Banner KNP Detail Top

ប្រឈមជាប់ពន្ធនាគារមួយជីវិត! តុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួនស្ដ្រីដែលជួលឃាតកសម្លាប់ប្ដី និងជនជាឃាតក ដាក់ពន្ធនាគារ ក្រោមបទចោទ «ឃាតកម្មគិតទុកជាមុន»

ប្រឈមជាប់ពន្ធនាគារមួយជីវិត! តុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួនស្ដ្រីដែលជួលឃាតកសម្លាប់ប្ដី និងជនជាឃាតក ដាក់ពន្ធនាគារ ក្រោមបទចោទ «ឃាតកម្មគិតទុកជាមុន»

(កណ្ដាល)៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ចៅក្រមស៉ើបសួរនៃសាលាដំបូងខេត្តកណ្ដាល លោក អឿង វណ្ណា បានសម្រេចឃុំខ្លួនដាក់ក្នុងពន្ធនាគារបណ្ដោះអាសន្នទៅលើស្ដ្រីដែលជួលឃាតកសម្លាប់ប្ដី ក្នុងតម្លៃ១,០០០ដុល្លារ និងជនជាឃាតកស៉ីឈ្នួល ក្រោយការចោទប្រកាន់ពីតំណាងអយ្យការលោក ខា ដែនណា។
លោក ខា ដែនណា អ្នកនាំពាក្យអយ្យកាអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារ ឲ្យដឹងថាថា ស្ដ្រីជាប្រពន្ធជនរងគ្រោះ និងជនដៃដល់ ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោមបទចោទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។
មាត្រា២០០ នៃក្រមព្រហ្មទណ្ឌ «បទឃាតកម្មគិតទុកជាមុន» ឃាតកម្មគិតទុកជាមុន គឺអំពើសម្លាប់មនុស្សដោយគិតទុកជាមុន ឬដោយការពួនស្នាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពើបៀតបៀន ទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ការពួនស្នាក់ជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយៈពេលមួយរយៈ ដើម្បីប្រព្រឹត្តអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ឃាតកម្មគិតទុកជាមុនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
សូមជម្រាបថា ស្ដ្រីឈ្មោះ សាន់ ធីតា ជាភរិយាបានរៀបចំផែនការ ជួលឃាតកក្នុងតម្លៃ១,០០០ដុល្លារ ដើម្បីបញ្ចប់ជីវិតប្ដីខ្លួនឯង រួចយកសពទៅបោះចោលក្នុងប្រឡាយ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ រំលងបានប៉ុន្មានថ្ងៃ ជនជាប្រពន្ធ និងឃាតកស៉ីឈ្នួល ត្រូវបានកម្លាំងនគរបាលរួមដៃគ្នារវាង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នគរបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ស្រាវជ្រាវឈានដល់ការបង្ក្រាបបាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។
តាមចម្លើយសារភាពរបស់ឈ្មោះ សាន់ ធីតា (ប្រពន្ធជនរងគ្រោះ) បានឆ្លើយសារភាពថា ខ្លួនបានរៀបគម្រោងដើម្បីសម្លាប់ប្តីរបស់ខ្លួន ដោយជួលឈ្មោះ ធួក រ៉ាវី ហៅ ជា អាយុ៣៣ឆ្នាំ មុខរបរបើកឡានក្រឡុកសុីម៉ង់ មានទីលំនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងតម្លៃ១,០០០ដុល្លារ ក្រោយពីរៀបចំគម្រោងរួចលុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៦៖០០ល្ងាចនាទី ខ្លួនបានឲ្យឈ្មោះ ធួក រ៉ាវី ហៅជា មកពួននៅក្នុងផ្ទះរបស់ខ្លួន។
មូលហេតុ នៃការរៀបចំគម្រោងសម្លាប់ប្ដី តាមការបញ្ជាក់របស់ប្រពន្ធឈ្មោះ សាន់ ធីតា បានឲ្យដឹងថា៖ ប្ដីរបស់ខ្លួនឈ្មោះ ខឹម ផល្លី ដើរលេងចោលផ្ទះពីរ ឬបីថ្ងៃទើបមកផ្ទះម្ដង ពេលមកដល់យប់ជ្រៅរករឿងវ៉ៃប្រពន្ធរហូត ហេតុដូចនេះហើយក៏ជួលគេ១,០០០ដុល្លារ ឲ្យសម្លាប់ប្ដី។
សូមរំលឹកថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដើម្បីស្រាវជ្រាវចាប់ខ្លួនជនដៃដល់៕

អត្ថបទដែលជាប់ទាក់ទង