បញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ដែល គ.ជ.ប បានទទួលស្គាល់ផ្លូវការ
បញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ដែល គ.ជ.ប បានទទួលស្គាល់ផ្លូវការ
ភ្នំពេញ ៖ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ដែលគ.ជ.ប បានទទួលស្គាល់ផ្លូវការ និងបានផ្សព្វផ្សាយ បង្ហាញថា កូនៗមួយចំនួនរបស់ថ្នាក់ដឹកនាំគណបក្សកាន់អំណាចនេះ ត្រូវបានដាក់ឱ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ សម្រាប់ ការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣។
ក្នុងនោះ មានកូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កូនប្រុសសម្តេច ស ខេង អនុប្រធានគណបក្ស កូនប្រុសរបស់សម្តេច ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា រួមទាំងកូនប្រុសរបស់សម្តេច សាយ ឈុំ អនុប្រធានគណបក្ស ត្រូវបានដាក់ឱ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ តាមមណ្ឌលរាជធានីខេត្តផ្សេងៗគ្នា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាខែកក្កដានេះ។
បញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលស្គាល់ដោយ គ.ជ.ប បង្ហាញថា សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សបន្តឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ នៅខេត្តកណ្តាល នៅលំដាប់លេខរៀងទី១ ។ រីឯសម្តេច ស ខេង បន្តឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ នៅលេខរៀងទី១ នៅមណ្ឌលខេត្តបាត់ដំបង ។ សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ក៏នៅតែបន្តឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រ លំដាប់លេខរៀងទី១ នៅខេត្តត្បូងឃ្មុំ ខណៈដែលសម្តេច ទៀ បាញ់ បន្តឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ នៅលេខរៀងទី១ នៅមណ្ឌលខេត្តសៀមរាប ។
ដោយឡែកកូនៗរបស់ថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា ដែលជាក្រុមអ្នកបន្តវេន ជាអនាគតនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីវ័យក្មេង ដែលគណបក្សប្រជាជនកម្ពុជា បានរៀបចំរួចរាល់ហើយនោះ ក៏ត្រូវបានដាក់ឱ្យឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ សម្រាប់ការបោះឆ្នោតនាខែកក្កដាខាងមុខនេះផងដែរ។
ក្នុងនោះ លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្ត្រី បន្តវេនពីឪពុករបស់លោក គឺសម្តេចតេជោ ហ៊ុន សែន ត្រូវបានដាក់ឱ្យឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រលំដាប់ទី១ នៅមណ្ឌលរាជធានីភ្នំពេញ ។ រីឯប្អូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ានី នៅតែបន្តឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រលំដាប់ទី២ នៅខេត្តកំពង់ស្ពឺ។
លោក សាយ សំអាល់ ដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ២អាណត្តិមកហើយ និងកូនប្រុសរបស់សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានដាក់ឱ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ លំដាប់លេខរៀងទី១ នៅខេត្តព្រះសីហនុ។
រីឯលោក ទៀ សីហា កូនប្រុសរបស់សម្តេច ទៀ បាញ់ ត្រូវបានដាក់ឱ្យឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រ លំដាប់លេខរៀងទី៣ នៅមណ្ឌលខេត្តសៀមរាប នៅជាមួយសម្តេច ទៀ បាញ់ ជាឪពុក ដែលឈរឈ្មោះ នៅលេខរៀងទី១ ។
ដោយឡែកលោក ស សុខា ជាកូនប្រុសរបស់សម្តេច ស ខេង ត្រូវបានដាក់ឱ្យឈរឈ្មោះ ជាបេក្ខជនលំដាប់លេខរៀងទី២ នៅមណ្ឌលខេត្តព្រៃវែង។
សូមរម្លឹកថា គិតត្រឹមថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ចំនួន១០គណបក្សហើយ។
ក្នុងនោះ កាលពីថ្ងៃទី១ឧសភា គ.ជ.ប បានទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ ចំនួន ៧គណបក្ស រួមមាន៖ ១-គណបក្សប្រជាជនកម្ពុជា ២-គណបក្សយុវជនកម្ពុជា ៣-កណបក្សខ្មែររួបរួមជាតិ ៤-គណបក្សធម្មាធិបតេយ្យ ៥-គណបក្សកម្លាំងប្រជាធិបតេយ្យ ៦-គណបក្សសញ្ជាតិកម្ពុជា និង៧-គណបក្សខ្មែរតែមួយ។
ដោយឡែក គណបក្ស៣ទៀត គឺគណបក្សខ្មែរអភិរក្ស គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ត្រូវបានគ.ជ.ប កំពុងពិនិត្យសំណុំឯកសារ។ យ៉ាងណាក៏ដោយ គណបក្សភ្លើងទៀន ដែលជាអតីតគណបក្សសមរង្ស៊ី និងជាគណបក្សប្រឆាំងធំជាងគេ មិនទាន់ចុះឈ្មោះ ដាក់បេក្ខជនចូលរួមប្រកួតប្រជែងការបោះឆ្នោត នាខែកក្កដានេះ នៅឡើយទេ។
គ.ជ.ប បានប្រកាសថា តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល១៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ រីឯថ្ងៃបោះឆ្នោត នឹងធ្វើឡើង នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕