Banner KNP Detail Top

ច្បាស់ហើយ! លោកឧត្តមសេនីយ៍ទោ គៀង ចាន់តួ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ

ច្បាស់ហើយ! លោកឧត្តមសេនីយ៍ទោ គៀង ចាន់តួ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ មិនមានដីផ្ទះលំហែកាយ នៅលើភ្នំគិរីរម្យ ហើយគ្មានពាក់ព័ន្ធករណីបាញ់បោះនោះឡើយ និយាយរួមមិនមែនទំនាក់ទំនងគតិយុត្តិក្នុងរឿងនេះ

ខេត្តកំពង់ស្ពឺ ៖ នេះជាបញ្ជាក់ពី លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្តកំពង់ស្ពឺ បានប្រាប់នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ លោកឧត្តមសេនីយ៍ទោ គៀង ចាន់តួ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ មិនមានដីផ្ទះលំហែកាយ នៅលើភ្នំគិរីរម្យ ហើយគ្មានពាក់ព័ន្ធករណីបាញ់បោះនោះឡើយ និយាយរួមមិនមែនទំនាក់ទំនងគតិយុត្តិក្នុងរឿងនេះ។
លោកស្នងការបន្តថា៖ ដីនេះទិញតគ្នាមកច្រើនអ្នកហើយ ពុំដឹងថាប៉ុន្មាននាក់មកទេ ទើបតែបច្ចុប្បន្ន ម្ចាស់ទីតាំងមានឈ្មោះ កង តារាវិឆៃ ហៅ កង ឆាយ កំពុងរត់គេចខ្លួន។


សូមបញ្ជាក់ថា ជនដៃដល់បាញ់បោះសេរីនៅផ្ទះលំហែលើភ្នំគិរីរម្យ ចំនួន៤នាក់ ចូលសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ខណះជនមេក្លោងដែលជាម្ចាស់ទីតាំងឈ្មោះ កង តារាវិឆៃ ហៅ កង ឆាយ កំពុងរត់គេចខ្លួន ។ ជុំវិញបញ្ហានេះ សារព័ត៌មាន ស្នើសុំការអនុញ្ញាតពីលោកស្នងការ នូវរូបថតជនសង្ស័យទាំង៤នាក់ លោកសូមអភ័យទោស មិនអាចផ្តល់ជូនបានទេ អាចសុំការអនុញ្ញាតពីខាងតុលាការ ពេលសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អយ្យការ។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ជនដៃដល់ចំនួន៤នាក់ ដែលបានធ្វើសកម្មភាពបាញ់បោះសេរីនៅផ្ទះលំហែលើភ្នំគិរីរម្យ ក្នុងពិធីខួបកំណើតនោះ បានចូលមកសារភាពកំហុស នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជាមួយកាំភ្លើងខ្លី៣ដើម។
លោកឧត្តមសេនីយ៍ស្នងការ បានអះអាងទៀតថា ដោយឡែក ជនមេក្លោងដែលជាម្ចាស់ទីតាំងឈ្មោះ កង តារាវិឆៃ ហៅ កង ឆាយ កំពុងរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីស្វែងយកចាប់ខ្លួនផងដែរ។

អស់ចំងល់ហើយ ! ច្បាស់ការណ៍ហើយ ! គឺអ្នកណាប្រព្រឹត្ត អ្នកនោះទទួល ហើយសូមលើកទឹកចិត្តដល់ នគរបាលស្រុកភ្នំស្រួច និងនគរបាលខេត្ត ក្រោមការចុះសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោក សុិន វីរះ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ ស្រាវជ្រាវ ចុះសួរសាក្សីជាច្រើនអ្នកនៅកន្លែងកើតហេតុ ដើម្បីជាមូលដ្ឋានគ្រឹះ កំណត់មុខសញ្ញាជនពាក់ព័ន្ធប្រព្រឹត្តបទល្មើស ។ បើតាមលោកឧត្តមសេនីយ៍ទោ សម សាមួន, ផ្ទះលំហែដែលកើតហេតុការណ៍បាញ់បោះសេរីនេះ មិនមែនជាកម្មសិទ្ធិរបស់ឈ្មោះ គៀង ចាន់តួ ដែលជាកូនរបស់នាយឧត្តមសេនីយ៍ គៀង សាវុធ នោះទេ ពោលជាដីរបស់ឈ្មោះ កង តារាវិឆៃ ហៅ កង ឆាយ ដែលកំពុងរត់គេចខ្លួន។
ដោយឡែកលោកឧត្តមសេនីយ៍ទោ គៀង ចាន់តួ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានប្រាប់ថា ខ្ញុំពិតជាគ្មានដី ផ្ទះលំហែកាយ និងមិនពាក់ព័ន្ធករណីនោះ ដូចលោកឧត្តមសេនីយ៌ទោ ស្នងការនគរបាល ខេត្តកំពង់ស្ពឺមានប្រសាសន៍នោះមែន និយាយរួមខ្ញុំគ្មានទំនាក់ទំនងគតិយុត្តិ ក្នុងរឿងនេះតែម្តង។
សូមជម្រាបថា ឆ្លើយតាមការសាកសួរ និងចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចជនដៃដល់ទាំង៤នាក់ខាងលើ បានសារភាពថា នៅថ្ងៃកើតហេតុពួកគេបាញ់កាំភ្លើងប្រហែលជិត៣០គ្រាប់ប៉ុណ្ណោះ។ ដោយឡែក សម្រាប់សំបកគ្រាប់ដែលរកឃើញនៅកន្លែងកើតហេតុ ប្រមាណ២០០គ្រាប់នោះ សមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងថា កន្លងទៅទីតាំងនេះក៏ធ្លាប់បាញ់បោះសេរីបែបនេះដែរ។
សូមរំលឹកថា ស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់បានបន្លឺឡើងយ៉ាងកងរំពងនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលឮចេញពីក្នុងពិធីខួបកំណើតមួយស្ថិតនៅចំណុចផ្ទះលំហែ ភូមិថ្មី (ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (លើខ្នងភ្នំគិរីរម្យ) ដែលសមត្ថកិច្ចអះអាងថា ជាកម្មសិទ្ធិរបស់ឈ្មោះ កង តារាវិឆៃ ហៅ កង ឆាយ ។
ក្រោយមានការបាញ់បោះសេរី ដែលតែងតែកើតមានឡើងនៅបរិវេណផ្ទះខាងលើ នៅពេលមានការជួបជុំម្តងៗនោះ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចចំរុះបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ដោយរកឃើញសំបកគ្រាប់កាំភ្លើងវែង ខ្លីជាង២០០គ្រាប់។
សម្រាប់ករណីបាញ់បោះដោយសេរីនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក ស៊ិន វិរៈ បានបញ្ជាឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវតាមនីតិវិធីជាបន្ទាន់ចំពោះជនបង្ក។ នៅរសៀលថ្ងៃនោះ លោកព្រះរាជអាជ្ញា បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យជាក់ស្តែង និងមានវិធានការបន្តទៀត។
ទីបំផុត ! ជនជាខ្មាន់កាំភ្លើងបានចូលសារភាព ហើយមន្ត្រីនគរបាលយុត្តិធម៌ កំពុងធ្វើកំណត់ ស្តាប់ចម្លើយ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅអយ្យការចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង