីបើកការប្រកួតជាផ្លូវការ កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅថ្ងៃនេះ។

រដ្ឋបាលខេត្តកំពង់ធំ បានធ្វើពិធីដង្ហែ ព្រះអគ្គិជ័យកីឡា ដង្ហែបន្ត តាមផ្លូវជាតិលេខ៦ឆ្លងកាត់ក្រុងស្ទឹងសែន, ស្រុកសន្ទុក, ស្រុកបារាយណ៍, ស្រុកតាំងគោក ហើយឆ្លងកាត់ខេត្តកំពង់ចាម ខេត្តកណ្ដាល ឆ្ពោះទៅកាន់ពហុកីឡដ្ឋាន មរតកតេជោ ដើម្បីរៀបចំក្រុងពលី បើកជាផ្លូវការ នៅវេលាម៉ោង ៨និ៣០នាទី យប់នេះ ។

យោងតាមលោក នី ផល្លី បានមានប្រសាសន៍ថា ព្រះអគ្គិជ័យកីឡា មានសាវតា កើតតាំងពីជាង ២០០០ ឆ្នាំ មុនគ្រឹះសករាជ និងជានិមិត្តរូប ឱ្យកម្លាំងថាមពល ដល់មនុស្ស សត្វ និងជានិមិត្តរូប ឱ្យសុជីវធម៌ដ៏បរិសុទ្ធ សន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍ។ ពិធីដង្ហែព្រះអគ្គិជ័យកីឡា គឺជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់ការប្រកួតកីឡាធំៗ ដូចជា កីឡាអូឡាំពិក និងកីឡាអាស៊ីអាគ្នេយ៍ជាដើម។
ក្រោយពិធីសាសនា និងក្រោយពីបានទទួលព្រះរាជទាន ពីព្រះករុណា ព្រះមហាក្សត្រ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ព្រះអគ្គិជ័យកីឡា ត្រូវបានដង្ហែ ចេញពីខេត្តសៀមរាប ទៅកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ានប្រកបដោយជោគជ័យ និងទទួលបានការស្វាគមន៍ ប្រកបដោយភាពកក់ក្ដៅជាទីបំផុត និងបានវិលត្រឡប់ មកមាតុប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងក្រៀលខេត្តស្ទឹងត្រែង (កម្ពុជា–ឡាវ) នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ហើយបន្តទៅកាន់រាជធានីភ្នំពេញ និងឆ្ពោះមកតាមបណ្ដាខេត្ត នៅជុំវិញបឹងទន្លេសាប រួមមាន៖ ខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ,សៀមរាប និងខេត្តកំពង់ធំ៕

អត្ថបទដែលជាប់ទាក់ទង