Banner KNP Detail Top

អតីតទាហានជប៉ុន ៣នាក់ ជាប់ទោសពីបទរំលោភផ្លូវភេទមិត្តរួមការងារ

អតីតទាហានជប៉ុន ៣នាក់ ជាប់ទោសពីបទរំលោភផ្លូវភេទមិត្តរួមការងារ


នៅថ្ងៃអង្គារទី១២ខែធ្នូ តុលាការជប៉ុនរកឃើញថា អតីតទាហាន៣នាក់ មានពិរុទ្ធពីបទបៀតបៀនផ្លូវភេទមិត្តរួមការងារជាស្ត្រី។
សាលក្រមជាប្រវត្តិសាស្រ្តនេះ កើតឡើងបន្ទាប់ពីនាង Rina Gonoi អាយុ២៤ឆ្នាំ ទម្លាយរឿងជាសាធារណៈនិងទាក់ទាញចំណាប់អារម្មណ៍ពីអន្តរជាតិ នៅពេលនាងបង្ហោះ YouTube ក្នុងឆ្នាំ២០២២។
ក្រោយមក រាជអាជ្ញា Fukushima ក៏បានធ្វើការចោទប្រកាន់លើបុរស៣នាក់ នៅខែមីនា ដោយប្រែក្រឡាស់ការសម្រេចចិត្តលើកមុនរបស់ពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Shutaro Shibuya, Akito Sekine និង Yusuke Kimezawa បានទទួលការព្យួរទោសរយៈពេលពីរឆ្នាំនៅតុលាការ Fukushima។


នេះគឺជាសាលក្រមធំលើកដំបូង ស្តីពីការរំលោភផ្លូវភេទនៅជប៉ុន ចាប់តាំងពីខែមិថុនាមក នៅពេលប្រទេសនេះបានកែប្រែច្បាប់ឧក្រិដ្ឋកម្មផ្លូវភេទរបស់ខ្លួន ដែលរួមមានទាំងការកំណត់ឡើងវិញនូវនិយមន័យនៃពាក្យរំលោភ និងការបង្កើនអាយុនៃការយល់ព្រមរួមដំណេកផងដែរ។
តាមការបញ្ជាក់ នៅខែសីហាឆ្នាំ២០២១ សហសេវិកប្រុស៣នាក់ បានចាប់នាង Gonoi ឲ្យដេកលើគ្រែ ហើយធ្វើសកម្មភាពម្តងម្នាក់ៗ។ មុននេះ នាងបានប្រាប់ BBC ថា ថ្វីបើសហសេវិក ច្រើននាក់ផ្សេងទៀត មានវត្តមាននៅពេលនោះក៏ដោយ ប៉ុន្តែគ្មាននរណាម្នាក់ រារាំងអ្នកទាំងបីនោះទេ បែរជានាំគ្នាសើចទៅវិញ។
នាង Gonoi បានរាយការណ៍ពីហេតុការណ៍នេះទៅថ្នាក់លើ ប៉ុន្តែពាក្យបណ្តឹងត្រូវច្រានចោល ដោយសារតែនាងគ្មានសាក្សី។ ក្រោយមក អង្គភាពនគរបាលការពារដីគោក (GSDF) បានបញ្ជូនបុរសទាំង៣ ទៅកាន់អយ្យការ ក្រោមការសង្ស័យពីបទរំលោភបំពាន ប៉ុន្តែសំណុំរឿងនេះ ត្រូវទម្លាក់ចោលវិញ ដោយសារខ្វះព័ស្តុតាង ហើយទីបំផុត Gonoi បានចាកចេញពីជួរកងទ័ព។
វីដេអូ YouTube របស់នាង បានបង្កភាពល្បីល្បាញកាលពីឆ្នាំមុន ហើយនាងប្រមូលហត្ថលេខាពីមនុស្សជាង១០០០០០នាក់សម្រាប់ញត្តិ អំពាវនាវឲ្យក្រសួងការពារជាតិ ស៊ើបអង្កេតករណីរបស់នាង។
បន្ទាប់មក ក្រសួងបានសុំទោសនាង ហើយបើកការស៊ើបអង្កេតដ៏កម្រមួយ ឈានទៅដល់ការរកឃើញពាក្យបណ្តឹងជាង១០០ផ្សេងទៀតពាក់ព័ន្ធការយាយី នៅទូទាំងក្រសួង។
Gonoi ក៏បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណី ប្រឆាំងជនល្មើសទាំងប្រាំនាក់ និងរាជរដ្ឋាភិបាលជប៉ុនផងដែរ ដោយទាមទារសំណងចំនួន៥.៥លានយ៉េន (៤០០០០ដុល្លារ) ពីបទបង្កបញ្ហាផ្លូវចិត្តរបស់នាង និង២លានយ៉េនបន្ថែមពីរដ្ឋ សម្រាប់ការបរាជ័យចំពោះការពារករណីរំលោភបំពាន។
សូមបញ្ជាក់ ករណីរំលោភផ្លូវភេទនៅតែជាប្រធានរសើបនៅជប៉ុន ហើយទទួលបានការចាប់អារម្មណ៍ទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានសំណុំរឿងល្បីៗដូចជារឿងរបស់ Gonoi, ការតស៊ូនៅតុលាការរបស់ Shiori Ito និងការលាតត្រដាង Johnny Kitagawa៕

អត្ថបទដែលជាប់ទាក់ទង