Banner KNP Detail Top

ជនដៃដល់សម្លាប់ប្រពន្ធនិងកូន នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានតុលាការដាក់ពន្ធនាគារអស់មួយជីវិត

ជនដៃដល់សម្លាប់ប្រពន្ធនិងកូន នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានតុលាការដាក់ពន្ធនាគារអស់មួយជីវិត


(កណ្ដាល)៖ ជនដៃដល់សម្លាប់ប្រពន្ធកូនខ្លួននៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានលោក ស៊ូ បញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល និងលោកស្រី ស៊ូ សុជាតា តំណាងអយ្យការ សម្រេចដាក់ពន្ធនាគារអស់មួយជីវិត តាមរយៈបទចោទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។


ជនដែលសម្លាប់ប្រពន្ធ-កូនរបស់ខ្លួននេះមានឈ្មោះ ម៉ៅ សំអាង ត្រូវបានចាប់ខ្លួននៅចំណុចផ្សារប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
លោក ស៊ូ បញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានថ្លែងប្រាប់ភ្នាក់ងារ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះថា យោងតាមច្បាប់មាត្រា២០០ បទឃាតកម្មគិតទុកជាមុន៖ ឃាតកម្មគិតទុក គឺអំពើសម្លាប់មនុស្សដោយគិតទុកជាមុន ឬដោយការពួនស្ទាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ការពួនស្ទាក់ជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ក្នុងរយៈពេលមួយរយៈ ដើម្បីប្រព្រឹត្តអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ឃាតកម្មគិតទុកជាមុនត្រូវដាក់ពន្ធនាគារអស់មួយជីវិត។


ឈ្មោះ ម៉ៅ សំអាង នេះបានសម្លាប់ប្រពន្ធ-កូនខ្លួនឯងដោយប្រើកាំបិតកាប់ប្រហារ ហើយកូនស្រីអាយុ២ខួបបានដាច់ក្បាលចេញពីខ្លួនយ៉ាងអាណោចអធម កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិពោធិស្មាត ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។
មូលហេតុនៃឃាតកម្មនេះ ត្រូវបានជនសង្ស័យសារភាពថា ខ្លួនបានខឹងសម្បានឹងប្រពន្ធដែលមានសាហាយ និងមានកូនជាមួយសាហាយ ទើបឈានដល់ការសម្លាប់ចោលទាំង២នាក់តែម្ដង បន្សល់ទុកកូនប្រុស២នាក់កំព្រា រីឯឪពុកត្រូវជាប់គុកអស់មួយជីវិត៕

អត្ថបទដែលជាប់ទាក់ទង