Banner KNP Detail Top

វិធានការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង តាមរយ:ការចុះចាប់ប្រមូល ក្រុមដើរលេងយប់ បង្ហាញការគាំទ្រ ចំពោះវិធានការរបស់សមត្ថកិច្ច

វិធានការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង តាមរយ:ការចុះចាប់ប្រមូល ក្រុមដើរលេងយប់ បង្ហាញការគាំទ្រ ចំពោះវិធានការរបស់សមត្ថកិច្ច

កំពត៖ បន្ទាប់ពីចេញវិធានការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង តាមរយ:ការចុះចាប់ប្រមូល ក្រុមដើរលេងយប់ ពីម៉ោង ២ រំលងអធ្រាត្រ ទៅដាក់នៅ អធិការដ្ឋានក្រុង ស្រុក រួចឱ្យឪពុកម្តាយ មកធានានោះ អាណាព្យាបាល គ្រូបង្រៀនសិស្សានុសិស្ស បានគាំទ្រពេញទំហឹង ព្រោះវិធានការនេះ អាចជួយតម្រង់ទិសយុវជន ខិលខូច មកដើរតាមផ្លូវល្អវិញ។


ចំណាត់ការរបស់សមត្ថកិច្ចនេះ បានផ្សព្វផ្សាយ នៅលើផេកផ្លូវការ នៃស្នងការដ្ឋាន នគរបាល ខេត្តកំពត កាលពីថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២៣ ។
លោកស្រី ចាន់ ដាវី នាយិការងសាលាវិទ្យាល័យមិត្តភាព កម្ពុជា–ជប៉ុន កំពតក្រុង បានបញ្ជាក់ថា លោកស្រី គាំទ្រ និងពេញចិត្តចំពោះវិធានការអប់រំ ទប់ស្កាត់ក្មេងទំនើង ដើម្បីកុំឱ្យជ្រុលជ្រោះរហូតខូចអនាគតនោះ។ ក្មេងៗខ្លះ អត់ស្តាប់ដំបូន្មានឪពុកម្តាយ និងគ្រូបង្រៀន ដោយទៅដើរលេងតាមទំនើងចិត្ត គេចសាលា មិនចូលផ្ទះក៏មាន។ ដូច្នេះ បើមានការចូលរួម ពីសមត្ថកិច្ច អាជ្ញាធរ និងគ្រប់មជ្ឍដ្ឋានជុំវិញ ក្នុងការជួយតម្រង់ទិស យុវជនខិលខូចទាំងនោះ អាចកែខ្លួនត្រឡប់មករកផ្លូវល្អវិញ។
អ្នកស្រី ណុប រ័ត្ន រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត បានរៀបរាប់ថា ក្មេងៗ នៅក្នុងភូមិ ស្តាប់បង្គាប់ឪពុកម្តាយបានល្អ គ្មានក្មេងទំនើងទេ។ ប៉ុន្តែអ្នកស្រី ក៏ធ្លាប់ឃើញក្មេងៗ វ័យសិក្សា ដើរលេងពពាក់ពពូន អង្គុយតាមសួនច្បារ មាត់ព្រែករមណីយដ្ឋានស្រះឈូក និងកន្លែងលក់ស្រាក្រឡុក រហូតដល់យប់ជ្រៅ។
អ្នកស្រី បានបញ្ជាក់ថា ក្មេងៗ ឥឡូវ ងាយឈ្លក់វង្វេង តាមសម្ភារៈនិយម ពិសេសប្រព័ន្ធ បច្ចេកវិទ្យា ធ្វើឱ្យម៉ែឪ ពិបាកប្រដៅ ប៉ុន្តែខ្លាចប៉ូលិសទៅវិញ។ ដូច្នេះ សូមសមត្ថកិច្ច ជួយពិនិត្យក្មេងៗ ដែលគេចសាលារៀនផង។
សិស្សានុសិស្សវិទ្យាល័យមិត្តភាព កម្ពុជា–ជប៉ុន កំពតក្រុង បានបង្ហាញការគាំទ្រ ចំពោះវិធានការរបស់សមត្ថកិច្ចថា ការចាប់ប្រមូលក្មេងទំនើង ទៅដាក់នៅអធិការដ្ឋាន អាចជួយឱ្យពួកគេ រាងចាល ហើយងាកមកស្តាប់ដំបូន្មានឪពុកម្តាយវិញ។ ក្មេងទំនើង មិនត្រឹមតែបំផ្លាញអនាគតខ្លួនឯងទេ ថែមទាំងធ្វើឱ្យឪពុកម្តាយ អាម៉ាស់មុខ ចំពោះសង្គម ពិសេសសមត្ថកិច្ចតែម្តង៕

អត្ថបទដែលជាប់ទាក់ទង