Banner KNP Detail Top

សមត្ថកិច្ចបញ្ជូនខ្លួនស្ត្រីម្នាក់ ទៅតុលាការ ជាប់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស

សមត្ថកិច្ចបញ្ជូនខ្លួនស្ត្រីម្នាក់ ទៅតុលាការ ជាប់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស

ភ្នំពេញ ៖ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តសៀបរាម ខណៈដែលស្ត្រីអាជីវកររូបនោះមិនចូលខ្លួនតាមដីកាបង្គាប់ឱ្យចូលឆ្លើយបំភ្លឺចំនួន២លើក របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្ត ចុងក្រោយនៅតែគេចមិនផុតពីការឃាត់ខ្លួន ។

ជនសង្ស័យឈ្មោះ ជីវ ណារ៉ា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ក្រោយពីឃាត់ខ្លួនសមត្តកិច្ចនគរបាលខេត្តសៀមរាប បានប្រគល់ជនសង្ស័យឱ្យទៅនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីនាំទៅប្រគល់ជូនចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនស្ត្រីអាជីវកររូបនោះ ។

នគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខេត្តសៀមរាប បានអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ២៥១ ដ.ច.ន ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ របស់លោក សាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ ជីវ ណារ៉ា ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចសណ្ឋាគារ DYVITH HOTEL ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១៧ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ដែលបទល្មើសខាងលើនេះមានចែងឱ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ ។ ដោយយល់ឃើញថា ជនត្រូវចោទត្រូវបានចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឱ្យចូលខ្លួនចំនួន២លើក ក្នុងអំឡុងខែមករា ឆ្នាំ២០២៣ ប៉ុន្តែមិនឃើញចូលមកឆ្លើយបំភ្លឺដោះសាដោយគេចខ្លួនមិនដឹងទៅទីណា ហើយបទចោទប្រកាន់ខាងលើជាបទមជ្ឍឹម ដែលអាចផ្តន្ទាទោសដាក់ពន្ធនាគារលើសពីមួយឆ្នាំ ហេតុនេះដើម្បីធានាដល់យន្តការច្បាប់អនុវត្តឱ្យមានប្រសិទ្ធភាព ចៅក្រមស៊ើបសួរគប្បីសម្រេចចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ។
នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នេះនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ក៏បានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនចៅក្រមស៊ើបសួរតាមដីកាបង្គាប់ឱ្យចាប់ខ្លួននោះ។ នៅល្ងាចថ្ងៃដដែលនេះតុលាការបានសម្រេចឃុំខ្លួនស្ត្រីអាជីវករដាក់ពន្ធនាគារព្រៃស(ម២) ជាបណ្តោះអាសន្នហើយ៕

អត្ថបទដែលជាប់ទាក់ទង