ប៉ូលីសថៃបានចាប់ខ្លួនមនុស្ស២៤នាក់ និងរឹបអូសបានថ្នាំញៀនម៉ាទឹកកក១.៣០០គីឡូក្រាម ថ្នាំមេតំហ្វេតាមីន១៧លានគ្រាប់និងកេតាមីនពីរគីឡូក្រាម
ប៉ូលីសថៃបានចាប់ខ្លួនមនុស្ស២៤នាក់ និងរឹបអូសបានថ្នាំញៀនម៉ាទឹកកក១.៣០០គីឡូក្រាម ថ្នាំមេតំហ្វេតាមីន១៧លានគ្រាប់និងកេតាមីនពីរគីឡូក្រាម
(បាងកកប៉ុស្តិ៍)៖ ប៉ូលីសថៃបានចាប់ខ្លួនមនុស្ស២៤នាក់និងរឹបអូសបានថ្នាំញៀនម៉ាទឹកកក១.៣០០គីឡូក្រាម ថ្នាំមេតំហ្វេតាមីន១៧លានគ្រាប់និងកេតាមីនពីរគីឡូក្រាម ជាផ្នែកនៃការបង្ក្រាបឧក្រិដ្ឋកម្មនៅមុនការបោះឆ្នោតសកលនាថ្ងៃអាទិត្យនេះ។
រងប៉ូលីសជាតិថៃឧត្តមសេនីយ៍ ប្រាជួប វង់ស៊ុក(Brachuap Wongsuk)បាននិយាយនៅសន្និសីទកាសែតកាលពីថ្ងៃសុក្រថា ការចាប់ខ្លួននិងរឹបអូសថ្នាំញៀនដ៏ច្រើននេះធ្វើឡើងនៅប្រាំបីករណីចាប់ពីថ្ងៃ១៩ខែមេសាដល់ថ្ងៃពុធទី១០ឧសភានេះ។
ករណីទីមួយ ប៉ូលីសបានចាប់ខ្លួនមនុស្សពីរនាក់និងថ្នាំញៀនមេតំហ្វេតាមីន៨,៧លានគ្រាប់នៅខេត្តឈៀងម៉ៃ។ករណីទីពីរ ចាប់ខ្លួនមនុស្សពីរនាក់និងរឹបអូសថ្នាំញៀនមេតំហ្វេតាមីនក្រាមចំនួន២៣៤គីឡូក្រាមធ្វើឡើងនៅក្នុងខេត្តផាធូម ថានីកាលពីថ្ងៃ២៣មេសា។
មនុស្សពីរនាក់ទៀតក៏ត្រូវបានចាប់ខ្លួននៅក្នុងខេត្តឈៀងរ៉ៃ ជាមួយនឹងម៉ាទឹកកក១៧គីឡូក្រាម។
ក្នុងករណីទីបី មនុស្សពីរនាក់ត្រូវបានឃាត់ខ្លួនជាមួយនឹងថ្នាំញៀនពីរលានគ្រាប់នៅក្នុងខេត្តឈៀងម៉ៃកាលពីថ្ងៃ១ឧសភា ហើយកាលពីថ្ងៃ៦ឧសភា មនុស្សម្នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងថ្នាំម៉ាទឹកកក៤៥០គីឡូក្រាម។
នៅថ្ងៃ៨ឧសភា ប៉ូលីសចាប់បានថ្នាំញៀនមេតំហ្វេតាមីន១,៦លានគ្រាប់និងកេតាមីន២គីឡូក្រាមនៅខេត្តសាមុត ប្រាកាន។នៅថ្ងៃនោះដែរ មនុស្សប្រាំពីរនាក់ត្រូវបានចាប់ខ្លួនជាមួយនឹងថ្នាំញៀន៤,៤លានគ្រាប់នៅក្នុងខេត្តសុខោទ័យ។
ប៉ូលីសនៅខេត្តសុងក្លាភាគខាងត្បូងក៏រឹបអូសបានថ្នាំម៉ាទឹកកក៣០០គីឡូក្រាមកាលពីថ្ងៃ៨ឧសភា និងចាប់ខ្លួនមនុស្សបួននាក់។ក្នុងករណីទីប្រាំបី មនុស្សពីរនាក់ត្រូវបានចាប់ខ្លួននិងថ្នាំញៀន៣០០គីឡូក្រាមនៅខេត្តឈៀងរ៉ៃកាលពីថ្ងៃ១០ឧសភា៕