អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទកំណាត់ផ្លូវលេខ ២០អា ជាបណ្តោះអាសន្ន មិនឱ្យរថយន្តធំ ធ្វើចរាចរណ៍ឆ្លងកាត់
អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទកំណាត់ផ្លូវលេខ ២០អា ជាបណ្តោះអាសន្ន មិនឱ្យរថយន្តធំ ធ្វើចរាចរណ៍ឆ្លងកាត់
ភ្នំពេញ៖ ដើម្បីទប់ស្កាត់នូវគ្រោះអាក្រក់នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅតាមទីតាំងដែលទឹកជំនន់ទឹកភ្លៀង បានហូរចូល លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ក្នុងខណ្ឌដង្កោ។
អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទកំណាត់ផ្លូវលេខ ២០អា ជាបណ្តោះអាសន្ន មិនឱ្យរថយន្តធំ ធ្វើចរាចរណ៍ឆ្លងកាត់នោះទេ ខណៈដែលកម្រិតទឹកស្ទឹងព្រែកត្នោត បានហក់ឡើងបណ្ដាលឲ្យជន់លិចលំនៅដ្ឋាន ប្រជាពលរដ្ឋ ជាង ១ពាន់ខ្នងផ្ទះ មាន ២៥ ភូមិ ស្មេីនឹង ១០ សង្កាត់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបង្ខំឲ្យម្ចាស់ផ្ទះទាំងអស់ ចាកចេញ ឡើងគោករកកន្លែង សុវត្ថិភាព ពួកគាត់សង់ខ្ទមប្រក់តង់ ស្នាក់នៅបណ្ដោះអាសន្ន។
លោក ឃួង ស្រេង ណែនាំឱ្យបន្ថែមកម្លាំងទប់ទឹកនៅតាមសណ្តរស្ទឹងព្រែកត្នោត និងតម្រូវឱ្យផ្អាកការធ្វេីចរាចរណ៍ជាបណ្តោះអាសន្ន រថយន្តធំនៅផ្លូវខាងមុខ សាលាសង្កាត់គងនយ ។
លោក ឃួង ស្រេងបានណែនាំឱ្យមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង អាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំងនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ព្រមទាំងកងកម្លាំងប្រដាប់អាវុធនានា បានប្រចាំការតាមដានស្ថានភាពទឹក ជាប់ជាប្រចាំ មិនតែប៉ុណ្ណោះ បានច្រកដីខ្សាច់ទប់ទឹក ដែលកំពុងហៀរចេញពីស្ទឹង មកលើផ្លូវប្របមាត់ស្ទឹង ហើយបើគ្មានការទប់ទេនោះ ទឹកនឹងហូរផ្ដាច់ផ្លូវ លិចតំបន់ ក្នុងសណ្ដរស្ទឹង ព្រមទាំងគំរាមកំហែងដល់ផ្លូវទំនប់សណ្ដរស្ទឹង មិនខានឡើយ។
បើតាមប្រជាពលរដ្ឋ បាននិយាយថា ទឹកបានចាប់ផ្ដើមឡើងខ្លាំង នៅថ្ងៃទី១២ ខែមករា ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹង ភ្លាមៗនោះឡើយ រហូតមកដល់វេលា យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែឡើងយ៉ាងគំហុក ពេញច្រាំង និងហៀរចូល លិចលំនៅដ្ឋានពួកគាត់ យ៉ាងឆាប់រហ័ស។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញបានឱ្យដឹងថា ស្ថានភាពទឹកជំនន់នៅកំពង់ស្ពឺបានស្រកហេីយ អីចឹងរាជធានីភ្នំពេញ អាចស្រកនៅល្ងាចនេះ ឬស្អែក ដែលទឹកមិនអាចគម្រាមកំហែងរាជធានីភ្នំពេញបានឡេីយ។
លោក ឃួង ស្រេង បានណែនាំឱ្យមន្ត្រីជំនាញ ខិតខំយកចិត្តទុកដាក់ និងតាមដានឱ្យបានជាប់ជាប្រចាំ ជាពិសេសត្រូវបន្ថែមកំលាំងរួមជាមួយបាវ និងខ្សាច់ សម្រុកទប់ឱ្យបាន កុំឱ្យមានទឹកហូរចេញយប់នេះ ព្រោះថាបេីទប់យប់នេះ បាន នឹងមិនមានលិចឡេីយដោយហេតុថា ជំនន់ទឹកភ្លៀងនៅកំពង់ស្ពឺ បានចាប់ផ្តេីម ស្រកហេីយ។
លោក ឃួង ស្រេង ក៏បានណែនាំឱ្យសមត្ថកិច្ចជំនាញ សហការជាមួយ ខេត្តកណ្ដាល ឱ្យផ្អាកការធ្វេីចរាចរណ៍ ឡានធំនៅផ្លូវលេខ២០អា ឬផ្លូវមុខ សាលាសង្កាត់គងនយ ជាបណ្តោះអាសន្ន រថយន្តធំផងដែរ។ ចំណែក មន្ដ្រីក្រសួងធនធានទឹក បានអះអាងថា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ភ្លៀងខុសរដូវ បានធ្លាក់ជាច្រើន នៅអាងស្ទឹងព្រែកត្នោត ក្នុងកម្រិត ២០០ មីល្លីម៉ែត្រ ទៅ ៣០០ មីលីម៉ែត្រ ហើយបានធ្វើឲ្យមានជំនន់ កេីតមានឡេីង នៅតាមដងស្ទឹងព្រែកត្នោត។ មន្ដ្រីបានបង្ហើបថាៈ ស្ថានភាពជំនន់ ខុសរដូវនេះ គឺតែងតែកើតឡើង ក្នុងរយៈពេល ២០ ឆ្នាំម្ដង៕