Banner KNP Detail Top

ដកហូតពីការនេសាទខុសច្បាប់ និងធ្វើការដុតបំផ្លញចោលនៅនឹងកន្លែង

ដកហូតពីការនេសាទខុសច្បាប់ និងធ្វើការដុតបំផ្លញចោលនៅនឹងកន្លែង

ខេត្តស្ទឹងត្រែង ៖ សកម្មភាពចុះល្បាតនៅតាមដងទន្លេមេគង្គ ស្ថិតក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមប្រតិបត្តិការបានប្រមូលឧបករណ៍នេសាទខុសច្បាប់នៅក្នុងដែនអន្លុងអភិរក្សត្រីមេពូជ និងអន្លុងអភិរក្សសត្វផ្សោតមេគង្គ ដែលជាតំបន់ហាមឃាត់ការធ្វើនេសាទ ខណៈជនសង្ស័យបាននាំគ្នាលួ.ចយកទៅដាក់នៅពេលយប់ បង្កឱ្យមានផលប៉ះពាល់ដល់ធនធានជលផលដែលកំពុងរងគ្រោះថ្នាក់ ដូចជា ៖ ត្រីរាជ, ត្រីកន្ត្រប់ខ្លា, ត្រីគល់រាំង និងសត្វផ្សោតជាដើម ។ល។ កិច្ចសហប្រតិបត្តិការនេះ មានកម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុស្តិ៍ត្បូងខ្លា, ប៉ុស្តិ៍កោះជ្រឹម, ប៉ុស្តិ៍សៀមបូក, ប៉ុស្តិ៍កោះសំពាយ សហការជាមួយប្រជាសហគមន៍នេសាទ, កោះសំពាយ, ស្រែក្រសាំង, កោះព្រះ, កោះជ្រឹម, អូរម្រះ, អូរច្រឡង់និងភ្ជុល បានធ្វើសកម្មភាពចុះល្បាតចាប់ពីកន្ទុយកោះសន្ទុក រហូតដល់ភូមិអូរច្រឡង់ ជាប់ព្រំប្រទល់ខេត្តក្រចេះ ដែលជាតំបន់ស្នូលហាមឃាត់ការធ្វើនេសាទ ។


លោកស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែង បានគាំទ្រចំណាត់ការនេះ ព្រោះនៅតាមតំបន់គ្រប់គ្រងការពារត្រីមេពូជ និងសត្វផ្សោតទន្លេមេគង្គនីមួយៗ មន្ត្រីជំនាញ និងឆ្មាំទន្លេ បានបោះបង្គោល និងដាក់ពោង ស្លាកសញ្ញា ហាមឃាត់ការធ្វើនេសាទទាំងរដូវបិទ និងបើកធ្វើនេសាទ តែប្រជានេសាទមួយចំនួនមិនទាន់ភ្ញាក់រលឹកចូលរួមអភិរក្សធនធានរបស់ខ្លួននៅឡើយទេ។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា សកម្មភាពនេះ បានបង្ហាញពីភាពទទួលខុសត្រូវក្នុងការថែរក្សាធានធានជលផលឱ្យសម្បូរបែបឡើងវិញ ព្រោះវាជាធនធានរបស់យើងទាំងអស់គ្នា។ ហើយប្រសិនបើធនធានទាំងនេះបាត់បង់ គឺបងប្អូនប្រជាពលរដ្ឋយើងដែលកំពុងអាស្រ័យផល និងជាអ្នករងផលប៉ះពាល់មុនគេ ។
ប្រជាពលរដ្ឋទាំងអស់នៅប្រទេសកម្ពុជារបស់យើង ជាពិសេសប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែងតែម្តង បើអស់ពីធនធានទាំងអស់នេះ គឺបងប្អូនអ្នកប៉ះមុនគេ កាលណាបងប្អូនប៉ះពាល់ហើយ កូនរបស់បងប្អូន និងចៅរបស់បងប្អូនក៏ប៉ះពាល់ជាបន្តបន្ទាប់ផងដែរ អញ្ចឹងទេមានតែចូលរួមទាំងអស់គ្នាទេ ដើម្បីថែរក្សាឱ្យបានគង់វង្សតរៀងទៅ។
សូមបញ្ជាក់ថា បេសកកម្មដែលបានធ្វើឡើងរួមគ្នានេះ ក្រុមប្រតិបត្តិការដកហូតបានមងចំនួន១៤៣ត្បូង ស្មើនឹងប្រវែង ១១.៤៤០ម៉ែត្រ (ចាប់ពីក្រឡា៧សង់ទី រហូតដល់ទៅ១៦សង់ទីម៉ែត្រ) និងដកហូតសន្ទូចរនងបានចំនួន១០៧ខ្សែ ប្រវែង១២.៨៤០ម៉ែត្រ ស្មើនឹង ១២.០០០ផ្លែ និងបានបំផ្លាញចោលនៅនឹងកន្លែងភ្លាមៗតែម្តង៕

អត្ថបទដែលជាប់ទាក់ទង