Banner KNP Detail Top

ភ្ញាក់ផ្អើល លោក ព្រហ្ម សាយ ជាបេក្ខជនទទួលពានរង្វាន់អ្នកសារព័ត៌មាន

ភ្ញាក់ផ្អើល លោក ព្រហ្ម សាយ ជាបេក្ខជនទទួលពានរង្វាន់អ្នកសារព័ត៌មាន ទសវត្សរ៍ឆ្នាំ១៩៧០
ធ្លាក់ខ្លួនឈឺហើយ


ភ្នំពេញ៖ ភ្ញាក់ផ្អើល លោក ព្រហ្ម សាយ ជាបេក្ខជន ទទួលពានរង្វាន់អ្នកសារព័ត៌មាន ទសវត្សរ៍ឆ្នាំ១៩៧០ ធ្លាក់ខ្លួនឈឺហើយ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា មានអ្នកកាសែតតិចតួចណាស់ ដែលទទួលបានការសព្វព្រះរាជហឫទ័យ ពីព្រះមហាក្សត្រប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ»។ លោក ព្រហ្ម សាយ ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ» ។
លោក ព្រហ្ម សាយ គឺជាអ្នកកាសែតជើងចាស់មួយរូប សល់តាំងពីសម័យលន់ នល់ មកម៉្លេះ និងបច្ចុប្បន្នជាចាងហ្វាង កាសែតអរិយធម៌ ។

ជីវប្រវត្តិលោក ព្រហ្ម សាយ ចាងហ្វាងកាសែតអរិយធម៌ អាយុ៧៣ឆ្នាំ កើតនៅឆ្នាំ១៩៤៩។ ចាប់ផ្តើមប្រឡូកក្នុងអាជីពសារព័ត៌មានតាំងពីឆ្នាំ១៩៦៧។
បទពិសោធន៍៖


-ឆ្នាំ១៩៦៧៖ បម្រើការងារក្នុងអង្គភាពសារព័ត៌មាន សុជីវធម៌ របស់លោក នុត ឈឿម ពេលកំពុងរៀនត្រៀមប្រឡងបាក់ឌុប
-ឆ្នាំ១៩៦៩៖ បម្រើការនៅកាសែតសុវណ្ណភូម ជាមួយលោក ឃួន ថៃ
-ឆ្នាំ១៩៧០៖ ធ្វើការនៅកោះសន្តិភាព ចេញពីកោះសន្តិភាព លោកក៏បានចូលធ្វើនៅមាតុភូមិ ចេញពីមាតុភូមិ លោកបានធ្វើនៅកាសែតប្រជាជាតិ បន្ទាប់មកក៏ចូលទៅកោះសន្តិភាពវិញនៅឆ្នាំដដែល។
-ឆ្នាំ១៩៧២-១៩៧៥៖ និពន្ធនាយកកាសែតសម្លេងនារី (ប្រាក់ខែ៥០០០រៀល ដែលខ្ពស់ស្មើ Professor ជំនាន់នោះ) ។ នាអំឡុងពេលនោះ លោកក៏បានបម្រើការរយៈពេលខ្លីនៅកាសែតសង្គ្រោះជាតិ សង្គ្រោះខ្មែរ របស់លោក ហ៊ួយ ស្រេង ផងដែរ ដោយសារការណែនាំពីលោក សា មឿន និងលោក ខៀវ សេងគីម ប្អូនប្រុសលោក ខៀវ សំផន។
-ឆ្នាំ១៩៩៣៖ បន្តធ្វើអ្នកសារព័ត៌មានដោយសរសេររឿងវិភាគនយោបាយប៉ុណ្ណោះឲ្យកាសែតកោះសន្តិភាព
-ឆ្នាំ១៩៩៥៖ ធ្វើជាចាងហ្វាងកាសែតចក្រវាល និងបន្តមកកាសែតអរិយធម៌ រហូតដល់បច្ចុប្បន្ន
កម្រិតវប្បធម៌/វគ្គបណ្តុះបណ្តាលផ្នែកសារព័ត៌មាន
-ឆ្នាំ១៩៦៧៖ សញ្ញាបត្របាក់ឌុបកាលពីសម័យសង្គមរាស្ត្រនិយម
-សម័យលន់ នល់៖ ឆ្លងកាត់វគ្គបណ្តុះបណ្តាលផ្នែកសារព័ត៌មាន ពីលោក ឡុង បូរ៉េត រដ្ឋមន្ត្រីក្រសួងឃោសនា និងលោក ថោង លឹមហ៊ួរ រដ្ឋលេខាធិការនាសម័យនោះ។


មូលហេតុប្រឡូកក្នុងវិស័យសារព័ត៌មាន៖
ពេលត្រៀមប្រឡងបាក់ឌុប លោកបានជួប លោក នុត ឈឿម នៅអង្គតាសោម ខេត្តតាកែវ។ គាត់បានផ្តល់ឱកាសដល់លោកឲ្យរៀនផងធ្វើការផង។ លោកក៏មានជំនក់ចិត្តប្រឡូកក្នុងអាជីពមួយនេះ រហូតមក។
ស្នាដៃលេចធ្លោ
ឆ្លងកាត់បទពិសោធន៍ប្រមាណជាង៥៨ឆ្នាំកន្លងមក លោក ព្រហ្ម សាយ ធ្លាប់មានអត្ថបទលេចធ្លោជាច្រើន ដែលមានទាំងរឿងស៊ើបអង្កេត រឿងនយោបាយ និងរឿងវិភាគបែបរិះគន់ ដែលមានចាប់ពី៣ទៅ៤ទំព័រ។ ស្នាដៃដែលលោកនៅចងចាំ ដែលធ្វើឱ្យមានការទាក់ទាញនឹងកក្រើកដល់មហាជន និងរាជរដ្ឋាភិបាលគឺមានដូចជា រឿងដែលមានចំណងជើងថា «ឯកឧត្តម ឌុករ៉ាស៊ី គឺជារឿងរបស់ឌុក រ៉ាស៊ី ឯរឿងរបស់រាជរដ្ឋាភិបាល ឡុង រ៉េត គឺជារឿងរបស់រាជរដ្ឋាភិបាលឡុង បូរ៉េត»។ ពេលនោះ លោកបានធ្វើបទវិភាគបីបួនទំព័រឯណោះ និងរឿងមួយទៀត គឺរឿងគេសម្លាប់នាង ឃ្វាង ទីគីម។ នាង ឃ្វាង ទីគីម ត្រូវគេសម្លាប់ដោយបំបែកសាកសព ដោយក្បាលនៅផ្សារចាស់ ជើងនៅទួលទំពួង ដៃនៅវត្តទឹកល្អក់ ហើយខ្លួនប្រាណនៅពោធិ៍តុង។ បន្ទាប់មកគេរើសបានរួចផ្គុំគ្នា។ «ខ្ញុំគិតថារឿងនេះល្បីខ្លាំងព្រោះថា ទី១ព័ត៌មាននេះគឺថ្មី ទី២ គេចង់ដឹងថានាងហ្នឹងជាអ្នកណា ដល់ស្លាប់ឃើញតែក្បាល ដូច្នេះគេចង់រក ក្រោយមក ខ្ញុំបានសរសេររឿងមួយទៀត គឺរឿងមឈូសអត់ខ្មោចជាដើម”។
នៅឆ្នាំ១៩៩៤ លោកធ្លាប់សរសរវិភាគ ហើយត្រូវបានសម្តេច ហ៊ុន សែន ហៅជិះយន្តហោះជាមួយដោយធ្វើដំណើរទៅប៉ៃលិនលើកដំបូងបំផុត។ «កាលណោះ ខ្ញុំវិភាគរឿងខ្មែរក្រហម ដែលគ្រោងវៃចូល ទីបំផុតយើងវៃទៅឈ្នះ ខ្ញុំសរសេរវិភាគថា ទីបំផុតទឹកដីនេះខ្មែរក្រហមនឹងត្រូវវាយយកវិញ គឺវាយយកបាត់មែន មានន័យថា យើងឈ្នះមែន»។ នៅឆ្នាំ២០១០ លោកត្រូវបានព្រះករុណាព្រះមហាក្សត្រប្រទានងារជាព្រឹទ្ធាចារ្យ។ នៅឆ្នាំ១៩៩៧ ស្ថានទូតរុស្ស៊ីបានសម្ភាសលោក ជុំវិញការសរសេររឿងតាមបែបវិភាគ។
ចែករំលែកបទពិសោធន៍ការងារ/បណ្តុះបណ្តាល មិនមានការបើកវគ្គបណ្តុះបណ្តាលទូលំទូលាយឡើយ ប៉ុន្តែលោកតែងតែណែនាំយុវជនជំនាន់ក្រោយដែលប្រឡូកក្នុងអាជីពនេះ ពីរបៀបយកព័ត៌មាន ហើយមួយចំនួនបានក្លាយជាថ្នាក់ដឹកនាំនៅស្ថាប័នសារព័ត៌មាននានាផងដែរ។
ទស្សនៈស្តីពីស្ថានភាពសារព័ត៌មាន


នាអំឡុងទសវត្សរ៍១៩៧០ រដ្ឋគឺមានអំណាចខ្លាំង ទើបមិនអាចមានអ្នកណាប៉ះពាល់បាន។ អ្នកនិពន្ធ ចាងហ្វាងកាសែតមួយចំនួនក្នុងសម័យនោះត្រូវបានចាប់ដាក់គុកដូចជា ហែម វ៉ាន់រិទ្ធ ចាងហ្វាងកាសែតភ្នំពេញ លោក ប៉ អាស្នារិទ្ធ ចាងហ្វាងកាសែតបដិវត្តជាដើម ដូច្នេះ សម័យបើអង្គភាពនោះខ្លាំងជ្រុលគឺប្រឈមនឹងការចាប់ដាក់គុកពីរដ្ឋអំណាចជាមិនខាន។
លោកបានបញ្ជាក់ថា «កាសែតមួយចំនួនត្រូវបានបើកហើយ បិទរហូតដល់ទៅ៣ដងក៏មានដែរ តែចំពោះខ្ញុំដែលជាចាងហ្វាងម្នាក់ដែរ គឺអត់ប្រឈមនឹងការចាប់ខ្លួននោះទេ”។ ព័ត៌មានមួយៗទំរាំតែចេញផ្សាយ គឺគេពិនិត្យខ្លាំងណាស់ ដោយនិពន្ធនាយក និពន្ធនាយករង បន្ទាប់មកចាងហ្វាង នៃការផ្សាយគេអ្នកមើល ទើបអាចចេញផ្សាយបាន។
សម្រាប់ប្រាក់ខែវិញ នៅក្នុងជំនាន់នោះ លោកទទួលបានប្រហែលជា ២០០ ទៅ៣០០ប៉ុណ្ណោះ ប៉ុន្តែអង្គភាពក៏បានទទួលអំណោយបន្ថែមពីស្ថាប័នផ្សេងៗ ដែលមានតម្លៃគិតជាលុយច្រើនខ្លាំងដែរ។

មកដល់ឆ្នាំ១៩៧០ គ្រាមួយខ្មែរក្រហមវាយចូលត្រាំខ្នា លោកព្រហ្ម សាយ និងលោកថោង វាសនា ជាមួយនឹងអៀង សារួន និងអៀង ចំរើន បាននាំគ្នាលូនក្រាប ចុះទៅថតយករូបភាព ក្នុងព្រឹត្តិការណ៍សង្គ្រាម។ ខណៈនោះ លោក អៀង ចំរើន ត្រូវគេបាញ់ចំក្បាល បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។
លោក ព្រហ្មសាយ លើកឡើងថា «សម័យនោះ រាល់ពេលសឹកសង្គ្រាម គេតែងតែនិយាយលេងថា ខ្មែរច្បាំងជាមួយនឹងយួនយៀកកុង យួនខាងជើង យួនធ្មេញខ្មៅ ហើយខ្មែរច្បាំងជាមួយខ្មែរ យើងជាអ្នកកាសែតចង់ដឹង បើយើងបាននាំគ្នាចុះទៅថតបាន គឺ១សន្លឹកយើងលក់បានរាប់រយ។ បើបាន៣០០ដុល្លារនៅជំនាន់នោះ គឺវាច្រើនស្នើនឹង៣ម៉ឺនរៀលសព្វថ្ងៃ»។
ជម្រើស
ខ្ញុំចង់ធ្វើជាអ្នកសារព័ត៌មានសម័យឥឡូវ ព្រោះបច្ចុប្បន្នយើងមានសេរីភាព សរសេរដោយសេរី ឱ្យតែយើងយល់ខ្លួនយើង ហើយមានសមត្ថភាពបកស្រាយប្រាប់គេ។ សម័យមុនអត់មានច្បាប់សារព័ត៌មានអ្វីទេ បើសរសេរប៉ះលន់ នល់ ឬថ្នាក់ដឹកនាំតែបន្តិចគឺត្រូវជាប់គុកហើយ។ ជំនាន់មុន អ្នកកាសែតជាច្រើន ជិះកង់ទៅយកព័ត៌មាន គ្មានកាមេរ៉ា និងបច្ចេកវិទ្យាទំនើបឡើយ ហើយត្រូវប្រឈមខ្លាំងទៀត៕

អត្ថបទដែលជាប់ទាក់ទង