Banner KNP Detail Top

ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ ត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ នៅស្រុកប្រាសាទសំបូរ

ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ ត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ នៅស្រុកប្រាសាទសំបូរ

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំខេត្ត បណ្ដាមន្ទីរស្ថាប័នពាក់ព័ន្ធជុំវិញខេត្តកំពង់ធំ និងអភិបាលស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានអមដំណើរឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ អញ្ជើញទៅត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង នៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោក ឃឹម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានបញ្ជាក់ថាក្នុងរយៈពេលជាង១០ថ្ងៃកន្លងមកនេះ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ បានធ្វើឱ្យជំនន់ទឹកភ្លៀងបង្កការប៉ះពាល់នៅតាមបណ្ដាភូមិ/ឃុំមួយចំនួនរបស់ស្រុកប្រាសាទសំបូរ។ កន្លងមកថ្មីៗនេះនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានកុមារពីរនាក់ ដែលធ្វើដំណើរមកតាមឪពុកទៅបង់សំណាញ់ ហើយត្រូវបានទឹកហូរគួចបណ្តាលឱ្យលង់ទឹក ទទួលមរណភាពនៅភូមិចារ្យ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំដល់អាជ្ញាធរដែនដី/ភូមិ/ឃុំ/ស្រុក ត្រូវយកចិត្តទុកដាក់ណែនាំដល់ប្រជាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវត្រៀមកងកម្លាំង និងមធ្យោបាយគ្រប់ប្រភេទ ដើម្បីដឹកជញ្ជូនពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពក្នុងកាលៈទេសៈ ដែលទឹកជំនន់នៅតែបន្តកើនឡើង។ ជាមួយនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ទីរ ស្ថាប័នពាក់ព័ន្ធត្រូវវាយតម្លៃឲ្យបានច្បាស់លាស់អំពីផលប៉ះពាល់ ដែលបណ្ដាលមកពីគ្រោះទឹកជំនន់នេះ មានជាអាទិ៍ បញ្ហាប្រព័ន្ធផ្លូវគមនាគមន៍ បញ្ហាប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់មានជីវភាពលំបាកខ្វះខាត និងការខូចខាតផលដំណាំផ្សេងៗ ដែលកើតមានឡើង ដើម្បីត្រៀមស្តារការខូចខាតនិងដោះស្រាយជូនប្រជាពលរដ្ឋយើងឲ្យបានសមស្របទាន់ពេលវេលា។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាឱ្យឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយបណ្ដាកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រៀមលក្ខណៈជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះទឹកជំនន់ ដែលកើតមានឡើងនៅក្នុងឱកាសនេះឲ្យទាន់ពេវេលា ហើយឧត្តមសេនីយ៍ទោ សោម ស៊ុន បានរាយការណ៍អំពីការប្រុងប្រៀបកងកម្លាំង សម្ភារៈប្រើប្រាស់ និងមធ្យោបាយធ្វើដំណើរសម្រាប់ចល័តអន្តរាគមន៍បានរួចរាល់ ហើយប្តេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី និងបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តមអភិបាលខេត្ត ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ ដេីម្បីបម្រើប្រជាជន ៕

អត្ថបទដែលជាប់ទាក់ទង