Banner KNP Detail Top

តារាសម្តែង និងពិធីការិនី នាង សោម ស្រីនាថ បានត្រៀមគ្រងឈុតហូលរំលេចតួរអក្សរខ្មែរនៅឱកាសចូលរួមក្នុងកម្មវិធីប្រកួតសម្រស់មួយ នៅក្នុងប្រទេសចិន

តារាសម្តែង និងពិធីការិនី នាង សោម ស្រីនាថ បានត្រៀមគ្រងឈុតហូលរំលេចតួរអក្សរខ្មែរនៅឱកាសចូលរួមក្នុងកម្មវិធីប្រកួតសម្រស់មួយ នៅក្នុងប្រទេសចិន

ភ្នំពេញ ៖ នៅក្នុងការប្រកួតនេះ ស្រីស្អាត សោម ស្រីនាថ បានត្រៀមឈុតហូលខ្មែរ ដែលមានរំលេចអក្សរខ្មែរ ដើម្បីដើរបង្ហាញនៅលើឆាកប្រកួតថ្នាក់អន្តរជាតិមួយនេះ ដែលឈុតនេះត្រូវរចនាឡើងដោយហាងកាត់ដេររបស់នាង ឌួង ហ្សូរីដា។ ស្រីស្អាត សោម ស្រីនាង ក៏បានបង្ហាញមោទនភាពដែលនាងមានឱកាសចូលរួមផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់ ដើម្បីអោយពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់។
កញ្ញា សោម ស្រីនាថ បានចេញដំណើរពីព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីចូលរួមប្រកួតកម្មវិធីប្រកួត «Bird’s Nest Division» ដែលធ្វើឡើងនៅទីក្រុងគង់ចូវ ប្រទេសចិន រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១០ និងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។
តារាស្រីរូបនេះ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «អរុណសួរស្តីកម្ពុជា ទៅដល់ទីណាក៏មិនភ្លេចវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ប្រទេសខ្ញុំ ហូលអក្សរខ្មែរ»។ តាមរយៈការបង្ហាញឈុតមួយនេះ ស្រីស្អាត សោម ស្រីនាថ ក៏បានការលើកសរសើរពីមហាជន ហើយគេរំពឹងថា នាងនឹងទទួលជោគជ័យនៅក្នុងកម្មវិធីមួយនេះ។
ជាការកត់សម្គាល់ នៅមុនពេលឡើងយន្តហោះទៅចូលរួមកម្មវិធីប្រកួតនេះ ស្រីស្អាត សោម ស្រីនាថ បានអះអាងថា «នាងបានត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្ដិការណ៍លក្ខណៈអន្ដរជាតិនោះហើយ វាមិនមែនជាឧបសគ្គនោះទេ ព្រោះមុនក្លាយទៅជាពិធីការិនី នាងក៏ជាសមាជិករបស់ក្រុមបង្ហាញម៉ូដ Cambodia Super Model (CSM) ដែរ»។

នាងបញ្ជាក់ថា «មុនកម្មវិធីមកដល់នេះ នាងនឹងត្រូវហ្វឹកហាត់ការដើរម៉ូដ និងស្វែងយល់ពីវិញ្ញាសារត្រូវប្រកួតដែលមានការណែនាំពីអ្នកជំនាញចិន»។ បើតាម សោម ស្រីនាង ថា «នេះជាឱកាសមួយដែលនាងនាំយកវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ប្រទេសកម្ពុជាឲ្យពិភពលោកបានស្គាល់ពីកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង