ទីបំផុត! ឪពុកម្តាយក្មេងស្រីរងគ្រោះសុំមិនប្តឹងផ្តល់ តែស្ត្រី២នាក់ នៅជាប់បណ្តឹងអាជ្ញា
ទីបំផុត! ឪពុកម្តាយក្មេងស្រីរងគ្រោះសុំមិនប្តឹងផ្តល់ តែស្ត្រី២នាក់ នៅជាប់បណ្តឹងអាជ្ញា ត្រូវបញ្ជូនទាំងមនុស្សនិងសំណុំរឿង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញ ៖ បើទោះបីឪពុកម្តាយក្មេងស្រីរងគ្រោះសុំមិនប្តឹងផ្តល់អ្វីក៏ដោយ តែស្ត្រី២នាក់នេះ នៅជាប់បណ្តឹងអាជ្ញា ត្រូវបញ្ជូនទាំងមនុស្សនិងសំណុំរឿង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ខណៈបែកធ្លាយស្ត្រីទាំងពីរខាងលើចាប់ចងដៃចងជើងធ្វើទារុណកម្ម ក្មេងលើកុមារីម្នាក់អាយុ៦ឆ្នាំ។
បន្ទាប់ពីត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរបង្ហោះជាសារធារណៈលើបណ្តាញសង្គម សមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីជាម្តាយមីង ក្រោយធ្វើទារុណកម្មចងដៃចងជើង ក្មួយស្រីដែលមានអាយុទើបតែ០៦ឆ្នាំនៅខាងមុខផ្ទះ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនាវេលាម៉ោង ០៩និង៣០នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ តាមផ្លូវបេតុង ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
យោងតាមវីដេអូដែលបង្ហោះតាមគណនីហ្វេសបុ៊កបានអោយដឹងថា ស្រ្តីជាម្តាយមីងរួមនឹងយាយបានធ្វើទារុណកម្មចងដៃ ចងជើង ថែមទាំងវាយទៅលើក្មេងស្រីត្រូវជាក្មួយ បណ្តាលអោយមានស្នាមនៅលើមុខ ជើង និងចង្កេះ ។ លុះមកដល់វេលាម៉ោង១០យប់ថ្ងៃដដែល ទើបវីដេអូនោះបែកធ្លាយទៅដល់សមត្ថកិច្ចក៏បានស្រាវជ្រាវរកប្រភពរហូតឈានដល់ការឃាត់ខ្លួនស្រ្តីជាម្តាយមីងនៅចំណុចផ្ទះកើតហេតុតែម្តង ។
បើតាមការបញ្ជាក់ពីលោកមេភូមិបានអោយដឹងថា ស្រ្តីខាងលើបានប្រដៅក្មួយរបស់គាត់ជាលើកទី២ហើយ ទើបតែលើកនេះគាត់ទប់កំហឹងមិនជាប់ក៏កើតជាមានការចងដៃ ចងជើង ទុកនៅក្រៅផ្ទះបែបនេះ ។ ចំពោះមូលហេតុគឺដោយសារតែក្មួយស្រីម្នាក់នេះរៀនខ្សោយ និងមិនស្តាប់តាមដំបូន្មានរបស់គាត់ទើបមានការវាយធ្វើទារុណកម្មបែបនេះចាត់ទុកជាការព្រមាន ។ ប្រភពដដែលបន្តទៀតថា នេះជាលើកទី០១ ហើយដែលមានការធ្វើបែបនេះនៅក្នុងមូលដ្ឋានភូមិរបស់គាត់ ។
ជនសង្ស័យម្នាក់ដែលជាម្ដាយធំ កំពុងនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវត្រៀមបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕