Banner KNP Detail Top

ហាម៉ាស ដោះលែងចំណាប់ខ្មាំង១៧នាក់ រួមមានថៃបីនាក់

ហាម៉ាស ដោះលែងចំណាប់ខ្មាំង១៧នាក់ រួមមានថៃបីនាក់

អន្តរជាតិ ៖ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំង១៧នាក់ដែលខ្លួនឃុំទុកនៅតំបន់ហ្កាហ្សា រួមមានក្មេងស្រីអាម៉េរិកអាយុបួនឆ្នាំម្នាក់ នៅពេលអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន៣៩នាក់ផងដែរកាលពីថ្ងៃអាទិត្យទី២៦វិច្ឆិកា ជាថ្ងៃទីបីនៃបទឈប់បាញ់បួនថ្ងៃនៅហ្កាហ្សាដែលព្រមព្រៀងដោយភាគីទាំងពីរ។
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបាននិយាយថា ខ្លួនបានផ្ទេរចំណាប់ខ្មាំង១៧នាក់ពីហ្កាហ្សាដោយជោគជ័យ បន្ទាប់ពីក្រុមហាម៉ាសបាននិយាយថា ខ្លួនបានប្រគល់ជនជាតិអ៊ីស្រាអែល១៣នាក់ ថៃបីនាក់និងម្នាក់មានសញ្ជាតិរុស្ស៊ី។
ការដោះលែងចំណាប់ខ្មាំងនេះជាការឆ្លើយតបនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន៣៩នាក់ ដែលសុទ្ធតែជាក្មេងជំទង់។
ហាម៉ាសបាននិយាយថា ខ្លួនចង់ពន្យារពេលឈប់បាញ់ដើម្បីបន្តដោះលែងអ្នកទោសប៉ាឡេស្ទីន នៅពេលប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បាននិយាយថា ការផ្អាកការប្រយុទ្ធគ្នាអាចបន្តរដាបណាវាជួយអោយមានការដោះលែងចំណាប់ខ្មាំង។លោកសង្ឃឹមថា ជនជាតិអាម៉េរិកជាច្រើនទៀតនឹងត្រូវដោះលែងដោយក្រុមហាម៉ាស។


លោកបានបន្ថែមថា ចំណាប់ខ្មាំងអាយុ៤ឆ្នាំ អាប៊ីហ្កេល អ៊ីដាន( Abigail Edan) ក៏បានស្ថិតក្នុងចំណោមចំណាប់ខ្មាំងដែលត្រូវបានដោះលែង។នាងបានឃើញនឹងភ្នែកព្រឹត្តិការណ៍ដែលឪពុកម្តាយរបស់នាងត្រូវយុទ្ធជនហាម៉ាសសម្លាប់ក្នុងការវាយប្រហារកាលពីថ្ងៃ៧តុលា។អាប៊ីហ្កេល អ៊ីដាន កំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យសុខភាព។
បទឈប់បាញ់បួនថ្ងៃនេះជាការផ្អាកការប្រយុទ្ធគ្នាលើកដំបូងក្នុងសង្គ្រាមប្រាំពីរសប្តាហ៍ចាប់តាំងពីក្រុមហាម៉ាសវាយចូលអ៊ីស្រាអែលសម្លាប់មនុស្សប្រមាណ១.២០០នាក់និងចាប់មនុស្ស២៤០នាំទៅហ្កាហ្សាដើម្បីទុកជាចំណាប់ខ្មាំង។

ចំណែកនាយករដ្ឋមន្រ្តីថៃ បានសរសេរបង្ហោះក្នុងបណ្តាញសង្គមកាលពីថ្ងៃចន្ទទី២៧វិច្ឆិកាថា ចំណាប់ខ្មាំងថៃដែលត្រូវបានដោះលែងកាលពីថ្ងៃអាទិត្យមានសុខភាពល្អ មិនចាំបាច់ការត្រួតពិនិត្យនិងព្យាបាលបន្ទាន់ទេហើយលោក«រីករាយ»ចំពោះលទ្ធផលនេះ។
សូមបញ្ជាក់ថា តាំងពីសប្តាហ៍មុនមក ចំណាប់ខ្មាំងថៃសរុប១៧នាក់ត្រូវបានដោះលែង និងនៅសល់១៥នាក់ទៀតនៅក្នុងការឃុំគ្រងរបស់ក្រុមហាម៉ាសនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង