Banner KNP Detail Top

ឧត្តមសេនីយ៍ឯក អ៊ី សុខឃី និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំដកស្រង់បទពិសោធន៍ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក

ឧត្តមសេនីយ៍ឯក អ៊ី សុខឃី និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំដកស្រង់បទពិសោធន៍ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំដកស្រង់បទពិសោធន៍កិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
សូមជម្រាបថា ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពត្រូវបានធានាទាំងស្រុងយ៉ាងល្អប្រសើរ។ នេះបើតាមរបាយការណ៍របស់អនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ។


របាយការណ៍ដែលបណ្ដាញព័ត៌មាន ទទួលបានអះអាងថា ពិនិត្យជារួមនៅថ្ងៃទី០១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ដែលមានប្រជាពលរដ្ឋមកចូលរួមកម្សាន្ត សប្បាយ យ៉ាងច្រើនកុះករ ប្រមាណ ១,២០០,០០០នាក់។
សភាពបទល្មើសព្រហ្មទណ្ឌ ពុំមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ ក្រុមគ្រូពេទ្យប្រចាំការនៅតាមគោលដៅបានធ្វើការសង្រ្គោះបឋមដល់អ្នកដែលមានបញ្ហាសុខភាពសរុបចំនួន ១,៦៧៤នាក់ (ស្រី២៤៣នាក់) និងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យចំនួន០១នាក់។
កម្លាំងការពារគៅលដៅ បានរកឃើញក្មេងវង្វេងសាច់ញាតិចំនួន០៦នាក់ ដោយបានធ្វើការផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិមកទទួលយកទៅវិញចំនួន០៤នាក់ និងកំពុងស្វែងរកសាច់ញាតិចំនួន ០២នាក់បន្តទៀត។


កម្លាំងត្រៀមអន្តរាគមន៍ បានចេញជួយសង្រ្គោះករណីទូកប្រណាំងលិចទឹកចំនួន០៩ទូក ដោយបានជួយសង្រ្គោះកីឡាករសរុប ១៩៨នាក់ ប្រកបដោយសុវត្ថិភាព។ បានចុះផ្សពផ្សាយអប់រំស្ដីពីការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យតាមបណ្តាយានដ្ឋាន ផ្ទះជួល ផ្ទះសំណាក់ ភោជនីយ៍ដ្ឋាន នៅជុំវិញតំបន់ប្រារព្ធព្រះរាជពិធីបុណ្យ។


កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង១៦,០០០នាក់ ត្រូវបានដាក់ពង្រាយតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង