Banner KNP Detail Top

ប្រធានរដ្ឋឡាវ បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជា ហើយ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងពិធីបើកនៃកីឡាអាស៉ីអាគ្នេយ៍លើកទី៣២

ប្រធានរដ្ឋឡាវ បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជា ហើយ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងពិធីបើកនៃកីឡាអាស៉ីអាគ្នេយ៍លើកទី៣២

(ភ្នំពេញ)៖ នៅម៉ោង១០យប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ថងលុន ស៉ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជាហើយ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងពិធីបើកនៃកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកប្រធានរដ្ឋឡាវ មករាជធានីភ្នំពេញ នៅម៉ោងប្រមាណ៧៖៣០នាទីព្រឹក ថ្ងៃទី០៤ ខែឧសភា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាព្រមទាំងចូលរួមក្នុងពិធីបើកនៃកីឡាអាស៉ីអាគ្នេយ៍លើកទី៣២។
អំឡុងទស្សនកិច្ចនេះ លោកបានអញ្ជើញចូលគាល់ ព្រះមហាក្សត្រកម្ពុជា និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។ លោកក៏មានជំនួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងប្រជុំទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាផងដែរ ដើម្បីពិភាក្សាអំពីការធ្វើឱ្យស៉ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាក្តីបារម្ភរួម។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកបណ្ឌិត ថងលុន ស៉ីសុលីត មកកាន់កម្ពុជា ជាការចូលរួមចំណែកពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃដែលមានស្រាប់ ភាពជាអ្នកជិតខាងល្អ ចំណងភាតរភាព និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង