Banner KNP Detail Top

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ៖ កីឡាករ មកចូលរួមព្រះរាជពិធីអុំទូក ខាងមុខនេះ ហាមដាច់ខាត មិនអោយមានអំពើហិង្សាកើតឡើង ផ្តើមចេញពីពាក្យសំដី «ទូកចាញ់ នៅមនុស្ស»

ភ្នំពេញ៖ រដ្ឋបាលរាជធានី រៀបចំធ្វើពិធីបួងសួងសុំសេចក្តីសុខជូន ប្រជាពលរដ្ឋ ក្នុងរាជធានី និងខេត្ត និងកីឡាករ មកពីរាជធានី ខេត្តទាំងអស់ ដែលមកចូល រួម ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខណៈដែល លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី អញ្ជើញជា អធិបតីភាព នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានផ្ដាំផ្ញើទៅដល់កីឡាករ កីឡាការិនីអុំទូកទាំងអស់ នៅក្នុងអំឡុងនៃការប្រកួតអុំទូក នៅក្នុងព្រះរាជពិធីអុំទូក អកអំបុក សំពះព្រះខែ ខាងមុខ នេះ ហាមដាច់ខាតមិនអោយមានអំពើហិង្សាកើតឡើងផ្តើមចេញពីពាក្យសំដី «ទូកចាញ់ នៅមនុស្ស» កិច្ចការនេះ យើងក៏បានអោយអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ក៏ដូចជា អ្នកគ្រប់ គ្រងកីឡាករ កីឡាការិនី ធ្វើការណែនាំបន្ត។ សម្រាប់កីឡាករ ឆ្នាំនេះចាញ់គេ ឆ្នាំក្រោយ មិនប្រាកដថា ចាញ់ទេ យើងត្រូវតែប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត នោះនឹងទទួលបានជោគជ័យ។ សម្រាប់កីឡាករ កីឡាការិនីទាំងអស់ សូមរក្សាកម្លាំង ដើម្បីប្រកួតយកជ័យជំនះ ហើយអ្នកគ្រប់គ្រងចំណុះទូកទាំងអស់ ក៏ត្រូវតែមើលថែកីឡាករ កុំឲ្យគាត់ដើរលេងយប់ជ្រៅ ហូបចុកគ្រឿងស្រវឹង ដែលធ្វើឲ្យប៉ះពាល់ដល់ទៅដល់កម្លាំង។


លោក ឃួង ស្រេង បានបញ្ជាក់ថា ពិធីបុណ្យអុំទូក ធ្វើឡើង ដើម្បីរំលឹកទៅដល់គុណបុព្វ បុរសខ្មែរយើង ពីជំនាន់ដើម ពិសេសរំលឹកទៅដល់ កងទ័ពជើងទឹក ដែលបានការពារ មហានគររបស់យើង បានរឹងមាំនាសម័យនោះ។
លោកបានបន្តទៀតថា ពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅ នៅឆ្នាំ២០២៣ នេះ គឺជាឆ្នាំទី១ នៃអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយប្រទេសកម្ពុជាយើង ទទួលជោគជ័យ យ៉ាងធំធេង លើការគ្រប់គ្រងជំងឺកូវីដ–១៩។
លោកបានលើកឡើងទៀតថា អនុវត្តតាមអនុសាសន៍ ការណែនាំរបស់ សម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដែលមកលេងបុណ្យអុំទូកនៅឆ្នាំនេះ ពោលគឺ ធ្វើយ៉ាងណា ឲ្យព្រះរាជពិធីបុណ្យអុំទូកនេះ ទទួលបាននូវភាពរលូន និងជោគជ័យ។
លោក ឃួង ស្រេង បានអះអាងថា នេះជាសមិទ្ធផលដ៏ធំធេង កើតចេញពីប្រទេសមាន សន្តិភាពពេញលេញ ក្រោយពីកម្ពុជាបានបាត់បង់ជាង ៥០០ ឆ្នាំមកហើយនោះ។


ក្រៅពីការសំណេះសំណាល ជាមួយកីឡាករ កីឡាការិនី អុំទូក លោក ឃួង ស្រេង ក៏បាននាំនូវអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនកីឡាករ កីឡាការិនី ចំណុះទូកទាំង ៤៤ ទូក ដែលក្នុងកីឡាករម្នាក់ ទទួលបានអាវ និងមួក ពីរកំប្លេជាមួយនឹង ថវិកា ៣ ម៉ឺនរៀល។
សម្រាប់រាជធានីភ្នំពេញ មានទូក ង ដែលចូលរួមប្រកួត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចំនួន៤៤ ទូក ក្នុងនោះទូកអុំអន្តរជាតិ ចំនួន ១២ ទូក ទូកអុំបុរស មានចំនួន ២៥ ទូក និងទូកចែវចំនួន ៧ ទូក៕

អត្ថបទដែលជាប់ទាក់ទង