Banner KNP Detail Top

បុគ្គលិកឥណទានធនាគារ នៅសាខាផ្សារដីហ៊ុយម្នាក់ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

បុគ្គលិកឥណទានធនាគារ នៅសាខាផ្សារដីហ៊ុយម្នាក់ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទ រំលោភលើទំនុកចិត្តលើទឹកប្រាក់ប្រមាណជិត២ម៉ឺនដុល្លារ

ភ្នំពេញ ៖ ជនសង្ស័យនេះមានឈ្មោះ អ៊ែល សារិត ហៅ រិត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ បុគ្គលិកឥណទានធនាគារ ខេប៊ីប្រាសាក់ម.ក (សាខាផ្សារដីហ៊ុយ) មានទីលំនៅផ្ទះជួល ផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា «នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឈ្មោះ ស្រ៊ុន វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជានាយកធនគារ ខេប៊ីប្រាសាក់ ម.ក សាខាផ្សារដីហ៊ុយ ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ អ៊ែល សារិត ពីចំណុចធនាគារខេប៊ីប្រាសាក់ មកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ ក្នុងដំណើររឿងករណីក្លែងបន្លំឯកសារ (បន្លំធ្វើឯកសារស្នើសុំកម្ចីរបស់អតិថិជន) និងករណីរំលោ.ភលើទំនុកចិត្ត (បន្លំយកប្រាក់ពីការផ្តល់កម្ចីឲ្យអតិថិជនចំនួន ១៧,៦៦០.៩៣ ដុល្លាអាមេរិក របស់ធនាគារ យកទៅប្រើប្រាស់ផ្ទាល់ខ្លួន)។
ជនសង្ស័យបានធ្វើសកម្មភាពបន្លំឯកសារដូចជា ៖
១- ស្នាមមេដៃរបស់អតិថិជន០២នាក់ ក្នុងនោះឈ្មោះ សំ ឧសភា និងឈ្មោះ ហេង តាំងអេង លើកិច្ចសន្យាខ្ចីប្រាក់ (ចំនួន៧,០០០ដុល្លាអាមេរិក និងចំនួន១៣,០០០ដុល្លាអាមេរិក) ។
២- ធ្វើរបាយការណ៍ចំណូលចំណាយ
៣- លិខិតបញ្ជាក់បុគ្គលិក
៤- កិច្ចសន្យាការងារ
៥- តារាងប្រាក់ខែ ដាក់ស្នើសុំប្រាក់កម្ចីពីធនាគារខេប៊ីប្រាសាក ម.ក សាខាផ្សារដីហ៊ុយ ហើយធនាគារបានអនុម័ត សរុបចំនួន២០,០០០ដុល្លាអាមេរិក (កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ចំនួន៧,០០០ដុល្លាអាមេរិក និងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួន១៣,០០០ដុល្លាអាមេរិក) រួចជនសង្ស័យក៏បានបន្លំធ្វើជាអតិថិជនខាងលើ ដើម្បីទូទាត់សងប្រាក់ប្រចាំខែមកធនាគារវិញ បានចំនួន ២,៣៣៩.០៧ ដុល្លាអាមេរិក នៅសល់ចំនួន ១៧,៦៦០.៩៣ ដុល្លាអាមេរិកទៀត ដែលជនសង្ស័យបានយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ។
ហើយនៅនគរបាលប៉ុស្តិ៍ទឹកថ្លា តំណាងធនាគារក៏បានដាក់ពាក្យបណ្តឹង និងចោទប្រកាន់ជនសង្ស័យ ដើម្បីឲ្យសមត្ថកិច្ចនាំទៅអនុវត្តតាមផ្លូវច្បាប់ ។
ជនសង្ស័យក៏បានសារភាពថា «ខ្លួនពិតជាបានក្លែងបន្លំឯកសាររបស់អតិថិជន០២នាក់ ដាក់ស្នើសុំប្រាក់កម្ចីបានចំនួន ២០ ០០០ ដុល្លាអាមេរិក កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ និងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នោះប្រាកដមែន។ ហើយខ្លួនបានទូទាត់សងប្រាក់ទៅធនាគារមួយចំនួនវិញហើយ នៅសល់ប្រមាណ ១៧,៦៦០.៩៣ ដុល្លាអាមេរិកតែប៉ុណ្ណោះ និងបានសន្យាសងបន្ត»៕

អត្ថបទដែលជាប់ទាក់ទង