Banner KNP Detail Top

អាជ្ញាធរនិងប្រជាពលរដ្ឋបានលើកគ្នា សម្រេចបណ្ដេញឲ្យក្រុមហ៊ុនគ្រឿងចក្រគ្មានច្បាប់ទម្លាប់ ករណីបូមខ្សាច់នៅក្នុងអូរ

អាជ្ញាធរនិងប្រជាពលរដ្ឋបានលើកគ្នា សម្រេចបណ្ដេញឲ្យក្រុមហ៊ុនគ្រឿងចក្រគ្មានច្បាប់ទម្លាប់ ករណីបូមខ្សាច់នៅក្នុងអូរ

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី១០ កក្កដា ឆ្នំា២០២៣នេះ អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលើកគ្នាទៅពិនិត្យដល់ទីតាំងបូមខ្សាច់នៅក្នុងអូរមួយកន្លែង នៅចំណុចអូរតាស្វាយ ស្ថិតក្នុងភូមិច្រនាង ឃុំគោកឃ្មុំ ស្រុកថ្មគោល ដែលមានក្រុមហ៊ុនគ្រឿងចក្រមួយ បាននិងកំពុងសំងំដំឡើងម៉ាស៊ីន និងឧបករណ៍បូមខ្សាច់នៅទីនោះគ្មានច្បាប់អនុញ្ញាត ហើយត្រូវអាជ្ញាធរនិងប្រជាពលរដ្ឋសម្រេចបណ្ដេញឲ្យក្រុមហ៊ុនអនាធិបតេយ្យមួយនេះរើរតោងរើរហឹងចេញឲ្យអស់ពីទីតាំងនោះដោយមិនអនុញាតឲ្យចូលទៅលួចធ្វើសកម្មភាពជាលើកទីពីរឡើយ ។


ការសម្រេចបណ្ដេញក្រុមហ៊ុនគ្រឿងចក្រគ្មានច្បាប់ទម្លាប់ ដែលសំងំលួចបំពាក់សម្ភារៈបូមខ្សាច់ឲ្យចាកចេញពីទីតាំងខាងលើនេះ បានធ្វើឡើងក្រោយពីមានពលរដ្ឋជាង៥០នាក់ ដែលតំណាងឱ្យពលរដ្ឋជាច្រើនគ្រួសារ និងច្រើនភូមិនៅតំបន់នោះប្ដឹងតវ៉ា ព្រោះអ្នកភូមិរកឃើញថា ក្រុមហ៊ុនគ្មានអត្តសញ្ញាណមួយនេះហាក់បង្ហាញនូវគោលដៅមិនច្បាស់លាស់ក្នុងការពន្យល់ពលរដ្ឋ ។
បើតាមអ្នកភូមិបាននិយាយថា ក្រុមគ្រឿងចក្រនេះបានទៅជួលដីអ្នកភូមិមួយកន្លែងនៅក្បែរទីតាំងបូមខ្សាច់នោះ អស់រយៈជិតមួយខែកន្លងមកហើយ ដើម្បីដាក់គ្រឿងចក្រ និងស្ដុកសម្ភារនានា សម្រាប់សាងសង់ការដ្ឋានបូមខ្សាច់នៅក្នុងអូរ ។ ពេលប្រជាពលរដ្ឋនាំគ្នាចុះទៅសាកសួរអ្នកគ្រប់គ្រងគ្រឿងចក្រនេះ ម្ដងប្រាប់ថា ក្រុមហ៊ុនគាត់ចូលកាយដីស្ដារអូរធ្វើផ្លូវសងខាងអូរនោះប្រវែង៨០០ម៉ែត្រ ម្ដងប្រាប់ថា កាយរុករកខ្សាច់ក្នុងអូរដើម្បីធ្វើតេស្ដ ។ ប៉ុន្តែមេការដែលព្យាយាមផ្ដល់ចម្លើយមិនច្បាស់លាស់រូបនេះ មិនបាននិយាយ ឬបង្ហាញច្បាប់អនុញ្ញាតពីអាជ្ញាធរ ឬពីមន្ទីរជំនាញឲ្យពលរដ្ឋបានឃើញទេ ។
ក្រុមអ្នកតវ៉ាបាននិយាយថា មូលហេតុដែលអ្នកភូមិលើកគ្នាទៅតវ៉ានេះ ព្រោះអ្នកភូមិបារម្ភមិនឈប់ឈរថា បើក្រុមហ៊ុនគ្រឿងចក្រនេះ ពិតជាដំឡើងម៉ាស៊ីនបូមយកខ្សាច់ក្នុងអូរនេះមែន អ្នកភូមិដែលរស់នៅតាមដងអូរប្រាកដជារងផលប៉ះពាល់ធ្ងន់ធ្ងរណាស់ ។ អ្នកភូមិបានលើកឡើងពីក្ដីបារម្ភដូច្នេះថា «សកម្មភាពបូមខ្សាច់យូរៗអាចនឹងបាក់ដីមាត់អូរប៉ះពាល់ដល់លំនៅឋានប៉ះពាល់ផលដំណាំ ស្រែចម្ការ និងបង្កការលំបាកដល់ការប្រើប្រាសទឹកអូរ ដើម្បីស្រោចស្របដំណាំកសិកម្មផ្សេងៗនៅតាមដងអូរនោះ» ។ ដូច្នេះហើយ ទើបពួកគេសូមឲ្យអាជ្ញាធរជួយរកវិធានការទប់ស្កាត់ ឬដោះស្រាយ ។

 

នៅព្រឹកថ្ងៃទី១០ កក្កដា អាជ្ញាធរស្រុកថ្មគោល បានសម្រេច និងកំណត់ឲ្យតំណាងក្រុមហ៊ុនគ្មានច្បាប់ទម្លាប់មួយនេះ រុះរើដកគ្រឿងចក្រ និងសម្ភារៈនានា ចេញពីលើទីតាំងនោះឲ្យអស់ចាប់ពីថ្ងៃនេះតទៅ (ថ្ងៃចុះពិនិត្យ) ដោយមិនអនុញ្ញាតឲ្យមានដឹកគ្រឿងចក្រចូលធ្វើសកម្មភាពជាលើកទី២ឡើយ បើគ្មានច្បាប់អនុញ្ញាត ។ ជាមួយនឹងលក្ខខណ្ឌដ៏ប្រថុចញ៉ុចបែបនេះ អ្នកមើលការខុសត្រូវគ្រឿងចក្រដែលអះអាងថា ជាឪពុកក្មេកថៅកែក្រុមហ៊ុនបានយល់ព្រមរើតោករើហឹងចេញពីការដ្ឋានដែលត្រៀមបូមខ្សាច់ តែមេការូបនេះសុំពេល០៣ថ្ងៃ ដើម្បីរុះរើសម្ភារ និង ដឹកគ្រឿងចក្រចេញពីលើទីតាំងនេះឲ្យអស់ ។
ប៉ុន្តែយ៉ាងណា មុននឹងក្រុមការងារចាកចេញ អាជ្ញារធរបានផ្ដែរផ្ដាំជាលើកចុងក្រោយថា «ប្រសិនបើគ្មានច្បាប់អនុញ្ញាតទេ ថ្ងៃក្រោយហាមដាច់ខាតមិនឲ្យក្រុមហ៊ុននេះ ចូលធ្វើសកម្មភាពដាច់ខាតលើដីអូរនេះឡើយ» ៕

អត្ថបទដែលជាប់ទាក់ទង