ពិធីសែនដកជើងធូបរបស់ប្រពៃណីចិន ត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣
ពិធីសែនដកជើងធូបរបស់ប្រពៃណីចិន ត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣
ភ្នំពេញ៖ ពិធីនេះ ត្រូវបានគេគោរពតគ្នា អស់កាលដ៏យូរលង់ណាស់មកហើយ មុនពេលថ្ងៃបុណ្យចូលឆ្នាំថ្មី ឈានចូលមកដល់។
ពិធីសែនដកជើងធូបរបស់ប្រពៃណីចិន នាឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។ តាមពិត ពិធីសែនដកជើងធូប ឬជនជាតិចិន ហៅថា ពិធីជូនទេវតាឡើងឋានសួគ៌ គឺជាពិធីដែលជនជាតិចិន តែងធ្វើឡើងនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ឈានចូលមកដល់ ។
បើយោងតាមឯកសារស្រាវជ្រាវ បានបញ្ជាក់ថា ពិធីសែនដកជើងធូបនេះ ត្រូវបានធ្វើឡើងចន្លោះពី ៥ ថ្ងៃ និង ៧ ថ្ងៃ មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន ឈានមកដល់ រៀងរាល់ឆ្នាំ។ តាមជំនឿ ហើយនៅថ្ងៃនេះ គេនឹងធ្វើការដក ជើងធូប គ្រប់កន្លែង ដើម្បីដូរកំប៉ុង ជើងពាន ឬផើង ហើយផ្លាស់ខ្សាច់ ឬអង្ករ ក្នុងកំប៉ុងជើងធូប ឬជើងពានចេញ រួចប្ងូរថ្មី ដើម្បីទទួលសិរីសួស្តីឆ្នាំថ្មី នឹងឈានមកដល់។ ក្នុងក្បួនដកជើងធូបនេះទៀតសោត គេមានត្រណមមួយគឺនៅពេលដែលដកហើយ បើជាជំនាងផ្ទះ ឬ ហៅ ទី ជុយអៀ ត្រូវតែទុកធូបចាស់ចំនួន ៥ សរសៃ ប៉ុន្តែបើជាកុងម៉ាវិញ ទុកបន្សល់ជើងធូបចាស់ឱ្យបាន ៣ សរសៃ។
ទាក់ទិនក្នុងរឿងនេះ អ្នកស្រី លី សុខអេង រស់នៅរាជធានីភ្នំពេញ ដែលជាប់សែ ស្រឡាយកូនចៅចិន បានរៀបរាប់ថា ក្នុងថ្ងៃសែនជើងធូបនេះ គេនឹងធ្វើការសម្អាតទីកន្លែងជំនាងផ្ទះ កុងម៉ា ឱ្យស្អាតបាត ព្រោះថា ថ្ងៃនេះមិនមានការប្រកែប្រកាន់ ពីសំណាក់អ្នកថែរក្សាផ្ទះសម្បែង ឬជីដូនជីតា ដែលបានចែកឋានទៅនោះឡើយ។ ប្រពៃណីសែនដកជើងធូបនេះដែរនឹងធ្វើឡើង ក្នុងមួយឆ្នាំម្តង ហើយគេមិនហ៊ានរុះរើ តាមនឹកឃើញនោះឡើយ។
ស្រ្តីរូបនេះ បានរៀបរាប់ថាៈ ” សែនដកជើងធូបជាថ្ងៃសំខាន់មួយដែរមុនថ្ងៃចូលឆ្នាំចិនឈានមកដល់។ ការសែនគេធ្វើឡើងតែពេលព្រឹកមិនឱ្យហួសម៉ោង១២ថ្ងៃត្រង់ឡើយ “។
គួរបញ្ជាក់ថា តាមជំនឿជាប្រពៃណីចិន ការសែនដកជើងធូប គឺជាពិធីអរគុណ និងជូនដំណើរកុងម៉ា (ដូនតា) និងទេវតាឆ្នាំចាស់ ដែលបានថែរក្សា ការពារឱ្យចម្រុងចម្រើនពួកគេអស់រយៈកាលមួយឆ្នាំកន្លងមក ឱ្យត្រឡប់ទៅឋានសួគ៌វិញ ។ បន្ទាប់ពីកុងម៉ា និងទេវតា ដែលជាម្ចាស់កំប៉ុងជើងធូបទាំងនោះ ត្រឡប់ទៅវិញ បានសេចក្តីថា កំប៉ុងជើងធូបនេះ នៅទំនេរពុំមានម្ចាស់ឡើយ រហូតកុងម៉ា និងទេវតាឆ្នាំថ្មីចូលមកជំនួស ។ ក្នុងពេលពុំមានម្ចាស់នេះឯង ជាពេលដែលម្ចាស់ផ្ទះ ដកជើងធូបចេញពីកំប៉ុង និងយកកំប៉ុងជើងធូប ទៅលាងសម្អាតសម្រាប់រៀបចំទទួលទេវតាឆ្នាំថ្មី ។
ចំពោះការបម្លាស់ទីរបស់កំប៉ុង ឬជើងពានជើងធូប គឺយើងត្រូវកាន់ ហើយលើកឡើងឱ្យផុតពីទី ដែលបានតម្កល់ ប៉ុន្តែកុំអូសកំប៉ុង ឬជើងពាននោះឱ្យសោះ ទើបជាការលើករាសីដល់ម្ចាស់ផ្ទះ ហើយកុងម៉ា ឬទេវតា ក៏នឹងមិនខឹងសម្បារផងដែរ៕/