Banner KNP Detail Top

សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន មន្ដ្រីយោធាជើងទឹកម្នាក់ បាញ់រះ៣គ្រាប់ ដោយមិនដឹងមូលហេតុ នៅលើភ្នំបុរីវិមានឈ្នះៗ ស្រុកព្រៃនប់

សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន មន្ដ្រីយោធាជើងទឹកម្នាក់ បាញ់រះ៣គ្រាប់ ដោយមិនដឹងមូលហេតុ នៅលើភ្នំបុរីវិមានឈ្នះៗ ស្រុកព្រៃនប់

(ព្រះសីហនុ)៖ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៧យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ មន្ដ្រីយោធាតួនាទីជំនួយការកងនាវាប្រដេញមូលដ្ឋានសមុទ្រកងទ័ពជើងទឹកម្នាក់ ឈ្មោះ បូ ឌីណា បានដកកាំភ្លើងខ្លីបាញ់រះចំនួន៣គ្រាប់ដោយមិនដឹងមូលហេតុ នៅចំណុចលើភ្នំបុរីវិមានឈ្នះៗ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយគេចខ្លួនបាត់។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ ប្រចាំខេត្តព្រះសីហនុ បានឲ្យដឹងថា ដើមឡើងមានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចថា លឺសូរសំឡេងផ្ទុះអាវុធចំនួន៣គ្រាប់ នៅទីតាំងខាងលើ ភ្លាមនោះកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបិតត្រាំង បានចុះទៅដល់កន្លែងកើតហេតុ បានប្រទះឃើញសំបកកន្ទុះចំនួន២គ្រាប់ មានចម្ងាយប្រហែល១០ម៉ែត្រពីគ្នា និងសាកសួរប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ដោយកំណត់អត្តសញ្ញាណមុខសញ្ញាជនសង្ស័យបង្ក។

ជនសង្ស័យបង្កបានបើកបររថយន្តឡង់គ្រីស័រពណ៌ស១គ្រឿង និងមានមនុស្សប្រហែល១០នាក់ដើរមកជាមួយ បានសួរកម្មករកំពុងលើកដាក់ដែក សួររួចក៏ចេញទៅវិញបានបន្តិចក៏ផ្ទុះអាវុធចំនួន៣គ្រាប់ រួចក៏បើកបរចូលផ្ទះនៅខាងក្រោមកន្លែងកើតហេតុបាត់ទៅ។ ខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចបង្ហើបអត្ដសញ្ញាណថា ឈ្មោះ បូ ឌីណា ឋានន្ដរស័ក្ដិ វរសេនីយ៍ត្រី មានតួនាទីជាជំនួយការកងនាវាប្រដេញមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក។ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកជនបង្ក ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង