ត្រៀមលក្ខណៈ សម្រាប់ពិធីប្រកួតនៅថ្ងៃស្អែកនេះ ក្រុមកីឡាទូកទាំង ៨ ប្រទេស បានហាត់សម យ៉ាងស្វាហាប់ ទាំងផ្នែកលើគោក និងលើទឹក

ត្រៀមលក្ខណៈ សម្រាប់ពិធីប្រកួតនៅថ្ងៃស្អែកនេះ ក្រុមកីឡាទូកទាំង ៨ ប្រទេស បានហាត់សម យ៉ាងស្វាហាប់ ទាំងផ្នែកលើគោក និងលើទឹក


កំពត: ការរៀបចំ ក៏ដូចជា ត្រៀមសម្រាប់ពិធីប្រកួតកីឡាទូក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅខេត្តកំពតបានធ្វើរួចរាល់ និងមានភាពល្អ ប្រសើរ តាមលក្ខណៈបច្ចេកទេស។ នាថ្ងៃទី១២ ខែឧសភា ឆ្នំា២០២៣នេះ ពោលគឺ មុនមួយថ្ងៃនៃការប្រកួតចាប់ផ្តើម ក្រុមកីឡាទូកទាំង ៨ ប្រទេស បានហាត់សម យ៉ាងស្វាហាប់ ទាំងផ្នែកលើគោក និងលើទឹក។ គ្រប់កីឡាករ មានអារម្មណ៍រំភើប ជាមួយការត្រៀមលក្ខណៈ សម្រាប់ពិធីប្រកួតនៅថ្ងៃស្អែកនេះ។
អត្តពលិក មកពីប្រទេសសិង្ហបុរី លោក ស៊ិក កូ បានរៀបរាប់ថា ពេលវេលាមាន កំណត់ ខណ:ដែលការប្រកួត នឹងមកដល់នៅថ្ងៃស្អែក ធ្វើឱ្យលោក ព្រមទាំងកីឡាករ ទាំងអស់ ពោរពេញដោយភាពរំភើបយ៉ាងខ្លាំង។ ចំណែកអត្តពលិកប្រទេសផ្សេងៗ ក៏បានបង្ហាញនូវទឹកមុខរំភើប ប្រហាក់ប្រហែលគ្នាដែរ។
ការរៀបចំស៊ីហ្គេម នៅកម្ពុជា គឺធ្វើបានល្អ ហើយប្រជាពលរដ្ឋខ្មែរ មានភាពរួសរាយ រាក់ទាក់គួរឱ្យគោរព និងស្រលាញ់ ជាពន់ពេក។ ចំណែកកិច្ចការពារសន្តិសុខ ក៏ល្អប្រសើរដោយគ្មានអ្វី គួរឱ្យព្រួយបារម្ភឡើយ។
លោក ហ្កាត់ លីម តំណាងសហព័ន្ធកីឡាទូកប្រពៃណីអាស៊ី មកពីប្រទេសម៉ាឡេស៊ី និងជាប្រធានបច្ចេកទេសរៀបចំ ការប្រកួតកីឡាទូក បានបញ្ជាក់ថា នេះជាគ្រាដំបូង ដែលកម្ពុជា បាននិងកំពុងរៀបចំព្រឹត្តការណ៍ស៊ីហ្គេម បានល្អឥតខ្ចោះ។ លោកពិតជាចាប់អារម្មណ៍ និងសប្បាយរីករាយយ៉ាងខ្លាំង ចំពោះកម្ពុជា ក៏ដូចអាជ្ញាធរខេត្តកំពត ដែលបានរៀបចំការប្រកួតបានល្អ តាមរយ:ស្មារតីចូលរួមសហការ ធ្វើការងារ ជាក្រុម។
លោកតំណាងសហព័ន្ធកីឡាទូកប្រពៃណីអាស៊ី បានបន្តថា ភាពល្អប្រសើរក្នុងការ រៀបចំស៊ីហ្គេមនៅកម្ពុជា គឺម្ចាស់ផ្ទះចង់ឱ្យអ្នកមកចូលរួមទាំងអស់ មានក្តីសប្បាយ រីករាយ និងទទួលបានភាពកក់ក្តៅ ជាមួយការស្នាក់នៅ ហូបចុក និងដំណើរកម្សាន្ត នានា។បន្ថែមលើនោះ ម្ចាស់ផ្ទះកម្ពុជា ពិតជាមានបំណងឱ្យភ្ញៀវ បានទស្សនា ទេសភាពស្អាតៗ នៅតាមតំបន់រៀបចំ សម្រាប់វិញ្ញាសានីមួយៗ ជាក់ស្តែង ដូចជាការប្រកួតទូក នៅខេត្តកំពតដើម។
សូមបញ្ជាក់ថា ការប្រកួតកីឡាទូកនៅខេត្តកំពត នឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣ លើ១៣ វិញ្ញាសា។ ក្នុងនោះ មានការប្រកួតចម្ងាយ ២៥០ ម៉ែត្រ ចំនួន ៥ វិញ្ញាសា, ចម្ងាយ ៥០០ ម៉ែត្រ ៤ វិញ្ញាសា និងចម្ងាយ ៨០០ ម៉ែត្រ ចំនួន ៤វិញ្ញាសា៕

អត្ថបទដែលជាប់ទាក់ទង