Banner KNP Detail Top

បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាននាំគ្នាសម្រុកទៅពិនិត្យបញ្ជីឈ្មោះ លេខតុ លេខបន្ទប់

បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាននាំគ្នាសម្រុកទៅពិនិត្យបញ្ជីឈ្មោះ លេខតុ លេខបន្ទប់

 

ភ្នំពេញ៖ នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នំា២០២៣នេះ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាននាំគ្នាសម្រុកទៅពិនិត្យបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា និងប្លង់បន្ទប់ ព្រមទាំងអានបទប្បញ្ញត្តិប្រឡង ដែលត្រូវបានបិទនៅតាមគ្រប់មណ្ឌលប្រឡងទូទាំង ២៥ រាជធានី-ខេត្ត ។


ជាមួយនឹងការបិទបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ នៃការប្រឡងនេះដែរ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះដែរ បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡង ឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាព ផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជន នឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។


ដូចសព្វមួយដង ឬស្ទើរជារៀងរាល់ឆ្នាំ ទៅហើយ សិស្សប្រឡងបាក់ឌុប នៅពេលទៅពិនិត្យមើល បញ្ជីឈ្មោះ លេខតុ លេខបន្ទប់ មួយចំនួន តែងមិនភ្លេចបន់ស្រន់ នៅតាមមណ្ឌលប្រឡងរបស់ខ្លួន ដើម្បីសុំជោគជ័យក្នុងការប្រឡង។ ជាមួយគ្នានេះ កន្លងមក ក៏មានការរិះគន់ពីមហាជនថា សិស្សមិនគួរសុំការប្រឡងជាប់ពីរឿងអប្បិយជំនឿនោះទេ ហើយពួកគេគួរណាស់ ខិតខំរៀនសូត្រវិញ នោះទើបជាជម្រើសមួយល្អបំផុត។ ការបន់ស្រន់ ការស្រោចទឹក គ្មានអ្វីជួយបានឡើយ ក្រៅពីការខិតខំរៀនសូត្រ។
ទោះបីយ៉ាងណា ឆ្លើយតបការរិះគន់នេះបេក្ខជនប្រឡងមួយចំនួន ក៏បានលើកឡើងពីជំនឿ និងទំនៀមទម្លាប់របស់ខ្មែរ ដែលតែងមិនភ្លេចបន់ស្រន់សុំសេចក្តីសុខ និងសុំជោគជ័យផងដែរ មិនថាជាការប្រកួតកីឡា ការសម្តែងសិល្បៈឬអ្វីផ្សេងពីនេះ។ ពួកគេបានខិតខំរៀនសូត្រពេញមួយឆ្នាំ ហើយការបន់ស្រន់ គ្រាន់តែជាជំនឿធ្វើតាមចាស់ទុំប៉ុណ្ណោះ។


គួរបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧.៤១២ នាក់ ស្រី ៧៣.២៧៨ នាក់ មណ្ឌលប្រឡងសរុប ២២៧ មណ្ឌល ត្រូវជា ៥.៥៤៣ បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយ នៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទដែលជាប់ទាក់ទង