អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋស្ទើរទាំងស្រុង ខណៈពេលម្ចាស់ផ្ទះ កំពុងលក់ដូរនៅឯផ្សារ
អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋស្ទើរទាំងស្រុង ខណៈពេលម្ចាស់ផ្ទះ កំពុងលក់ដូរនៅឯផ្សារ
ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះម្ចាស់ផ្ទះឈ្មោះ កុល លីម ភេទប្រុសអាយុ ៤០ឆ្នាំមុខរបរលក់ដូរ ។ ចំណែកប្រពន្ធ ឈ្មោះ អុល សារ៉ុន ភេទស្រីអាយុ ៤៣ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះកើតហេតុនេះ ។
នៅមុនពេលកើតហេតុ ដោយឃើញផ្សែងហុយចេញពីខាងក្នុងផ្ទះកើតហេតុនេះ បន្ទាប់មកប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានស្រែកហៅបងប្អូនប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុជាបន្តបន្ទាប់ដើម្បីនាំគ្នាជួយពន្លត់ ហើយបងប្អូនប្រជាពលរដ្ឋមកដល់ខាងមុខផ្ទះ ទ្វារបានចាក់សោពីខាងក្រៅ បន្ទាប់មកដោយមានលោកមេភូមិផងនោះ បានដាច់ចិត្តវាយសោដើម្បីនាំគ្នាជួយពន្លត់ តែសោបានចាក់ចំនួន២ជាន់ ទំរាំនាំគ្នាវាយសោបាន គឺអគ្គិភ័យឆាប់ឆេះអស់សំភារៈខាងក្នុងស្ទើរទាំងស្រុងទៅហើយ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋបាននាំគ្នាដួសទឹកនៅជុំវិញផ្ទះដើម្បីជួយពន្លត់ភ្លាមៗ អស់រយៈពេលមួយសន្ទុះ ក៏មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញបានមកជួយពន្លត់ភ្លាមៗផងដែរ ។
ម្ចាស់ផ្ទះជាប្តី បាននិយាយប្រាប់ថា គាត់មានកូនចំនួន៤នាក់ (ស្រី១នាក់ នឹងប្រុស៣នាក់) កូនបងមានអាយុ២៧ឆ្នាំ នឹងកូនស្រីពៅមានអាយុ១២ឆ្នាំ ហើយកូនបងៗមានប្រពន្ធអស់ទៅហើយ ចំណែកកូនស្រីពៅ នៅជាមួយគាត់ជារៀងរាល់ថ្ងៃ ។ នៅមុនពេលកើតហេតុ គាត់នឹងប្រពន្ធរួមនិងកូនស្រីពៅ កំពុងលក់ដូរនៅផ្សារឈូកវ៉ា១ ដោយគាត់បាន ចាក់សោពីខាងក្រៅចំនួន២ជាន់ហើយបានបើកភ្លើងចោលដូចសព្វដង លុះកំពុងលក់ដូរក៏ស្រាប់តែម៉ូយម៉ូតូកង់បីបានតេប្រាប់ថា ផ្ទះគាត់ត្រូវភ្លើងឆេះ គាត់នឹងគ្រួសារបានរួមនឹងកូនស្រីបានប្រញាប់ប្រញាល់មកផ្ទះភ្លាមៗ ។
ក្រោយពេលកើតហេតុ លោកអភិបាលខណ្ឌពោធិ៍សែនជ័យចុះមកកន្លែងកើតហេតុភ្លាមៗ ដើម្បីចុះសួរសុខទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ នឹងណែនាំបងប្អូនប្រជាពលរដ្ឋការពារសុវត្ថិភាពនៃគ្រោះអគ្គីភ័យ ។ អគ្គីភ័យនេះរថយន្តពន្លត់អគ្គិភ័យមកចំនួន២គ្រឿង បានបាញ់អស់ចំនួនទាំង២គ្រឿង ៕