ប្រជាពលរដ្ឋជនជាតិដើមភាគតិច ចំនួន៧៥គ្រួសារ ស្នើរសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មេត្តាជួយអន្តរាគមន៍
ប្រជាពលរដ្ឋជនជាតិដើមភាគតិច ចំនួន៧៥គ្រួសារ ស្នើរសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មេត្តាជួយអន្តរាគមន៍
ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋជនជាតិដើមភាគតិចចំនួន៧៥គ្រួសារ ស្នើរសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មេត្តាជួយអន្តរាគមន៏ទទួលស្គាល់ និងចេញប័ណ្ណសិទ្ឋកាន់កាប់ដីធ្លីស្របច្បាប់លើដីកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែងចំនួនបីទីតាំង ទំហំសរុប៨៥ហិកតា ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បានកាន់កាប់និងអាស្រ័យផលលើដីដែលមានទីតាំងខាងលើអស់ជាច្រើនតំណពីដូនតាមកហើយ តែសព្វថ្ងៃនៅមិនទាន់មានលិខិតទទួលស្គាល់ពីអាជ្ញាធរ ឬប័ណ្ណកម្មសិទ្ឋ(ប្លង់រឹង)នោះទេ។ដោយសារតែបែរនេះទើបពួកគាត់សម្រេចនាំគ្នាធ្វើលិខិតទៅសម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចក្រឡាហោមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដើម្បីជួយអន្តរាគមន៏បញ្ជូនមន្ត្រីជំនាញ ចុះវាស់វែងលើទីតាំងដីជាក់ស្តែងជូនប្រជាពលរដ្ឋអាចកាន់កាប់អាស្រ័យផលដោយស្របច្បាប់។
តំណាងប្រជាពលរដ្ឋបន្តថា ករណីសំណើរសុំកាន់កាប់ដីធ្លីខាងលើនេះ ត្រូវបានសម្តេចតេជោ សម្តេចក្រឡាហោម និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចារបញ្ជាឲ្យមន្ត្រីពាក់ព័ន្ឋ និងអាជ្ញាធរខេត្តមណ្ឌលគិរី ចុះពិនិត្យនិងចាត់ចែងដោះស្រាយជូនអ្នកភូមិជាយូរមកហើយ។ប៉ុន្តែពួកគាត់មិនទាន់ឃើញមានមន្ត្រីរដ្ឋបាលខេត្តមណ្ឌលគិរី ចុះអនុវត្តន៏តាមដីកាទាំងនោះទេ ហាក់ពន្យាពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃ។មិនត្រឹមប៉ុណ្ណោះពួកគាត់ទទួលបានព័ត៌មានក្រៅផ្លូវការថា ដីដែលអ្នកភូមិស្នើរសុំសិទ្ឋកាន់កាប់ខាងលើ ត្រូវបានអ្នកមានលុយគ្រាក់ៗនៅភ្នំពេញ ធ្វើប័ណ្ណកម្មសិទ្ឋស្ងាត់ៗបាត់ទៅហើយ ដែលបណ្តាលឲ្យពួកគាត់មានទុក្ខកង្វល់ជាខ្លាំង ដ្បិតខ្លាចបាត់ដីដែលខ្លួនអាស្រ័យផល។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃលេខ៣២០៨ស.ជ.ណ ចុះថ្ងៃទី០១ ធ្នូ ២០២២ បានជម្រាបទៅឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ករណីសំណើសុំជួយអន្តរាគមន៍ទៅរដ្ឋបាលខេត្ត ចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំង កំណត់ ព្រំដី និងវាស់វែងដីទំហំ ៨៥ហិកតា ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់បានរស់នៅ និងអាស្រ័យផលលើទីតាំងដីជាក់ស្ដែង ចំនួន ៣ទីតាំង សរុបចំនួន ៨៥ហិកតា។លិខិតចុះ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ របស់ឈ្មោះ ប្លាណ ដុះ, ក្រើក ទ្រី និងឈ្មោះ មុប ព្យុញ តំណាងប្រជាពលរដ្ឋចំនួន ៧៥គ្រួសារ រួមនិងចំណាររបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រសួងមហាផ្ទៃស្នើ ឯកឧត្តម អភិបាលខេត្ត ចាត់ចែងឱ្យ មានការសិក្សាស្រាវជ្រាវ ពិនិត្យ និងដោះស្រាយបញ្ហាខាងលើនេះដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានចែងជាធរមាន រួចធ្វើការឆ្លើយតបទៅសាមីសំណើវិញ តែគិតត្រឹមព្រឹកថ្ងៃទី១៦ មករា ២០២៣នេះគឺស្ងាត់ឈឹង៕