លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ឃាត់ខ្លួនតាមដីការបស់តុលាការ បទចោទប្រកាន់«មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន»(សែកស្អុយ)
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ឃាត់ខ្លួនតាមដីការបស់តុលាការ បទចោទប្រកាន់«មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន»(សែកស្អុយ)
ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានបញ្ជាក់ប្រាប់ថា ពិតមានការចាប់ខ្លួន លោកថាច់ សេដ្ឋា តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើប សួរ សាលាដំបូងរាជធានីភ្នំពេញ។
នៅល្ងាចថ្ងៃទី ១៦ ខែមករានេះ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនត្រូវបានកម្លាំង សមត្ថកិច្ចនគរបាលឃាត់ខ្លួនតាមដីការបស់តុលាការក្រោមបទចោទប្រកាន់«មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»(សែកស្អុយ)។ការចាប់ខ្លួនលោក ថាច់ សេដ្ឋា បានធ្វើឡើង តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក ទិត ដាលីនចៅក្រមស៊ើប សួរសាលា ដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ។
លោក សាន សុខសីហា បានបញ្ជាក់ថា “នៅវេលាម៉ោងប្រហែល ៥:៤០ល្ងាច ពិតជាមានការឃាត់ខ្លួនលោកថាច់ សេដ្ឋា តាមដីកា ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ ។ការឃាត់ខ្លួនបានធ្វើ នៅសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញ សែកស្អុយ (សែកអត់លុយ”។
យោងតាមដីកាបង្គាប់ឱ្យនាំខ្លួនបានបញ្ជាក់ថា លោកថាច់ សេដ្ឋា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ មិនបំពេញ កាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៩ បទល្មើសដែលមានចែងឱ្យ ផ្ដន្ទាទោសតាម មាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាច ជួញដូរបាន និងប្រតិបត្តិការទូរទាត់សង។ យល់ឃើញថា ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា មិនព្រមចូលខ្លួនតាមដីកាបង្គាប់ ឱ្យចូលខ្លួនលេខ ៦៤ “ម” ព្រ.ទ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងដីកាបង្គាប់ឱ្យចូលខ្លួលលេខ ១៩ “ឈ១” ព្រទ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ គប្បីតុលាការចេញដីកា បង្គាប់ឱ្យនាំខ្លួនជន ត្រូវ ចោទមកសាកសួរចំពោះមុខចៅក្រមស៊ើបសួរទៅតាមនីតិវិធី។ ដើម្បីធានាដល់កិច្ចស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេច នាំខ្លួនឈ្មោះ ថាច់ សេដ្ឋា ចំពោះមុខចៅក្រមស៊ើបសួរ បំភ្លឺការពិត។ ហេតុដូច្នេះសម្រេចឱ្យនាំខ្លួនឈ្មោះ ថាច់ សេដ្ឋា មកសាលាដំបូង រាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ជា កំណត់។ បង្គាប់មកនគរបាលយុត្តិធម៌ឱ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូនសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕