Banner KNP Detail Top

ក្រុមហាម៉ាស់ បានបម្រុងទុកគ្រាប់រ៉ុកកែតជាច្រើន បាញ់ចូលទឹកដីអ៊ីស្រាអែល នៅយប់ខោនដោន (countdown) ឆ្លងចូលឆ្នាំ២០២៤នេះ

ក្រុមហាម៉ាស់ បានបម្រុងទុកគ្រាប់រ៉ុកកែតជាច្រើន បាញ់ចូលទឹកដីអ៊ីស្រាអែល នៅយប់ខោនដោន (countdown) ឆ្លងចូលឆ្នាំ២០២៤នេះ


យេរូសាឡឹម៖ នៅយប់ខោនដោន (countdown) ឆ្លងចូលឆ្នាំ២០២៤នេះ ក្រុមហាម៉ាស់បានបម្រុងទុកគ្រាប់រ៉ុកកែតជាច្រើនសម្រាប់បាញ់ចូលទឹកដីអ៊ីស្រាអែល។ គ្រាន់តែនាឡិកាបន្លឺម៉ោង១២ពាក់កណ្ដាលអាធ្រាត្រភ្លាម ពួកគេក៏សម្រុកបាញ់រ៉ុកកែតដូចដែលធ្លាប់ធ្វើកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ដូច្នោះដែរ។ មិនបង្អង់យូរ អ៊ីស្រាអែលក៏ចាត់វិធានការវាយបកវិញវិញដោយបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកទៅលើទីតាំងរបស់ហាម៉ាស់នៅហ្កាហ្សា បណ្ដាលឱ្យស្លាប់មនុស្សរាប់សិបនាក់។

គេស្ដាប់ឮសំឡេងស៊ីរ៉ែនប្រកាសអាសន្នស្រែកកងរំពងពាសពេញប្រទេសអ៊ីស្រាអែល។ នៅទីក្រុងតែឡាវីវ ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែលមានការងារធ្វើច្រើនណាស់កាលពីយប់មិញព្រោះត្រូវតាមបាញ់ទម្លាក់គ្រាប់រ៉ុកកែតដែលហោះចេញពីដែនដីហ្កាហ្សាជាបន្តបន្ទាប់។ ប៉ុន្តែអ្នកខ្លះនៅតែសប្បាយនឹងការឆ្លងឆ្នាំដោយសុខចិត្តប្រថុយនឹងគ្រោះថ្នាក់។

កងសេនាធិការរបស់ហាម៉ាស់ប្រកាសថាខ្លួនជាអ្នកបាញ់រ៉ុកកែតចូលទឹកដីអ៊ីស្រាអែលកាលពីយប់មិញដើម្បីជាការសងសឹកទៅលើអ៊ីស្រាអែលដែលបន្តវាយប្រហារ សម្លាប់ជនស៊ីវិលជារៀងរាល់ថ្ងៃ។ អ៊ីស្រាអែលទទួលស្គាល់ថាពិតជាមានការបាញ់គ្រាប់រ៉ុកកែតមែន។ ប៉ុន្តែអ៊ីស្រាអែលមិនទាន់បូកសរុបការខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិតរបស់មនុស្សនៅឡើយទេ។

ជនជាតិអ៊ីស្រាអែលខ្លះប្រាប់ថាខ្លួនគ្មានអារម្មណ៍រៀបចំពិធីខោនដោនអ្វីទេព្រោះមិត្តភក្តិរបស់ខ្លួនទើបតែស្លាប់កាលពីប៉ុន្មានខែមុនដោយសារការវាយប្រហាររបស់ក្រុមហាម៉ាស់។ ដូច្នេះ បើខ្លួនអាល័យតែរាំច្រៀងគគ្រឹកគគ្រេងពេកទៅ វាហាក់ដូចជាការសប្បាយនៅលើគំនរទុក្ខអ្នកដទៃ។ ក្រឡេកទៅមើលទិដ្ឋភាពនៅតំបន់ហ្កាហ្សាកាលពីយប់មិញ។ បើអ៊ីស្រាអែលរងការបាញ់ប្រហារដោយរ៉ុកកែតដល់ថ្នាក់នេះ ពួកគេក៏មិនទុកឱ្យអ្នករស់នៅហ្កាហ្សាបានសុខដែរ។ អ៊ីស្រាអែលទម្លាក់គ្រាប់បែកទៅលើទីតាំងរបស់ហាម៉ាស់ ហើយសម្លាប់ដោយទាំងជនស៊ីវិល២៤នាក់។ នេះបើតាមក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា។

សង្គ្រាមនេះមិនទាន់មានសញ្ញាថានឹងបញ្ចប់នៅពេលណាទេ ទោះបីភាគីជម្លោះទាំងពីរកំពុងចរចាគ្នាដោយប្រយោលទៅតាម «យុទ្ធសាស្ត្រវាយផង ចរចាផង»។ រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់នៅហ្កាហ្សាកើនឡើងដល់២១៨២២នាក់។ ចំណែកទាហានអ៊ីស្រាអែលស្លាប់១៧២នាក់នៅក្នុងយុទ្ធនាការបោសសម្អាតរយៈពេលប៉ុន្មានខែនេះ។ ជិតដាច់ឆ្នាំ២០២៣ ប្រមុខដឹកនាំអ៊ីស្រាអែល លោកណឺតាន់យ៉ាហ៊ូ ឆ្លៀតនិយាយព្រមានថាសង្គ្រាមនឹងអូសបន្លាយជាច្រើនខែទៅមុខទៀតរហូតដល់ក្រុមហាម៉ាស់ត្រូវបានបោសសម្អាតទាំងស្រុង ហើយចំណាប់ខ្មាំងទាំងអស់អាចវិលត្រឡប់មកវិញដោយសុវត្ថិភាព។

សង្ឃឹមថាឆ្នាំ២០២៤ នឹងបានប្រសើរជាងមុន
អង្គការសហប្រជាជាតិថ្លែងថាអ្នករស់នៅតំបន់ហ្កាហ្សារហូតដល់៨៥%ដែលបាត់បង់ទីជម្រក ឬត្រូវតែបង្ខំចិត្តចាកចោលលំនៅដ្ឋានរបស់ខ្លួន។ ជនស៊ីវិលប៉ាឡេស្ទីនខ្លះសង្ឃឹមថាឆ្នាំ២០២៤នេះ អ្វីៗនឹងបានល្អប្រសើរជាងមុន។ ជារៀងរាល់ឆ្នាំនៅពេលថ្ងៃឆ្លងឆ្នាំម្ដងៗ ពួកគេមានឱកាសជួបជុំគ្នារៀបចំពិធីអបអរសាទរយ៉ាងសប្បាយរីករាយ។ ប៉ុន្តែឆ្នាំនេះហាក់ដូចជាសោះកក្រោះខ្លាំងមែនទែន។ គ្រប់ទីកន្លែងឃើញតែសាកសពមនុស្ស និងគ្រាប់មីស៊ីល។ អ្នកខ្លះរត់ចោលផ្ទះសម្បែងរហូតដល់៥ដងកាលពីឆ្នាំ២០២៣។ សូម្បីតែសព្វថ្ងៃនេះក៏ដោយ ពួកគេរស់នៅដូចសត្វធាតុ។ ពួកគេនឹកសង្ឃឹមថាអ្វីៗនឹងបានប្រសើរឡើងឆាប់ៗនេះ៕

អត្ថបទដែលជាប់ទាក់ទង