Banner KNP Detail Top

ក្រុមប្រឹក្សា ស្រុកកៀនស្វាយ សង្ស័យជាអ្នកបើកបររថយន្តម៉ាក Lexus 350 បានចូលខ្លួនមកបំភ្លឺ

ក្រុមប្រឹក្សា ស្រុកកៀនស្វាយ សង្ស័យជាអ្នកបើកបររថយន្តម៉ាក Lexus 350 បានចូលខ្លួនមកបំភ្លឺនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ហើយ

ភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ ពិសិដ្ឋ រតនា អាយុ៣១ឆ្នាំ មុខរបរ ប្រធានការិយាល័យលេខាក្រុមប្រឹក្សា ស្រុកកៀនស្វាយ សង្ស័យជាអ្នកបើកបររថយន្តម៉ាក Lexus 350 ពណ៌ស ពាក់ផ្លាកលេខ នប 0393 នៅ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានចូលខ្លួនមកបំភ្លឺនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនោះហើយ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏សូមអរគុណចំពោះបុរសនេះដែលបានចូលខ្លួនមកកន្លែងសមត្ថកិច្ចដើម្បីបំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
សូមបញ្ជាក់ថា កាលវេលាម៉ោង២១និង៤០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចបុរីហាយធិចចំប៉ាក្បាលកោះ លើផ្លូវលេខជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រវាងរថយន្តម៉ាក Lexus 350 ពណ៌ស ពាក់ផ្លាកលេខ នប 0393 និងរថយន្តម៉ាក Toyota Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BN-7915។


ហេតុការណ៍នេះបណ្តាលឱ្យរថយន្តទាំង២គ្រឿងខូចខាតធ្ងន់ ក្នុងនោះភាគីរថយន្តម៉ាក Lexus ជិះក្នុងរថយន្ត៥នាក់ ប្រុស៣នាក់ ស្រី២នាក់ បណ្តាលឱ្យ ស្លាប់ ០២នាក់ប្រុស ចំណែកស្រី០២នាក់ របួសធ្ងន់ និងស្រាល ចំនួន១នាក់ ប្រុស ហើយអ្នកដែលរបួសស្រាលប្រុសនេះ សង្ស័យជាអ្នកបើកបររថយន្ត Lexus ដែលមានឈ្មោះដូចខាងលើ។


ហេតុការណ៍នេះអ្នកបើករថយន្តម៉ាក Toyota Camry មិនបានគេចខ្លួននោះទេ ហើយបន្ទាប់មកត្រូវបានសមត្ថកិច្ចជំនាញនាំអ្នកបើកបររថយន្តម៉ាក Toyota Camry មកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។ ក្នុងនោះសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង