Banner KNP Detail Top

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បាននាំយកអំណោយមនុស្សធម៌

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បាននាំយកអំណោយមនុស្សធម៌


ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បាននាំយកអំណោយមនុស្សធម៌ មានដូចជា មី អង្ករ ប្រេងឆា របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋ ចំនួន ២.២២៥ គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅតាមសណ្ដស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ ស្ថិតនៅក្នុងបរិវេណវត្តកំពង់ក្តុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។
ប្រជាពលរដ្ឋជាង ២.០០០ គ្រួសារ ដែលរងគ្រោះដោយជំនន់ ទឹកភ្លៀង នៅតាមសណ្តរស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ បានទទួលអំណោយមនុស្សធម៌ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយ ដោះស្រាយជីវភាព និងទុក្ខលំបាក របស់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ ។


លោក ឃួង ស្រេង បានមានប្រសាសន៍ថា អំណោយដែលបានប្រគល់ជូន នាពេលនេះ គឺជាទឹកចិត្តរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមើលឃើញពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែក ជួយសម្រាល ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេស នេះជាការផ្តល់អាហារ ទាន់ពេលវេលា ដែលសម្ដេចតេជោ តែងតែណែនាំទៅ ដល់គ្រប់អាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាក្រសួង មន្ទីរពាក់ព័ន្ធ គឺត្រូវអនុវត្តឱ្យបាន ទីណាមានទុក្ខលំបាក ទីនោះមានសម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទីណាមានប្រជាពលរដ្ឋ ខ្វះស្បៀងអាហារ អាជ្ញាធរ ត្រូវផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យនរណាម្នាក់ ស្លាប់ដោយអត់បាយនោះឡើយ គឺត្រូវគាំពារ និងការពារ ទៅលើជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ។
លោកបានបញ្ជាក់ថា សម្តេចតេជោ តែងផ្តាំថា ទោះជាមានឧបសគ្គ ឬឧបទ្ទវហេតុ អ្វីកើតឡើងក៏ដោយ ត្រូវការពារអាយុជីវិតប្រជាពលរដ្ឋ ឱ្យខាងតែបាន បន្ទាប់ពីនេះ ត្រូវផ្តល់ស្បៀងអាហារ ឱ្យបានទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋ ដើម្បីការពារដល់ អាយុជីវិតប្រជាពលរដ្ឋ បន្តទៅទៀត ។ នេះជាកិច្ចការងារទីមួយ របស់អាជ្ញាធរដែនដី ដែលត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដូច្នេះគោលការណ៍នេះ យើងខ្ញុំដែលជាអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ នេះហើយគឺជាសិទ្ធិសេរីភាព របស់បងប្អូនប្រជាពលរដ្ឋ គឺសិទ្ធិរស់រានមានជីវិត បងប្អូនមានសិទ្ធិសម្ដែងមតិ មានសិទ្ធិធ្វើកិច្ចការអ្វីៗ សព្វបែបយ៉ាងបន្តទៅទៀត ។
លោក ក៏បានមានប្រសាសន៍ ណែនាំដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត អាចទៅ មន្ទីរបក្ស សង្កាត់ ខណ្ឌ ឬរាជធានីភ្នំពេញ ដោយកន្លែងទាំងនេះ មានស្បៀងបម្រុងទុក សម្រាប់ជួយដោះស្រាយ ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដោយមិនទុកនរណា ម្នាក់ ស្លាប់ដោយអត់បាយនោះទេ ។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់ នៅតាមសណ្តរស្ទឹងព្រែកត្នោត បើទោះបីទឹកស្រកហើយក៏ដោយ ក៏ត្រូវបង្កើនការថែរក្សា អនាម័យសុខភាព និងការពារសុវត្ថិភាពរបស់ក្រុមគ្រួសារ ឱ្យបានខ្ជាប់ខ្ជួនដោយកុំឱ្យ ក្មេងតូចៗ លេងទឹក ដែលអាចបង្កគ្រោះថ្នាក់ ជាយថាហេតុណាមួយ កើតឡើង។
សូមបញ្ជាក់ថា ទឹកស្ទឹងព្រែកត្នោត បានចាប់ផ្ដើមឡើងខ្លាំង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលា យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែឡើងយ៉ាងគំហុកពេញច្រាំង និងហៀរចូលលិចលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នង ហើយបានស្រកលឿនទៅវិញ ជាបណ្តើរៗ៕

អត្ថបទដែលជាប់ទាក់ទង