Banner KNP Detail Top

ប្រវត្តិខ្លះៗ របស់ជើងខ្លាំងគុនខ្មែរ ព្រំ សំណាង និងស្ដេចប្រដាល់ភូមា Dave Leduc

ប្រវត្តិខ្លះៗ របស់ជើងខ្លាំងគុនខ្មែរ ព្រំ សំណាង និងស្ដេចប្រដាល់ភូមា Dave Leduc

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី០៥ ខែវិច្ឆិកាស្អែកនេះ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំ នៃជំនួបរវាងអ្នកលេងគុនខ្មែរលំដាប់ប្រទេស ព្រំ សំណាង និងស្ដេចប្រដាល់ភូមា ដេវ លីឌុច (Dave Leduc) នឹងធ្វើឡើង នៅលើសង្វៀន “Wurks សេនាគុនខ្មែរពិភពលោក” នៅផ្សារទំនើបជីបម៉ុង 271 មេហ្គាម៉ល ដែលត្រូវប្រកួតរុំអំបោះឆៅ និងប្រកួតតែ ១ទឹកប៉ុណ្ណោះ ក្នុងរយៈពេល ៩នាទី ។


ការជួបគ្នា រវាងជើងខ្លាំងគុនខ្មែរ និងជើងខ្លាំងក្បាច់ Lethwei របស់មីយ៉ាន់ម៉ានេះ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយការប៉នប៉ងចង់ជួបគ្នា រហូតឈានដល់ការផ្លោតសម្ដីឌឺដងដាក់គ្នាតាមបណ្ដាញសង្គម អស់រយៈពេលជាច្រើនខែកន្លងមក ពិសេស Dave Leduc ហាក់អន្ទះសារចង់ជួប ព្រំ សំណាង ជាខ្លាំង បន្ទាប់ពីអ្នកលេងជង្គង់ពិឃាតរូបនេះ បានសាងភាពល្បីល្បាញខ្លាំងប្រមាណជា ២ឆ្នាំចុងក្រោយ ។
សូមបង្វែរអារម្មណ៍ទស្សនិកជន មកចាប់អារម្មណ៍ប្រវត្តិខ្លះៗរបស់អ្នកប្រដាល់ជើងខ្លាំងទាំងពីរ ដូចខាងក្រោម៖
សម្រាប់ ព្រំ សំណាង កើតនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៨៦ បច្ចុប្បន្នមានវ័យ ៣៧ឆ្នាំ និងកម្ពស់ ១.៨៣ម៉ែត្រ ។ កីឡាករមានប្រភពពីខេត្តកំពង់ស្ពឺនេះ បានចូលប្រឡូកអាជីពប្រដាល់គុនខ្មែរ តាំងពីឆ្នាំ២០១១ ធ្លាប់ប្រកួតបាន ១៥៩ដង ឈ្នះ ១៤៤ដង (វាយគូប្រកួតសន្លប់ ៧០ដង) ចាញ់ ១២ដង និងស្មើគ្នា ៣ដង ។ រីឯ ២៨ប្រកួតចុងក្រោយ បន្ទាប់ពីបង្ហាញខ្លួនលើកដំបូង និងដណ្ដើមបានមេដាយសំរឹទ្ធ ក្នុងស៊ីហ្គេម លើកទី៣១ នៅវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២ ព្រំ សំណាង បានយកឈ្នះដៃគូស្ទើរគ្រប់ប្រកួត ពោលគឺចាញ់តែ ១ប្រកួតប៉ុណ្ណោះ ។
តាមរយៈជ័យជម្នះជាបន្ដបន្ទាប់នេះ នាំឲ្យកេរ្ដិ៍ឈ្មោះអ្នកលេងគុនខ្មែររូបនេះ មានប្រជាប្រិយភាពជាខ្លាំង ពិសេសក្រោយផ្ដួលជើងខ្លាំងអង់គ្លេស និងរុស្ស៊ី ដើម្បីគ្រងខ្សែក្រវាត់លើសង្វៀន Thai Fight កាលពីខែកុម្ភៈ ឆ្នាំ២០២២ រហូតយកឈ្នះជើងខ្លាំងមីយ៉ាន់ម៉ា ដើម្បីគ្រងមេដាយមាសគុនខ្មែរ នៃព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ កាលពីថ្មីៗ ដែលបានទាញយកបេះដូងអ្នកស្រលាញ់គុនខ្មែរពេញ ១ប្រទេស ហើយល្បីដល់ Dave Leduc ធ្វើឲ្យគេដេកមិនលក់បក់មិនល្ហើយចង់ជួប ព្រំ សំណាង តែម្ដង ។


ដោយឡែកកីឡាករជនជាតិកាណាដា Dave Leduc កើតនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៩១ មានកម្ពស់ ១.៨៨ម៉ែត្រ និងមានវ័យក្បែរ ៣២ឆ្នាំ ។ គេចាប់ផ្ដើមហាត់កីឡា តាំងពីវ័យ ១៦ឆ្នាំ ហើយបានឆ្លងកាត់ការបណ្ដុះបណ្ដាលជំនាញកីឡាប្រយុទ្ធជាច្រើន មុនចាប់ចិត្តជាមួយក្បាច់គុន Lethwei របស់មីយ៉ាន់ម៉ា ។ ឆ្នាំ២០១៦ គេបានធ្វើដំណើរទៅមីយ៉ាន់ម៉ា ហើយបានហាត់កីឡានេះ មកទល់បច្ចុប្បន្ន ។ Dave ក៏ធ្លាប់ហ្វឹកហាត់ និងប្រកួតគុនចម្រុះ(MMA) និងប្រដាល់ Mauy Thai ផងដែរ ។
បន្ទាប់ពីចូលប្រឡូកប្រដាល់ Lethwei គេឃើញថា Dave Leduc បានទទួលជោគជ័យជាខ្លាំង ទាំងការប្រកួតក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាការប្រកួតក្រៅប្រទេស ជាក់ស្ដែងក្នុងចំណោម ១២ប្រកួត គេបានផ្ដួលគូប្រកួតចំនួន ៦ដង និងស្មើគ្នា ៦ដង ពិសេសគឺការដណ្ដើមបានខ្សែក្រវាត់ Lethwei World Cup 2019 ។ បច្ចុប្បន្នរូបគេ គ្រងខ្សែក្រវាត់ចំនួន ៥ និងពានរង្វាន់ជាច្រើន ដែលសមិទ្ធផលនេះ ត្រូវបានប្រជាជនមីយ៉ាន់ម៉ាប្រសិទ្ធនាមថា The King of Lethwei ទៀតផង ។
សម្រាប់ព្រឹត្តិការណ៍ដ៏ធំនេះដែរ ក្រៅពីជំនួបរវាងជើងខ្លាំងកម្ពុជា និងមីយ៉ាន់ម៉ា ក៏មានកីឡាករលំដាប់ប្រទេស ៥នាក់ផ្សេងទៀត ត្រូវអង្រួនសង្វៀន “Wurks សេនាគុនខ្មែរពិភពលោក” នេះផងដេរ រួមមានកីឡាករ ធឿន ធារ៉ា ត្រូវប៉ះម្ចាស់ខ្សែក្រវាត់របស់ប្រេស៊ីល DANIEL TORRES ។ កីឡាករ រឿង សោភ័ណ្ឌ ជួបខ្លាំងអេស្ប៉ាញ MIKEL JESUA គ្រាដែលម្ចាស់មេដាយមាសស៊ីហ្គេម ២សម័យ បឺត សង្ឃឹម ត្រូវជួបកីឡាករទីម័រ KYRGYZ និងម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ឈុត សេរីវ៉ាន់ថង ត្រូវជួបអ្នកប្រដាល់រុស្ស៊ី MAZORIEV SHARIF និងកីឡាករ ផល សោភ័ណ្ឌ ត្រូវជួបកីឡាករចិន LI TIANTAO ។
គួរដឹងថា មុនជំនួបរវាងកីឡាករ ព្រំ សំណាង និង Dave Leduc ស្អែកនេះ កាលពីថ្ងៃទី០២ ខែវិច្ឆិកាកន្លងទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអនុញ្ញាតឲ្យកីឡាករទាំងពីរ និងក្រុមការងារ ចូលជួបសំណេះសំណាល និងសម្ដែងការគួរសមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង