Banner KNP Detail Top

អ្នកនាង ស្រី កូលាបស កោតសរសើរពីភាពរីកចម្រើន នៃវិស័យបង្ហាញម៉ូដនៅកម្ពុជា នាពេលបច្ចុប្បន្ន

អ្នកនាង ស្រី កូលាបស កោតសរសើរពីភាពរីកចម្រើន នៃវិស័យបង្ហាញម៉ូដនៅកម្ពុជា នាពេលបច្ចុប្បន្ន


(ភ្នំពេញ)៖ អ្នកបង្ហាញម៉ូដល្បីឈ្មោះកាលពីអំឡុងឆ្នាំ១៩៩៧ និងជាសមាជិកក្រុមបង្ហាញម៉ូដដំបូងគេនៅកម្ពុជា «សាពណ៌» គឺអ្នកនាង ស្រី កូលាបស បានបង្ហាញការកោតសរសើរជាខ្លាំង ទៅលើវិស័យបង្ហាញម៉ូដនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ដែលមានភាពរីកចម្រើន គួរឲ្យកត់សម្គាល់ខុសឆ្ងាយពីជំនាន់មុន ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំប្រទេស រហូតធ្វើឲ្យវិស័យបង្ហាញម៉ូដ ល្បីល្បាញដល់ឆាកអន្តរជាតិ។ វិស័យបង្ហាញម៉ូដនៅក្នុងប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរ ទៅកាន់ឆាកអន្តរជាតិ នៅពេលដែលកម្ពុជាបញ្ជូនបេក្ខជន-បេក្ខនារី ទៅចូលរួមប្រកួតលំដាប់អន្តរជាតិម្ដងៗ។
ការថ្លែងកោតសរសើរពីភាពរីកចម្រើនខ្លាំង ក្នុងវិស័យម៉ូដែលរបស់កម្ពុជា ពីសំណាក់អ្នកបង្ហាញម៉ូដល្បីឈ្មោះ កាលពីជាង២០ឆ្នាំមុន អ្នកនាង ស្រី កូលាបស គឺក្នុងឱកាសដែលអ្នកនាងបានរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ តាមប្រពៃណីខ្មែរ ជាមួយនឹងស្វាមីជាជនជាតិអាមេរិក គឺលោក Jee Durnfard នាយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមការបង្ហាញវត្តមានពីសំណាក់ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងសាច់ញាតិ ព្រមទាំងអ្នកសិល្បៈរួមជំនាន់ផងដែរ។


អតីតតារាម៉ូដែលអ្នកនាង ស្រី កូលាបស បានប្រាប់ឲ្យដឹងថា ថ្វីត្បិតតែអ្នកនាងបានឃ្លាតឆ្ងាយពីវិស័យបង្ហាញម៉ូដយូរឆ្នាំមកហើយក្ដី ប៉ុន្តែក្នុងចិត្តនៅតែស្រឡាញ់ដក់ជាប់លើវិស័យនេះ ហើយក៏មានអ្នកលើកទឹកចិត្តឲ្យបន្តឈរ នៅលើវិស័យនេះបន្ថែមទៀត ពេលខ្លួនកំពុងរស់នៅសហរដ្ឋអាមេរិក។ ប៉ុន្តែដោយសារភាពមមាញឹកនឹងការងារ និងចង់ទុកឱកាសឲ្យប្អូនៗជំនាន់ក្រោយ បានសាងកេរ្តិ៍ឈ្មោះក្នុងវិស័យមួយនេះ អ្នកនាងក៏សម្រេចចិត្តមិនបន្ត ដោយងាកទៅពង្រឹងជំនួញរបស់ខ្លយនវិញ។ អ្នកនាងក៏នឹងមានបំណងមករស់នៅក្នុងប្រទេសកម្ពុជាវិញ ហើយបើមានឱកាសអ្នកនាងអាចនឹងបើកក្រុមហ៊ុន ដែលទាក់ទងនឹងការបណ្ដុះបណ្ដាល អ្នកបង្ហាញម៉ូដជំនាន់ក្រោយៗ ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ដោយឡែកអ្នកនាង សាពណ៌ ដែលជាអ្នកនាំវិស័យបង្ហាញម៉ូដមកកម្ពុជាដំបូងគេ បានបង្ហាញចំណាប់អារម្មណ៍ថា ទោះបីជាអ្នកនាងបានឃ្លាតឆ្ងាញពីវិស័យ និងអាជីពបង្ហាញម៉ូដអស់រយៈពេលជាង២០ឆ្នាំមកហើយក្ដី ប៉ុន្តែអ្នកនាងនៅតែនឹករឭក និងបានសំឡឹងមើលឃើញថា អាជីពបង្ហាញម៉ូដនៅក្នុងប្រទេសកម្ពុជានាពេលបច្ចប្បន្ន មានការរីកចម្រើនខ្លាំង ស្ទើរនឹកស្មានមិនដល់ គួបផ្សំជាមួយសមត្ថភាពរបស់ក្មេងៗជំនាន់ក្រោយ គឺពិតជាមានទេពកោសល្យមិនធម្មតា គួរឲ្យកោតសរសើរ។ អ្នកនាងនឹងនៅតែបន្តផ្ដល់ការបណ្ដុះបណ្ដាល ដល់អ្នកបង្ហាញម៉ូដជំនាន់ក្រោយបន្ថែមទៀត ប្រសិនបើមានអ្នកគាំទ្រ ឬស្ថាប័នក្រុមហ៊ុនមួយណាចង់ឲ្យអ្នកនាងបង្ហាត់បង្រៀន គឺស្វាគមន៍ជានិច្ច។
អ្នកនាង សាពណ៌ បានបញ្ជាក់ថា «ខ្ញុំយល់ថាវិស័យបង្ហាញម៉ូដនៅក្នុងប្រទេសយើងឥឡូវ ជឿនលឿនមែនទែន គឺមានសន្ទុះ ហើយក្មេងៗជំនាន់ក្រោយគាត់ឆ្លាត ហើយមានរាងខ្ពស់ មានទេពកោសល្យក្នុងបង្ហាញពីសមត្ថភាពផ្ទាល់ខ្លួនរបស់គាត់, ផ្នែកភាសាក៏គាត់ពូកែ ផ្នែកទេពកោសល្យក្នុងសម្ដែង ឬដើរក៏ពូកែ និយាយរួមសុទ្ធតែអ្នកមានថ្វីដៃ។ សូមសរសើរថា ផ្នែកសិល្បៈយើងឥឡូវ គឺរីកចម្រើន» ៕

អត្ថបទដែលជាប់ទាក់ទង