Banner KNP Detail Top

ល្បិចថ្មី ពួកឧក្រិដ្ឋជនល្បួងបោកបញ្ឆោតឱ្យកូនសិស្សជនជាតិចិនម្នាក់ ស៊ីញ៉េលើលិខិតខ្ចីប្រាក់ រួចហើយជំរិតទារប្រាក់ពីសាច់ញាតិ

ល្បិចថ្មី ពួកឧក្រិដ្ឋជនល្បួងបោកបញ្ឆោតឱ្យកូនសិស្សជនជាតិចិនម្នាក់ ស៊ីញ៉េលើលិខិតខ្ចីប្រាក់ រួចហើយជំរិតទារប្រាក់ពីសាច់ញាតិ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជួយអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា


រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹងអន្តរាគមន៍តាមរយៈប្រពន្ធទូរស័ព្ទ GDI Hotline ពីជនជាតិចិនម្នាក់ ឈ្មោះ XIA LINFAN ភេទប្រុស ត្រូវជាឪពុករបស់ជនរងគ្រោះ ឈ្មោះ XIA TIAN ភេទប្រុស ជាសិស្សកំពុងសិក្សានៅប្រទេសអូស្ត្រាលី ដែលសិស្សរូបនេះ ត្រូវបានក្រុមឧក្រិដ្ឋជនល្បួងហៅមកចាប់ជំរិតក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជួយអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា។

តាមដំណើររឿង បានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ XIA TIAN ភេទប្រុស ជាសិស្សកំពុងសិក្សានៅប្រទេសអូស្ត្រាលី ដែលសិស្សរូបនេះ ត្រូវបានក្រុមឧក្រិដ្ឋជនចាប់ជំរិត បានបោកបញ្ឆោតឱ្យធ្វើដំណើរមកប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ហើយបង្ខំឱ្យធ្វើលិខិតខ្ចីប្រាក់ ដើម្បីជំរិតទារប្រាក់ពីសាច់ញាតិជនរងគ្រោះ ចំនួន ២,៣៤៤,០០០យន់ (ពីរលានសាមសិបបួនម៉ឺនបួនពាន់យន់,លុយចិន) ប្រហែល ៣៣ម៉ឺនដុល្លាអាមេរិក។

បន្ទាប់ពីដឹងសាច់រឿងនេះ ឪពុករបស់ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងផ្ទាល់នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១១:៥០នាទីថ្ងៃត្រង់ ដើម្បីស្នើសុំជួយអន្តរាគមន៍។ ក្រោយពីធ្វើការស្រាវជ្រាវ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានស្វែងរកឃើញជនរងគ្រោះ នៅវេលាម៉ោង ១៥:០០នាទីរសៀល នាថ្ងៃដដែល នៅសណ្ឋាគារបាលី ស្ថិតនៅបន្ទប់លេខ ៣៣៧ នៃសណ្ឋាគារ Bali Hotel ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានពិនិត្យឃើញមានបង់រុំរបួសប្រឡាក់ពណ៌ក្រហម (សង្ស័យសម្តែង) បន្ទាប់មកបានអញ្ជើញជនរងគ្រោះមកធ្វើការសាកសួរបន្ត នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

យោងតាមការសាកសួរ ជនរងគ្រោះបានប្រាប់ថា ខ្លួនត្រូវបានគេបោកបញ្ឆោត ឲ្យថតរូបសម្តែងធ្វើទារុណកម្ម ក្នុងរូបភាពជម្រិតទារប្រាក់ ដើម្បីទារប្រាក់ពីឪពុកម្តាយនៅប្រទេសចិន ប៉ុន្តែមិនមានការប្រើហិង្សា ឬទារុណកម្មដើម្បីជំរិតទារប្រាក់នោះទេ។ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមអំពាវនាវដល់ជនបរទេសទាំងអស់ កុំឲ្យមានការយល់ច្រលំថា ព្រះរាជាណាចក្រកម្ពុជាជាគោលដៅក្នុងការរត់ពន្ធមនុស្ស ឬចាប់ជំរិត និងសូមកុំយកព្រះរាជាណាចក្រកម្ពុជាធ្វើជាទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសដោយលួចលាក់ ឬអំពើណាមួយដែលធ្វើឱ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង