Banner KNP Detail Top

លោក ឃួង ស្រេង បើកកិច្ចប្រជុំជីវភាព គណបក្សខណ្ឌ និងក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ

លោក ឃួង ស្រេង បើកកិច្ចប្រជុំជីវភាព គណបក្សខណ្ឌ និងក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ


ភ្នំពេញ៖ លោក ឃួង ស្រេង នៅថ្ងៃទី៧ ឧសភា ឆ្នាំ២០២៣ នេះ បានបើកកិច្ចប្រជុំជីវភាព គណបក្សខណ្ឌ និងក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ ប្រចាំខែឧសភា និងទិសដៅ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការមន្ទីរគណបក្សខណ្ឌព្រែកព្នៅ ដោយមានការ ចូលរួមពី មន្ត្រីនិងសមាជិកបក្សជាង ២០០ នាក់។
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ខណ្ឌព្រែកព្នៅ បានណែនាំដល់មន្ត្រីបក្ស ប្រជាជនទាំងអស់ យកចិត្តទុកដាក់មើលជីវភាពរស់នៅប្រចាំថ្ងៃ របស់សមាជិកបក្ស និងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន មានន័យថា ពេលពួកគាត់ ជួបបញ្ហាខ្វះខាត យើងត្រូវជួយពួកគាត់ភ្លាមៗ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ របស់យើង មានស្បៀងអាហារគ្រប់គ្រាន់ ។ ដូច្នេះមន្ត្រីបក្សរបស់យើងទាំងអស់ ត្រូវយកចិត្តទុកដាក់មើលសមាជិកបក្សរបស់ខ្លួន ឱ្យបានគ្រប់ជ្រុងជ្រោយ មានន័យថា នៅពេលពួកគាត់ មានបញ្ហាខ្វះខាត ត្រូវផ្តល់ជូនពួកគាត់ភ្លាម ពិសេសមើលមន្ត្រី ដែលនៅគៀកកិតជាមួយយើងនេះតែម្តង ដូចជាមន្ត្រីបក្សខណ្ឌ មន្ត្រីបក្សសង្កាត់ ភូមិជាដើម កុំឱ្យពួកគាត់ លីតែអង្កអោយគេ តែខ្លួនឯងខ្វះខាត់ គេមើលមិនឃើញ សោះនោះ។ យើងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារ ឡើយ។
ឆ្លៀតក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានលើកឡើងជុំវិញព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នេះផងដែរ ដោយលោកបញ្ជាក់ថា៖ ព្រឹត្តិការណ៍ដ៏ធំ សម្បើម មួយនេះ យើងបានទទួលការកោតសរសើរ យ៉ាងខ្លាំងពីឆាកអន្តរជាតិ ហើយក៏បានទាក់ទាញភ្លៀវទេសចរ ឱ្យមកលេងនៅកម្ពុជា កាន់តែច្រើនផងដែរ។ ព្រឹត្តិការណ៍នេះ ក្រៅពីមិនយកលុយថ្លៃលក់សំបុត្រ ចូលទស្សនាហើយ រដ្ឋបាលរាជធានីភ្នំពេញ នូវបានរៀបចំទីតាំង ផ្ញើយានយន្តមួយចំនួន មិនយកប្រាក់ ថែមទៀត។ ជាមួយគ្នានេះ យើងបានរឹតបន្តឹង ការប្រមូល ដឹកជញ្ជូនសំរាម រៀបចំអនាម័យបរិស្ថាន បានល្អថែមទៀត ។
លោកបានបញ្ជាក់ថា កម្ពុជាមានអនាម័យបរិស្ថានល្អ នោះសុខភាពប្រជាពលរដ្ឋ ក៏បានល្អរឹងមាំ មានកម្លាំងកំហែងខ្លាំក្លា ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកភាព រីកចំរើនរុងរឿង។
លោក ឃួង ស្រេង សូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹក នៅថ្ងៃបោះឆ្នោត និងចលនានៅក្នុងមូលដ្ឋាន បើគណបក្សផ្សេង សូមចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនយើង យើងទទួលយកភ្លាម ដើម្បីអោយគណបក្សប្រជាជនកម្ពុជា បានជ័យជំនះ ក្នុងការបោះឆ្នោត ខាងមុខនេះ ។ គណបក្សប្រជាជនកម្ពុជា បានជ័យជំនះ នោះកម្ពុជានឹងរក្សាបាននូវ សន្តិភាពលើផ្ទៃប្រទេសរហូត ដែលជាឱកាសយ៉ាងល្អ ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចំរើនថែមទៀត ពិសេសសម្រេចបាននូវចក្ខុវិស័យ របស់ខ្លួន ដោយប្រែក្លាយកម្ពុជា មានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ ខាងមុខ។
លោក ធឹម សំអាន សមាជិកគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ ក្នុងឱកាសនោះ ក៏បានរាយការណ៍ពីរចនាសម្ព័ន្ធ គណបក្សខណ្ឌ ដែលមានសាខាបក្សសង្កាត់ចំនួន ៥ និងសាខាភូមិចំនួន៦៩ មានគ្រួសារបក្សចំនួន ៩ ៥៦៨ គ្រួសារ និងបានបញ្ចូល សមាជិកថ្មី បានចំនួន ៣ ៣៧៨ នាក់ ។ ខណ្ឌព្រែកព្នៅ មាន២៨ មណ្ឌលបោះឆ្នោត និង ៨៩ ការិយាល័យបោះឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង