Banner KNP Detail Top

សមត្ថកិច្ចបង្ក្រាបមុខសញ្ញាបក្ខពួកមេខ្លោងក្រុមលួចអីវ៉ាន់ តាមបណ្ដារោងចក្រ

សមត្ថកិច្ចបង្ក្រាបមុខសញ្ញាបក្ខពួកមេខ្លោងក្រុមលួចអីវ៉ាន់ តាមបណ្ដារោងចក្រ មេខ្លោងជាមន្ត្រីនគរបាលកំពុងរត់គេចខ្លួន


ខេត្តកំពង់ស្ពឺ ៖ ប្រតិបត្តិការបង្ក្រាបមុខសញ្ញាបក្ខពួកមេខ្លោងក្រុមលួចអីវ៉ាន់តាមបណ្ដារោងចក្រ សហគ្រាសក្នុងខេត្ដកំពង់ស្ពឺ ត្រូវបានជំនាញពាក់ព័ន្ធកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺចាត់ការតាមនីតិវិធីបន្ដ។
តាមប្រភពបានអោយដឹងថា បន្ទាប់ពីមានករណីលួចគាស់ទម្លុះទម្លាយដំបូលស័ង្កសី និងជញ្ជាំង នៅរោងចក្រមួយកន្លែងកាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចរោងចក្រ Wester Fashion Cambodia ស្ថិតនៅភូមិវត្ដភ្នំ ឃុំភ្នំតូច ស្រុកសាមគ្គឺមុនីជ័យ ខេត្ដកំពង់ស្ពឺ ( តាមផ្លូវជាតិលេខ៥១ ) បង្កឡើងដោយជនល្មើសមួយក្រុមមិនស្គាល់អត្ដសញ្ញាណ និងបាត់បង់សម្ភារៈទំនិញមួយចំនួនធំ គិតជាទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។
នគរបាលជំនាញបានប្រាប់ថា ប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះ ដោយមានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ និងបានការដឹកនាំផ្ទាល់ពីលោកស្នងការរង ទទួលជំនាញព្រហ្មទណ្ឌ អធិការស្រុកសាមគ្គឺមុនីជ័យ ព្រមទាំងជំនាញពាក់ព័ន្ធបានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបក្ខពួកមេខ្លោងបានចំនួន៥នាក់ រួមជាមួយមេខ្លោងម្នាក់ដែលសង្ស័យក្នុងអំពើលួច ផ្ដល់មធ្យោបាយសម្ភារៈ និងទទួលយកសម្ភារៈដែលលួចបានឈ្មោះ ម៉ន ជាតិ ភេទប្រុស ជាមន្ត្រីនគរបាល និងជាម្ចាស់ហាងលក់សំលៀកបំពាក់យីហោ «ឡេង ម៉ាណា» មានអាសយដ្ឋាន ផ្ទះលេខ ១០៥ ភូមិថ្លាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។


ដោយបានការដឹកនាំសម្របសម្រួលពីតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ជំនាញព្រហ្មទណ្ឌខេត្ដ សហការត្រួតពិនិត្យ និងឆែកឆេរនៅទីតាំងសង្ស័យ បានរកឃើញសម្ភារៈសង្ស័យថាជាវត្ថុតាងបទល្មើសលួចចេញពីទីតាំងក្រុមហ៊ុន រោងចក្រ មួយចំនួនក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ។
រីឯម្ចាស់ផ្ទះយីហោ ឡេង ម៉ាណា ដែលគេដឹងថា (ម៉ន ជាតិ) យោងតាមចម្លើយបក្ខពួកឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចនាថៃ្ងទី២៦ ធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាជាមេខ្លោងក្នុងអំពើលួចគឺគេចខ្លួនមុនសមត្ថកិច្ចចុះអនុវត្ត។


សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់បន្ថែមថា ករណីគាស់លួចយកសំលៀកបំពាក់នៅតាមបណ្ដារោងចក្រ សហគ្រាស គឺកើតឡើងជាញឹកញាប់ និងមានអំណោយផលគឺទីផ្សារទទួលផលចោរកម្មនេះឯង ដែលមេក្លោងជាមុខសញ្ញាហ៊ឺហាសម្ភារៈនិយម និងមានបក្ខពួកជាអ្នកប្រព្រឹត្ដមានខ្សែររយៈចាត់តាំងជាប្រព័ន្ធ ដោយសារតែបុគ្គលិកសន្ដិសុខឯកជនមួយចំនួនតូចបានប្រព្រឹត្ដបទល្មើសផ្ទុយពីគោលការណ៍ សច្ចធម៌ និងគុណធម៌ ៕

អត្ថបទដែលជាប់ទាក់ទង