Banner KNP Detail Top

មីយ៉ាន់ម៉ា ប្រគល់ជនសង្ស័យឆបោក តាមទូរគមនាគមន៍ជាង៣ម៉ឺននាក់ ឱ្យទៅចិន

មីយ៉ាន់ម៉ា ប្រគល់ជនសង្ស័យឆបោក តាមទូរគមនាគមន៍ជាង៣ម៉ឺននាក់ ឱ្យទៅចិន

អន្តរជាតិ ៖ អាជ្ញាធរចិនបាននិយាយនៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកានេះថា អាជ្ញាធរមីយ៉ាន់ម៉ាបានប្រគល់ជនសង្ស័យឆបោកតាមទូរគមនាគមន៍(អនឡាញ)ចំនួន ៣១.០០០ នាក់ឱ្យទៅចិន ចាប់តាំងពីមន្ត្រីអនុវត្តច្បាប់មកពីប្រទេសទាំងពីរបានបើកការបង្ក្រាបលើការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតកាលពីខែកញ្ញា។
ក្រសួងសន្តិសុខសាធារណៈបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យរួមមាន “អ្នកហិរញ្ញវត្ថុ” និងមេខ្លោងក្រុមឧក្រិដ្ឋជនចំនួន ៦៣ នាក់ ដែលបានបោកប្រាស់ពលរដ្ឋចិននូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។
ក្រសួងបាននិយាយថា “ការបង្ក្រាបបានទទួលលទ្ធផលជោគជ័យដ៏សំខាន់។”
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា មនុស្សជាង ១០០.០០០ នាក់បានចូលរួមក្នុងការឆបោកតាមទូរគមនាគមន៍ជារៀងរាល់ថ្ងៃនៅក្នុងមជ្ឈមណ្ឌលឆបោកយ៉ាងហោចណាស់ ១.០០០ កន្លែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានព្រំប្រទល់ជាប់នឹងភាគនិរតីប្រទេសចិន។
ប៉ូលិសចិនបានចាប់ផ្តើមបង្ក្រាបការឆបោកកាលពីខែកញ្ញា ហើយខែនេះ ប៉ូលិសបានចាប់ផ្តើមនូវអ្វីដែលពួកគេនិយាយថាជា “ការវាយប្រហារយ៉ាងរហ័ស” ទៅលើក្រុមឧក្រិដ្ឋជននៅក្នុងប្រទេសមីយ៉ាន់ម៉ា។


ប៉ូលិសចិនបាននិយាយថា មេខ្លោងម្នាក់របស់ក្រុមឧក្រិដ្ឋជននៅមីយ៉ាន់ម៉ាបានធ្វើអត្តឃាតកាលពីសប្តាហ៍មុន ខណៈកំពុងរត់គេចពីអាជ្ញាធរមីយ៉ាន់ម៉ា។ ក្រោយមកសមាជិកបីនាក់នៃក្រុមរបស់ខ្លួនត្រូវបានបញ្ជូនទៅប៉ូលិសចិន។
ដោយហេតុថាការឆបោកតាមទូរគមនាគមន៍ក្នុងប្រទេសមីយ៉ាន់ម៉ាផ្តោតមុខសញ្ញាលើពលរដ្ឋចិនកាន់តែខ្លាំងឡើង ជំនួយការរដ្ឋមន្ត្រីការបរទេសលោក ណុង រ៉ុង (Nong Rong) បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងខែនេះ ដោយនិយាយថា ចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយមីយ៉ាន់ម៉ាលើការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែនរួមទាំងល្បែងស៊ីសងតាមអ៊ីនធឺណិតផងដែរ។
លោកណុងក៏បាននិយាយផងដែរថា ចិនគាំទ្រមីយ៉ាន់ម៉ាក្នុងការរក្សាស្ថិរភាពនៅតាមព្រំដែនរួមរបស់ពួកគេ ខណៈរបបយោធាមីយ៉ាន់ម៉ាកំពុងប្រយុទ្ធជាមួយក្រុមបះបោរនៅក្នុងតំបន់នេះ។


យោធាដែលកំពុងកាន់អំណាចរបស់មីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងការវាយប្រហារជាច្រើនសមរភូមិនៅក្នុងតំបន់ព្រំដែនរបស់ខ្លួន ខណៈសម្ពន្ធភាពក្រុមបះបោរជនជាតិភាគតិចមួយ រួមជាមួយនឹងក្រុមអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យនានាកំពុងប្រឆាំងនឹងការគ្រប់គ្រងរបស់របបយោធា។
អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយកាលពីថ្ងៃចន្ទថា “ចិនបាននិងកំពុងដើរតួនាទីស្ថាបនាតាមរបៀបរបស់ខ្លួនដើម្បីជំរុញកិច្ចចរចាសន្តិភាព និងជំរុញឱ្យភាគីពាក់ព័ន្ធដាក់ផលប្រយោជន៍របស់ប្រជាជននៅខាងមុខ ឱ្យមានបទឈប់បាញ់ និងការបញ្ចប់សង្គ្រាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”៕

អត្ថបទដែលជាប់ទាក់ទង