ជំនន់ទឹកស្ទឹងព្រែកត្នោត ដែលកើតមាននៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ចាប់ផ្តើមស្រកចុះទៅវិញ នៅព្រឹកថ្ងៃទី១៦ ខែមករា ជាបន្តបន្ទាប់
ជំនន់ទឹកស្ទឹងព្រែកត្នោត ដែលកើតមាននៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ចាប់ផ្តើមស្រកចុះទៅវិញ នៅព្រឹកថ្ងៃទី១៦ ខែមករា ជាបន្តបន្ទាប់
ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នំា២០២៣ ជំនន់ទឹកស្ទឹងព្រែកត្នោត ដែលកើតមាននៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ចាប់ផ្តើមស្រកចុះទៅវិញ ជាបន្តបន្ទាប់ ក្រោយពីនៅភាគខាងលើ នៃស្ទឹងព្រែកត្នោត ក្នុងខេត្តកំពង់ស្ពឺ អស់ភ្លៀង ហើយទ្វារទឹករលាំងជ្រៃ ត្រូវបានទម្លាក់ចុះជាបន្តបន្ទាប់ ទៅតាមបច្ចេកទេស នៃការគ្រប់គ្រងទឹករួចមក។
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹង នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ថា ទឹកស្ទឹងព្រែក ត្នោត នៅក្រោមទ្វារទឹករលាំង ជ្រៃ ក្នុងខេត្តកំពង់ស្ពឺ បានស្រកចុះវិញ ជាបណ្តើរៗ ហើយ បន្ទាប់ពីទ្វារទឹករលាំងជ្រៃ បានទម្លាក់ចុះជាបន្តបន្ទាប់ ទៅតាមបច្ចេកទេស នៃការគ្រប់គ្រងទឹក តែមិនទាន់អាចបិទទ្វារទឹកនេះ ឱ្យជិតទាំងស្រុង បាននៅឡើយ ទេ ដោយសារទឹក ស្ថិតនៅក្នុងរង្វង់ ប្រកាសឱ្យមាន ការប្រុងប្រយ័ត្ននៅឡើយ។ ទឹកស្ទឹ្ងងព្រែកត្នោត នៅខាងក្រោមទ្វារទឹករលាំងជ្រៃ បានស្រកចុះជាលំដាប់ ទាំងទឹកធ្លាក់ពីខាង ចាន់ថ្នាល និងទឹកធ្លាល់ចុះមកពីប៉ែកខាងភ្នំជាល ដែលជាទឹកស្ថិតនៅក្រៅការគ្រប់ គ្រង ព្រមពេលជាមួយនឹងភ្លៀង ក៏លែងមានធ្លាក់មកបន្ថែមទៀត។
ស្ថានភាពទឹក នៅល្ងាចថ្ងៃទី១៥ ខែមករា នៅពាមឃ្លាំ ទឹកនៅសល់កម្ពស់ ៥,៥០ ម៉ែត្រ (កម្ពស់ប្រុងប្រយ័ត្ន ៧,៨០ ម៉ែត្រ) នៅទ្វារទឹករលាំងជ្រៃ ទឹកស្រកមកនៅ កម្ពស់ ៧,៧៤ ម៉ែត្រ (កម្ពស់ត្រូវប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ) បន្ទាប់ពីបានឡើងដល់ កម្ពស់ ៧,៧៨ ម៉ែត្រ។ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា មានកម្រិតដល់ពីជិតដល់ ៣០០ មីលីម៉ែត្រ និងលើសពី ៣០០ មីលីម៉ែត្រ នៅផ្ទៃរងទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រួចមក។
ជំនន់ទឹកស្ទឹងព្រែកត្នោត បានកើតមានឡើងខុសប្រក្រតី នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែមករា និងរាលដាលដល់តំបន់សណ្តរស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្ររាជ ធានីភ្នំពេញ នាថ្ងៃទី១៤ និង ១៥ ខែមករា ហើយទឹកទឹកជំនន់ នេះ នឹងស្រកចុះទៅវិញ នៅថ្ងៃទី១៦ ខែមករា បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានចាត់វិធានការដោះទឹក ដោយផ្ទាល់ពីលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ទៅតាមបច្ចេកទេស នៃការគ្រប់គ្រងទឹក តាំងពីដើមទី រហូតដល់ពេលនេះរួចមក។
ចាប់តាំងពីថ្ងៃទី១៣ ខែមករា មក ទ្វារទឹករលាំងជ្រៃ ត្រូវបានបើកទាំង ៥ ទ្វារ ដោយមួយទ្វារកម្ពស់ ៧ ម៉ែត្រ ពីរទ្វារ កម្ពស់ ៦ ម៉ែត្រ សម្រាប់ទ្វារនីយមួយៗ និងពីរទៀត កម្ពស់ ៥ ម៉ែត្រ សម្រាប់ទ្វារនីមួយៗ និងនៅថ្ងៃទី១៥ ខែមករា ទ្វារទឹកទាំង៥ ត្រូវបានទម្លាក់ចុះ ដោយនៅបើកត្រឹមកម្ពស់មួយម៉ែត្រ សម្រាប់ទ្វារ នីមួយៗ នៃទ្វារទាំង៥ ដោយមិនទាន់អាចបិទជិតបានទាំងស្រុងនៅឡើយទេ ដោយសារទឹកនៅផ្នែកខាងលើ ទ្វារទឹករលាំងជ្រៃ នៅខ្ពស់ជាងកម្ពស់ ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ននៅឡើយ៕