Banner KNP Detail Top

រថយន្តដឹកសិស្សមួយគ្រឿង ខណៈកំពុងបើកបរសុខៗ ស្រាប់តែមានភ្លើងឆេះចេញពីផ្នែកខាងមុខ

រថយន្តដឹកសិស្សមួយគ្រឿង ខណៈកំពុងបើកបរសុខៗ ស្រាប់តែមានភ្លើងឆេះចេញពីផ្នែកខាងមុខ ជាហេតុបណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ

ខេត្តកំពង់ចាម: រថយន្តដឹកសិស្សមួយគ្រឿង ខណៈកំពុងបើកបរសុខៗ ស្រាប់តែមានភ្លើងឆេះចេញពីផ្នែកខាងមុខ ជាហេតុបណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅទៅហើយ ចំណែកអ្នកបើកបរបានឲ្យកូនសិស្សប្រញាប់ចុះពីរថយន្តជាបន្ទាន់ ដើម្បីកុំឱ្យគ្រោះថ្នាក់ជាយថាហេតុណាមួយ។ ហើយនៅតំបន់នេះឆ្ងាយមិនអាចរថយន្តពន្លត់អគ្គីភ័យទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលានោះទេ គឺរថយន្តបានឆេះខ្ទេចនៅសល់តែគ្រោងដែកប៉ុណ្ណោះ។

កាលពី ថ្ងៃទី២០ ធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
លោកវ៉ា ស្រេង មេឃុំទួលសំបួរមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី២១ ធ្នូ នេះថា រថយន្តមួយគ្រឿងនេះតែងតែបើកមកប្រមូលក្មេងសិស្សសាលានៅក្នុងឃុំទួលសំបួរ ដើម្បីយកទៅរៀននៅសាលាឯកជនមួយ ក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ តាមទម្លាប់រៀងរាល់ថ្ងៃមិនដែលមានអ្វីកើតឡើងនោះទេ។


លោកមេឃុំទួលសំបួរមានប្រសាសន៍បន្តឲ្យដឹងទៀតថា លុះនៅវេលាម៉ោងកើតហេតុ ស្រាប់តែមានករណីភ្លើងឆេះឡានដឺកសិស្សនៅចំណុចលើភ្នំយាយម៉ៅ ស្ថិតក្នុងភូមិទួលសំបួរ ដោយខូចខាតទាំងស្រុង ។ រថយន្តដឹកសិស្សដែលរងការខូចខាតខាងលើម៉ាកសាំយ៉ុង ពណ៏សំបកឪឡឹក ពាក់ស្លាកលេខភ.ព 2C 4187 បើកបរឈ្មោះ អ៊ាង សេងឃាង ភេទប្រុស អាយុ២៧ឆ្នាំ ។
ក្រោយពីប្រមូលសិស្សបានចំនួន៦នាក់ រថយន្តបានបើកតាមផ្លូវ ដើម្បីឆ្ពោះទៅសាលា តែចៃដន្យបើកមកដល់ចំណុចកើតហេតុនេះ ក៏ស្រាប់តែឃើញភ្លើងឆេះបន្តិចម្ដងៗចេញពីផ្នែកខាងមុខ ។ បន្ទាប់មកអ្នកបើកបររថយន្តបានឈប់ និងបានបើកទ្វារឲ្យកូនសិស្សប្រញាប់ចុះពីលើរថយន្តទៅឈរឆ្ងាយ និងកន្លែងដែលមានសុវត្ថិភាព។ ភ្លើងបានឆេះរាលដាលមកផ្នែកខាងក្រោយយ៉ាងសន្ធោសន្ធៅដោយមិនមានអ្វីពន្លត់នោះទេ ព្រោះថាកន្លែងកើតហេតុនេះ នៅសងខាងផ្លូវមានចម្ការកៅស៊ូនិងស្វាយចន្ទី ស្របពេលដែលរថយន្តឆេះស្ទើរតែអស់ទៅហើយក៏មានប្រជាពលរដ្ឋបានយកម៉ាស៊ីនបាញ់ស្មៅដោយបូមទឹកបាញ់លើរថយន្តនោះដើម្បីពន្លត់ក្នុងរយៈពេលប្រហែលកន្លះម៉ោងរថយន្តបានឆេះខូចខាតអស់ទាំងស្រុង១០០%។
មូលហេតុដែលបណ្ដាលឱ្យរថយន្តនេះឆេះគឺដោយសារតែទុស្សេក្បាលអាគុយ។ ក្រោយកើតហេតុ ឪពុកម្ដាយរបស់សិស្សទាំង៦នាក់បានជិះម៉ូតូមកយកកូនត្រឡប់ទៅផ្ទះវិញរាងៗខ្លួន។
លោកមេឃុំបន្ថែមថា ប្រសិនបើនៅក្នុងមូលដ្ឋានរបស់លោកមានរថយន្តពន្លត់អគ្គីភ័យធុនតូចអាចចេញមកអន្តរាគមន៍បានទាន់ពេលវេលា ហើយចំណុចពីឃុំទួលសំបួរទៅសាលានៅបែកអន្លូងមានចម្ងាយប្រមាណជិត២០គីឡូម៉ែត្រ ។ នៅក្នុងហេតុការណ៍នេះមិនមាននរណាម្នាក់រងគ្រោះថ្នាក់មនុស្សឡើយ ៕

អត្ថបទដែលជាប់ទាក់ទង