Banner KNP Detail Top

សម្ពាធទាបមួយ ដែលកំពុងមានសកម្មភាព នៅក្នុងសមុទ្រ ចិនខាងត្បូង ដោយមានដំណើរទៅរកភាគកណ្តាល ប្រទេសវៀតណាម នឹងបង្កឱ្យមានភ្លៀង ធ្លាក់រាយប៉ាយច្រើនជាបន្តបន្ទាប់ នៅលើប្រទេសកម្ពុជា

សម្ពាធទាបមួយ ដែលកំពុងមានសកម្មភាព នៅក្នុងសមុទ្រ ចិនខាងត្បូង ដោយមានដំណើរទៅរកភាគកណ្តាល ប្រទេសវៀតណាម នឹងបង្កឱ្យមានភ្លៀង ធ្លាក់រាយប៉ាយច្រើនជាបន្តបន្ទាប់ នៅលើប្រទេសកម្ពុជា


ភ្នំពេញៈ នៅថ្ងៃទី៦ខែឧសភា ឆ្នាំ២០២៣ លោក ចាន់ យុត្ថាអ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា សម្ពាធទាបមួយ ដែលបានកើតមាន នៅចុងនៃប្រព័ន្ធសម្ពាធទាប នៅលើភាគខាងត្បូងប្រទេសហ្វីលីពីន បានដើរចូលមកក្នុងសមុទ្រចិនខាងត្បូង ទៅរកភាគកណ្តាល ប្រទេសវៀតណាម នឹងបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយច្រើន នៅថ្ងៃទី៩ ខែឧសភា។
អ្នកនាំពាក្យក្រសួងជំនាញនេះ បានបញ្ជាក់ថា ចាប់ពីថ្ងៃស្អែក (៧ឧសភា) ភ្លៀង ចាប់ផ្តើមមានធ្លាក់រាយប៉ាយ នៅតំបន់ខ្ពង់រាបហើយថ្ងៃទី៨ និងទី៩ ខែឧសភា មានរាយ ប៉ាយច្រើន នៅក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស។
ក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានជូន ដំណឹង ស្តីពីការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី៣ ដល់ ៩ ខែឧសភាថា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែឧសភា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន ថ្ងៃទី៨ ខែឧសភា ទទួលឥទ្ធិពល ខ្សោយ ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី បង្កឱ្យមានភ្លៀងធ្លាក់ ដោយផ្នែកក្នុងបរិមាណ ពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
នៅក្នុងសេក្តីជូនដំណឹង បានសរសេរថា ស្ថានភាពបែបខាងលើ ធ្វើឱ្យតំបន់ទំនាប កណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៥ ទៅ២៧ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៧ ទៅ ៣៩ អង្សាសេ។ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែឧសភា មានភ្លៀងធ្លាក់ ដោយផ្នែកក្នុងបរិមាណ ពីខ្សោយទៅតិច លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ មានការកើនឡើងរាយប៉ាយ ក្នុងបរិមាណ ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។
សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៦ ទៅ ៣៨ អង្សាសេ។ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ មានដោយផ្នែក ក្នុងបរិមាណពីខ្សោយទៅមធ្យមលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀង ធ្លាក់ នឹងមានការកើនឡើង រាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរលាយឡំដោយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ។
នៅតំបន់មាត់សមុទ្រ សីតុណ្ហភាព អប្បបរមាមានពី ២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ ក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ នឹងមានការកើន ឡើង ក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕

អត្ថបទដែលជាប់ទាក់ទង