Banner KNP Detail Top

យុវជន២នាក់ ដែលជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈ បង្កឱ្យមានភាពអនាធិបតេយ្យក្នុងសង្គម សមត្ថកិច្ច បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

យុវជន២នាក់ ដែលជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈ បង្កឱ្យមានភាពអនាធិបតេយ្យក្នុងសង្គម សមត្ថកិច្ច បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ យុវជន២នាក់ដែលជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈបង្កឱ្យមានភាពអនាធិបតេយ្យក្នុងសង្គមនោះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោក បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទហិង្សាដោយចេតនា បង្កឲ្យរបួសស្នាមដល់អ្នកដទៃ និងអាចប្រឈមមុខនឹងការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន។
យុវជនទាំង២នាក់នេះ ម្នាក់មានឈ្មោះ ឈឿង ឡុងហេង ភេទប្រុស មុខរបរសិស្សថ្នាក់ទី១១A2 ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ២១៨ ស្ថិតក្នុងភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកជិះម៉ូតូបង្ហោះ) និងម្នាក់ទៀតឈ្មោះ លី ជីឈ័ន្ត ភេទប្រុស មុខរបរសិស្សថ្នាក់ទី៩A1 ស្នាក់នៅផ្ទះលេខ៧៧ ផ្លូវលេខ២១៨ ស្ថិតក្នុងភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកជិះខាងក្រោយ និងជាម្ចាស់ម៉ូតូ)។
សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ស្រាវជ្រាវ និងឃាត់ខ្លួនយុវជនចំនួន២នាក់ ពាក់ព័ន្ធករណីជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈបង្កឱ្យមានភាពអនាធិបតេយ្យក្នុងសង្គម ដែលប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ២៤៥ ស្ថិតក្នុងភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោងប្រមាណ៨និង២០នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បណ្តាលទៅបុកអ្នកដំណើរបង្កឲ្យមានរបួសស្នាម។ ក្នុងនោះផងដែរ សមត្ថកិច្ចក៏បានធ្វើការដកហូតវត្ថុតាង រួមមានម៉ូតូ១គ្រឿងម៉ាកហុងដា C125 ស៊េរី 2023 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JT-1913។
ករណីនេះ ខណៈពេលសមត្ថកិច្ចចុះទៅឃាត់ខ្លួន យុវជនទាំង២នាក់បានប្រកែកដោះសារថា «ពួកគេមិនបានជិះម៉ូតូបង្ហោះទេ គឺម៉ូតូវាជាប់លេខ២ ហើយរាល់ពេលម៉ូតូនេះ ឲ្យតែជិះ ដឹងតែជាប់លេខអញ្ចឹង»។ ទោះបីជាពួកគេខំប្រឹងប្រកែកយ៉ាងណាក្តី សមត្ថកិច្ចមានភស្តុតាងគ្រប់គ្រាន់នៅក្នុងដៃស្រាប់ទៅហើយ គឺរូបភាពក្នុងវីដេអូកាមេរ៉ាសុវត្ថិភាព ដែលបញ្ជាក់យ៉ាងច្បាស់លាស់ និងសកម្មភាពឃើញយុវជនទាំង២នាក់នេះជិះម៉ូតូបង្ហោះជ្រុលទៅបុកអ្នកដំណើរពិតប្រាកដមែន។
ទីបំផុតពួកគេត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង