Banner KNP Detail Top

ល្ងាចនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប

ល្ងាចនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប


(កែប)៖ នៅថ្ងៃសៅរ៍ ៥រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ដែលប្រារព្ធធ្វើឡើងនៅខេត្តកែប។
ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) គោលបំណងនៃពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចិរភាព និងការទទួលខុសត្រូវ ព្រមទាំងលើក តម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន។


ពិធីបុណ្យសមុទ្រនេះត្រូវបានខកខានអស់រយៈពេលពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ហើយបានរៀបចំឡើងវិញនៅឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីរាជរដ្ឋាភិបាលបានយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩។
ពិធីបុណ្យសមុទ្រលើកទី១០ នៅក្នុងខេត្តកែប ធ្វើឡើងក្រោមប្រធានបទ «ទាំងអស់គ្នា ដើម្បីទេសចរណ៍» មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ដោយបានបែងចែកជាបីតំបន់ រួមមានតំបន់ A ស្ថិតនៅទីតាំងពយអភិវឌ្ឍជាប់ផ្សារក្តាម, តំបន់ B ស្ថិតនៅទីតាំងឆ្នេរងូតទឹកកម្សាន្ត «ខ្ញុំស្រឡាញ់ ខេត្តកែប (I LOVE KEP)» និងតំបន់ C ស្ថិតនៅទីតាំងមុខសាលាខេត្តកែប។ តំបន់ទាំងបីនេះ ត្រូវបានរៀបចំឡើង ដោយមានកម្មវិធីជាសកម្មភាពនានាសម្រាប់ទេសចរ និងសាធារណជនមកទស្សនាកម្សាន្ត។
ក្នុងពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃនេះ មានការតាំងពិព័រណ៍ផលិតផល សកម្មភាពកីឡា និងសកម្មភាពកម្សាន្តជាច្រើនទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង