Banner KNP Detail Top

ក្រុមគ្រួសារជនរងគ្រោះ ដែលស្លាប់គ្រោះថ្នាក់ចរាចរណ៍ រថយន្តព្រូសបើកបញ្ច្រាសទិសបុកម៉ូតូយ៉ាងពេញទំហឹង

ក្រុមគ្រួសារជនរងគ្រោះ ដែលស្លាប់គ្រោះថ្នាក់ចរាចរណ៍ រថយន្តព្រូសបើកបញ្ច្រាសទិសបុកម៉ូតូយ៉ាងពេញទំហឹង នៅរង្វង់មូលសួនច្បារកោះពេជ្រ ដង្ហើយស្វែងរកយុត្តិធម៌


(ភ្នំពេញ)៖ ក្រុមគ្រួសារជនរងគ្រោះ ដែលស្លាប់យ៉ាងអាណោចអាធម្ម ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តព្រូស របស់ជនបង្កបើកបញ្ច្រាសទិស បុកម៉ូតូជនរងគ្រោះយ៉ាងទំហឹង នៅរង្វង់មូលសួនច្បារកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ កំពុងដង្ហើយស្វែងរកយុត្តិធម៌។


ជនរងគ្រោះមានឈ្មោះ ចាន់ ប៉េងលាង ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរលក់គ្រឿងសក្ការៈបូជា មានទីលំនៅភូមិសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក លាង តុលាមុន្នីរ័ត្ន កូនប្រុសជនរងគ្រោះ និងតំណាងឱ្យក្រុមគ្រួសារទាំងមូលបានបញ្ជាក់ថា សពឪពុករបស់លោកត្រូវបានរៀបចំធ្វើបុណ្យបូជាតាមប្រពៃណីរួចរាល់ហើយ។ ជាមួយគ្នានេះលោក និងគ្រួសារ សូមអំពាវនាវដល់កម្លាំងសមត្ថកិច្ចជំនាញ មេត្តាស្រាវជ្រាវស្វែងរកជនបង្កឱ្យឃើញ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ និងក៏ដូចជាផ្តល់យុត្តិធម៌ដល់ជនរងគ្រោះផងដែរ។
លោកបន្តថា មរណៈភាពរបស់ឪពុកលោក ក៏បានបន្សល់ទុកនូវភាពឈឺចាប់ធ្ងន់ធ្ងរដល់កូនៗ ពិសេសម្តាយរបស់លោក ដែលជាប្រពន្ធជនរងគ្រោះ កំពុងមានជម្ងឺមហារីកសុដន់ធ្ងន់ធ្ងរ ហើយឥឡូវបាត់បង់ស្វាមីជាទីស្រឡាញ់ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង