Banner KNP Detail Top

ថ្ងៃនេះ ខួប៤៥ឆ្នាំ នៃថ្ងៃកំណើត «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នហៅថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា»

ថ្ងៃនេះ ខួប៤៥ឆ្នាំ នៃថ្ងៃកំណើត «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នហៅថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា»

(ភ្នំពេញ)៖ ២ ធ្នូ ឆ្នាំ២០២៣នេះ គឺជាខួប៤៥ឆ្នាំ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៣) នៃថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នានៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិ សិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត។
«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បានចាត់តាំងឡើងដោយផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធ របស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមែប្រមូលរាល់កម្លាំងសង្គម ដោយមិនប្រកាន់ និន្នាការនយោបាយជំនឿ សាសនា វណ្ណភាព កម្មករ កិសិករ បញ្ញាវ័ន្ដ ព្រះសង្ឃ ជនជាតិ រួមទាំងប្រជាពលរដ្ឋ ខ្មែរទាំងឡាយ ដែលរស់នៅក្រៅប្រទេសផងដែរ ។
ថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃដែល «រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា» ត្រូវបានបង្កើតឡើងនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រួលស្នួល ខេត្តក្រចេះ ដោយមានការឧបត្ថម្ភគាំទ្រស្មារតី និងសម្ភារៈទៅវិញទៅមក រវាងបណ្តាប្រទេសជាមិត្ត និង «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការកាន់តែជិតស្និទ្ធទ្វេរឡើងថែមទៀត។
ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ មហាសន្និបាត «រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា» បានប្តូរឈោ្មះទៅជា «រណសិរ្សកសាង ការពារមាតុភូមិកម្ពុជា»។ នៅថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០០៦ មហាសន្និបាតរណសិរ្សលើកទី៥ បានប្ដូរឈ្មោះទៅជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» រហូតមកដល់សព្វថ្ងៃនេះ។

រណសិរ្ស គឺជាអង្គការសាមគ្គីភាពប្រជាជនកម្ពុជាដ៏ទូលំទូលាយ ទាំងក្នុង និងក្រៅប្រទេស ដោយមិន ប្រកាន់សាសនា វណ្ណៈ និន្នាការនយោបាយ ប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ ស្រលាញ់សន្តិភាព ប្រជាធិបតេយ្យ និងសេរីភាព ស្ម័គ្រចិត្តចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឈានទៅសម្រេចការកាត់បន្ថយភាពក្រីក្រ ដើម្បី វិបុលភាព ភាពសុខដុមរមនា និងសុភមង្គលជូនប្រជាជនកម្ពុជា។
រណសិរ្ស យកចិត្តទុកដាក់ការពារសិទ្ធិសេរីភាព និងផលប្រយោជន៍ត្រឹមត្រូវរបស់ប្រជាជន ដោយគោរព រដ្ឋធម្មនុញ្ញ និងច្បាប់ប្បញ្ញត្តិជាធរមានរបស់រដ្ឋ ប្រមូលផ្តុំគំនិតយោបល់ និងសំណូមពរពីប្រជាជន ដើម្បីលើកសំណើជូនស្ថាប័នមានសមត្ថកិច្ចពិនិត្យ និងដោះស្រាយ។
រណសិរ្ស ចូលរួមកសាង និងពង្រឹងពង្រីកទំនាក់ទំនងសាមគ្គី មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រជាជនកម្ពុជា ជាមួយប្រជាជនបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក។
ពីប្រទេសដែលបំផ្លិចបំផ្លាញគ្មានសល់ ដោយសារភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល តាមរយៈការជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនានោះ ធ្វើឱ្យប្រទេសជាតិសម្រេចបានសមិទ្ធផលធំៗ និងសំខាន់ៗ ជាប្រវត្តិសាស្រ្ត និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ លើមាគ៌ាសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ផ្តើមចេញពីចលនាតស៊ូ និងការធ្វើពលីកម្មសព្វយ៉ាង សូម្បីតែជីវិតកាលពីជាង៤០ឆ្នាំមុននោះ បានធ្វើប្រជាពលរដ្ឋបានរួចផុតពីទុក្ខវេទនា រួចពីការកាប់សម្លាប់ វិលមកមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ ប្រកបរបរចេញចិញ្ចឹមជីវិត ហើយជីវភាពត្រូវបានលើកកម្ពស់ជាលំដាប់ពីមួយទៅមួយឆ្នាំ ក្រោមដំបូលនៃសុខសន្តិភាព ដែលរកបានមកដោយលំបាកមួយនេះ។
បើទោះបីសង្គមកម្ពុជាទទួលបានសុខសន្តិភាព និងកិច្ចអភិវឌ្ឍន៍យ៉ាងណាក្តី តែបច្ចុប្បន្ននេះ រណសិរ្សនៅតែបន្តធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងសង្គមរួមមាន៖
១៖ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យមានការរីកចម្រើន និងរួមចំណែកកសាង និងអភិវឌ្ឍន៍
ប្រទេសជាតិ ។
២៖ រួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងគ្រប់សមាសភាពសង្គម។
៣៖ ពង្រីកសាមគ្គី លើកកំពស់ការអប់រំ សីលធម៌ ចរិយាធម៌ មនសិការស្នេហាជាតិ រក្សាប្រពៃណី ទំនៀម ទម្លាប់ រក្សាឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ។
៤៖ លើកកំពស់ការអប់រំ គោរពសិទ្ធិស្ត្រី សិទ្ធិកុមារលិទ្ធិប្រជាធិបតេយ្យ សមភាព យុត្តិធម៌សង្គម និង គោរពច្បាប់ ។
៥៖ ទប់ស្កាត់រាល់អំពើរំលោភបំពាន និងជិះជាន់ កេងប្រវ័ញ្ចមកលើស្ត្រីភេទ និងកុមារ អប់រំប្រជាជនឱ្យ យល់ដឹងពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ទប់ស្កាត់រាល់អំពើហិង្សាក្នុងគ្រួសារ ការរាលដាល ជម្ងឺឆ្លងនានា មានជម្ងឺអេដស៍ជាដើម ។
៦៖ ជួយចាស់ព្រឹទ្ធាចារ្យ ស្ត្រីមេម៉ាយ ជនពិការ និងកុមារកំព្រាគ្មានទីពំនឹង ដោយការបណ្តុះបណ្តាល មុខរបរសមស្រប ។
៧៖ ពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាង និងពិភពលោក ដោយស្មារតីគោររពអធិបតេយ្យភាពជាតិ គោរពផលប្រយោជន៍ទៅវិញទៅមក ជាពិសេសជាមួយវៀតណាម និងឡាវ។

ដើម្បីពង្រឹងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែរឹងមាំ និងធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពថែមទៀត នៅក្នុងមហាសន្និបាតលើកទី៦ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ រណសិរ្សបានសម្រេចជ្រើសតាំង សម្តេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណភ ជាគណៈអធិបតីកិត្តិយស, សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន និងលោក ហ៊ុន ម៉ានី ជាអនុប្រធាន នៃក្រុមប្រឹក្សាជាតិរណសិរ្ស។

ខួប៤៥ឆ្នាំនៃការបង្កើតចលនាតស៊ូរំដោះជាតិ ដែលចារឹកជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋខ្មែរមិនអាចបំភ្លេច កម្មវិធីជាច្រើនត្រូវបានគេបង្កើតឡើង ដើម្បីរំលឹកដល់វីរភាពដ៏អង់អាចក្លាននៃចលនារំដោះជាតិមួយនេះ។
ដើម្បីរំលឹកឡើងវិញ នូវទិវាជាប្រវត្តិសាស្រ្តនៃដំណើរចាប់ផ្តើមរស់រានមានជីវិតជាថ្មីរបស់មាតុភូមិ និងប្រជាជនកម្ពុជារហូតមកដល់សព្វថ្ងៃនេះ អង្គភាព Fresh News សូមលើកយកនូវកំណត់ត្រាមួយចំនួន ពាក់ព័ន្ធនឹងព្រឹត្តការណ៍ប្រវត្តិសាស្ត្រដ៏មានតម្លៃនេះដូចខាងក្រោម៖
* រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បច្ចុប្បន្នមានឈ្មោះថា ក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានប្រកាសចេញសេចក្តី ថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។
* រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គី ប្រជាជនទាំងមូលទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើរូបទៀតជាប្រមុខដឹកនាំ។ មូលហេតុដែលនាំឲ្យមាន រណសិរ្សសាមគ្គីសង្រ្គោះជាតិ ដោយសារ៖
* ក្នុងអំឡុងឆ្នាំ ១៩៧៥-១៩៧៨ ក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត សភាពការណ៍ ប្រទេសជាតិ បានធ្លាក់ចូលទៅក្នុងជ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។ ពេលនោះពួកឃាតក ប៉ុល ពត បានរុញច្រានប្រទេសជាតិ ឲ្យក្រឡាប់ចាក់ធាក់ថយ ក្រោយយ៉ាងឆ្ងាយដាច់សង្វែង ដែលគ្មានអ្នកណាម្នាក់នឹកស្មានដល់។
* ក្រោមផ្លាកសញ្ញាបដិវត្តន៍ដាច់ខាត ពួកគេបានចាប់ផ្តើមបោសសម្អាតសង្គមខ្មែរជាបន្តបន្ទាប់ ដោយបំបាត់ចោលទីក្រុង ចាប់បង្ខំប្រជាជនទីក្រុង ទីផ្សាររាប់លាននាក់ ឲ្យចាកចោលផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ខ្លួនឲ្យទៅរស់នៅជនបទ ព្រៃភ្នំក្រំថ្មក្នុងសភាពលំបាក វេទនា និងចាប់បង្ខំឲ្យធ្វើការជាទម្ងន់។
* កាត់ផ្តាច់មនោសញ្ចេតនាដ៏ពិសិដ្ឋ ក្នុងគ្រួសាររវាងឪពុក ម្តាយ ជីដូនជីតា បងប្អូន ប្តីប្រពន្ធ ញាតិមិត្ត សាច់សាលោហិត ហើយមិងអនុញ្ញាតឲ្យ មានទំនាក់ទំនងជាប្រក្រតីបានឡើយ ។
* រំលាយចោលនូវភូមិករ ដែលជាប្រភពភ្ជាប់នូវមនោសញ្ចេតនា និងជាលំនៅឋាន របស់ប្រជាជន យើងតាំងពីបុរាណកាលមក ។
* រឹបអូសឧបករណ៍ផលិតកម្ម សម្ភារប្រើប្រាស់សម្រាប់ជីវភាពផ្ទាល់ ចាប់បង្ខំឲ្យប្រជាជនធ្វើពលកម្ម ដូចគោ ក្របី ស៊ីអត់ស៊ីឃ្លាន សម្លៀកបំពាក់ប៉ះមុខប៉ះក្រោយ រហែករយ៉ីរយ៉ៃ ធ្វើឲ្យខ្មែរគ្រប់រូបធ្លាក់ចូលក្នុង ទុគ៌តភាព និងជាទាសករ។
* ជាន់ឈ្លី និងបំផ្លាញវប្បធម៌ អរិយធម៌ បំបាត់សិទ្ធិសេរីភាពខាងជំនឿ សាសនា ចាប់បង្ខំឲ្យបុរសនារី រៀបអាពាហ៍ពិពាហ៍ជាសមូហភាពរាប់សិបគូ ដោយគ្មានមនោសញ្ចេតនា សាសនានានា។
* ពួកវាបំផ្លិចបំផ្លាញវត្តអារាមព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិតាំងពីយូរលង់ កម្ទេច វិហារ កុដិសាលាគម្ពីរដីកា ក្បួន ច្បាប់ នៃពុទ្ធសាសនា និងឥស្លាមសាសនា។
* បំបិទស្ទើរតែទាំងស្រុងការអភិវឌ្ឍធនធានមនុស្ស បិទទ្វារសាលារៀនតាំង ពីបឋមរហូតដល់ឧត្តមសិក្សា។ កុមារដល់វ័យសិក្សាមិនត្រូវបានរៀនសូត្រ និងត្រូវពួកវាបង្ខំឲ្យទៅនៅក្នុងកងចល័តធ្វើការងារដូច មនុស្សពេញវ័យ។
* មនុស្សចាស់ជរាត្រូវបានចាត់ទុក ជាបុគ្គលគ្មានប្រយោជន៍ដល់សង្គម មិនត្រូវបានទទួលការជួយ ឧបត្ថម្ភ ទំនុកបម្រុង និងត្រូវកម្ទេចចោល ។ ជាបន្តបន្ទាប់ពួកគេអនុវត្តន៍នយោបាយ កាប់សម្លាប់ជនជាតិឯង រហូតដល់អស់ជាង ៣ លាននាក់។
អាស្រ័យដោយពួកឃាតក ប៉ុល ពត បានជ្រលក់មាតុភូមិកម្ពុជា ដោយឈាម និងទឹកភ្នែក ដូច្នោះហើយទើបកម្លាំងប្រជាជន ដែលនៅសេសសល់ ពីការកាប់សម្លាប់ ក្រោមការដឹកនាំនៃវីរជនស្នេហាជាតិ បានបង្កើតរណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា ដើម្បីផ្តួលរំលំរបបឃាតក ប៉ុល ពត សង្រ្គោះរំដោះមាតុភូមិ និងប្រជាជនកម្ពុជាឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ និងបានទទួល ជ័យជន្នះទាំងស្រុងនាថ្ងៃទី ០៧ ខែមករា ឆ្នាំ១៩៧៩។
រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាត់តាំងឡើងដោយ ផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមូលរាល់កម្លាំងសង្គម ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា កម្មករ កសិករ បញ្ញវន្ត ព្រះសង្ឃគ្រប់ជនរួមជាតិទាំងឡាយ ដែលរស់នៅក្រៅប្រទេសផង។
សេចក្តីថ្លែងការណ៍ ១១ខ របស់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា មានដូចតទៅនេះ៖
១៖ អនុវត្តន៍មាគ៌ាមហាសាមគ្គីជាតិ វាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ រៀបចំការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តទូទាំងប្រទេស ។ បង្កើតរដ្ឋធម្មនុញ្ញាថ្មីសំដៅធានា អះអាងរាល់សិទ្ធិស្មើភាព សេរីភាព ប្រជាធិបតេយ្យពិតប្រាកដរបស់ប្រជាជន។

២៖ កសាងរាល់សមាគម ដែលជាសមាជិករណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដើម្បីប្រមែប្រមូលគ្រប់ កម្លាំងក្នុងសង្គមគ្រប់មជ្ឈដ្ឋាន មានសមាគមយុវជន នារី សហជីព កសិករ និងសមាគមបញ្ញវន្ត។ល។
៣៖ កសាង និងពង្រឹងកម្លាំងកងទ័ពជាតិ ដើម្បីការពារមាតុភូមិ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាជន ការពារនូវឯករាជ្យ អធិតេយ្យ និងបូរណភាពទឹកដី។
៤៖ អនុវត្តន៍សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ គោរពសិទ្ធិ និងតម្លៃមនុស្សរបស់ប្រជាជនគ្រប់ជាន់ថ្នាក់។ បើកសិទ្ធិជូនប្រជាជនឲ្យវិលត្រឡប់មករស់នៅ តាមភូមិឋានចាស់របស់ខ្លួន និងកសាងជីវ ភាពរស់នៅប្រកបដោយ សុភមង្គលក្នុងគ្រួសារឡើងវិញ។ ធានាសិទ្ធិក្នុងការស្នាក់អាស្រ័យ នូវការធ្វើដំណើរ ក្នុងប្រទេសដោយសេរី មានសិទ្ធិក្នុងការឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំង មានសិទ្ធិសេរីភាពក្នុង ការនិយាយស្តី មានសិទ្ធិសេរីក្នុងការបង្កើតសមាគម មានសិទ្ធិសេរីភាពក្នុងជំនឿសាសនា មានសិទ្ធិប្រកបពលកម្ម សម្រាក និងរៀនសូត្រ។
ធានាអះអាងនូវសិទ្ធិសេរីភាព ខាងរូបកាយរបស់ប្រជាជនគ្រប់រូប។ មាន សិទ្ធិរស់នៅស្មើភាព។ មានកាតព្វកិច្ច និងមានផលប្រយោជន៍ដូចគ្នា។
៥៖ អនុវត្តន៍មាគ៌ាសេដ្ឋកិច្ច ឯករាជ្យតាមដំណាក់កាលនីមួយៗ កសាងឡើងវិញនូវទឹកដី ដែលបំផ្លិចបំផ្លាញ ជួសជុលសេដ្ឋកិច្ចថ្មីគឺ សេដ្ឋកិច្ចបម្រើផលប្រយោជន៍ លើមូលដ្ឋានពង្រីកកសិកម្ម និងឧស្សាហកម្ម ។ បំបាត់ចោលរបបចាប់បង្ខំឲ្យធ្វើរួមហូបរួម បំបាត់ចោលរបបគៀរប្រមូលស្រូវ អង្ករ ទ្រព្យសម្បត្តិប្រជាជន បើកធនាគារចាយវាយក្រដាសប្រាក់ ជួសជុល និងពង្រីកការផ្លាស់ប្តូរនូវរាល់មុខទំនិញ បើកទូលាយការ លក់ដូរក្នុងប្រទេស លុបបំបាត់ចោលរបបចាប់បង្ខំ ឲ្យធ្វើពលកម្មបាក់កម្លាំង។
៦៖ បំបាត់ចោលរបបអាពាហ៍ពិពាហ៍ដោយចាប់បង្ខំ ។ អនុវត្តន៍របបកសាងជីវភាពគ្រួសារ អនុវត្តន៍ សិទ្ធិស្មើភាពរវាងបុរស និងនារី ។ លើកទឹកចិត្តនារីឲ្យបានរៀនសូត្រខាងវប្បធម៌ និងមុខវិជ្ជាជំនាញ ដើម្បីបម្រើសង្គម ជួយឧបត្ថម្ភដល់ជនពិការ គ្រួសារពលី មរណៈ ។ យកចិត្តទុកដាក់អ្នកចាស់ជរា ក្មេងកំព្រា ស្រ្តី មេម៉ាយ។ មានមាគ៌ាត្រឹមត្រូវចំពោះបងប្អូនខ្មែរកំពុងរស់នៅបរទេស និងជនបរទេសកំពុងរស់នៅក្នុងប្រ ទេសកម្ពុជា ។
៧៖ បំបាត់ចោលវប្បធម៌ប្រតិកិរិយា ហើយកសាងវប្បធម៌ថ្មី មានចរិកជាតិ និងទស្សនៈប្រជាជន ។ បំបាត់គ្រោះអវិជ្ជា ពង្រីកកម្រិតសិក្សាគ្រប់ថ្នាក់ និងវិជ្ជាជីវៈជំនាញ ។ ថែរក្សាការពារវត្ថុបុរាណ បេតិកភណ្ឌ ជាតិ សួនឧទ្យាន វត្តអារាម ដែលត្រូវ ប៉ុល ពត បំផ្លាញ ។
៨៖ អបអរសាទរ និងបង្កលក្ខណៈងាយស្រួលដល់នាយទាហាន ពលទាហាន ក្នុងកម្លាំងប្រដាប់អាវុធ កម្មាភិបាល បុគ្គលិក ដែលបានបោះបង់របប ប៉ុល ពត ហើយវិលត្រឡប់មករួមរស់ជាមួយប្រជាជន។ ផ្តទ្ទាទោសមេក្លោងក្បាលរឹង និងអនុគ្រោះចំពោះអ្នកស្មោះត្រង់ និងកែប្រែទាន់ពេលវេលា ព្រមទាំងលើកសរសើរ ចំពោះអ្នកមានស្នាដៃ។
៩៖ អនុវត្តន៍មាគ៌ាបរទេស សន្តិភាព មិត្តភាព និងមិនចូលបក្ខសម័្ពន្ធជាមួយប្រទេសទាំងឡាយ ដោយ មិនប្រកាន់របបនយោបាយសង្គម លើលក្ខការណ៍សន្តិសហវិជ្ជមាន គោរពឯករាជ្យ អធិបតេយ្យ និងបូរណ ភាពដែនដីគ្នា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ស្មើភាព និងមានផលប្រយោជន៍ទៅវិញទៅមក។
១០៖ ដោះស្រាយរាល់បញ្ហាវិវាទជាមួយ បណ្តាប្រទេសជិតខាងដោយសន្តិវិធី ផ្អែកលើមូលដ្ឋានគោរព ឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដីគ្នាទៅវិញទៅមក ។ បញ្ចប់សង្រ្គាមតាមព្រំដែនជាមួយវៀតណាម ដែលពួក ប៉ុល ពត បង្កឡើង។ ស្ថាបនាឡើងវិញនូវចំណងមិត្តភាព សហប្រតិបត្តិការល្អ ក្នុងន័យជាអ្នកភូមិ ផងរបងជាមួយ និងបណ្តាប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍ រួមចំណែកកសាងភូមិភាគអាស៊ីអាគ្នេយ៍ជា មណ្ឌលមួយប្រកបដោយសន្តិភាព ឯករាជ្យ សេរីភាព អព្យាក្រឹត ស្ថិរភាព និងសម្បូណ៌ស្តុកស្តម្ភ។
១១៖ បង្កើនសាមគ្គីភាពជាមួយ បណ្តាប្រទេសលើសកលលោក ដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងវឌ្ឍនសង្គម។
ពិនិត្យលើខ្លឹមសាររួម នៃសេចក្តីថ្លែងការណ៍ទាំង ១១ ខ របស់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ឃើញថា ពុំមានប្រការណាមួយ ដែលផ្ទុយពីគំនិតផ្តួចផ្តើម នៃកម្មវិធីនយោបាយបង្រួបបង្រមជាតិរបស់ យើងបច្ចុប្បន្នឡើយ។
ផ្អែកលើគោលការណ៍ជាសារវន្ត នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ទើបយើងអនុវត្តន៍គោលការណ៍ បង្រួបបង្រួមជាតិដោយជោគជ័យ។ គ្រប់ស្រទាប់ វណ្ណៈ ដោយមិនប្រកាន់និន្នាការនយោបាយ វណ្ណភាព ជំនឿសាសនា។
សូមឧទ្ទិសឲ្យស្មារតីរណសិរ្ស ២ ធ្នូស្ថិតនៅជាប់ជានិច្ចក្នុងចិត្តរបស់កុលបុត្រ កុលធីតាខ្មែរ បើនិយាយពីរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវនិយាយពី កម្លាំងមហាសាមគ្គី ប្រជាជនទាំងមូលគ្រប់រូប ដើម្បីរួបរួមគ្នាបម្រើផលប្រយោជន៍ប្រទេសជាតិ និង ប្រជាពលរដ្ឋខ្មែរឲ្យមានសុខសន្តិភាព សម្បូណ៌ សប្បាយប្រកបដោយ កិត្តិយស និងសុភមង្គល៕

អត្ថបទដែលជាប់ទាក់ទង